Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីថ្ងៃទី ៥ – ៩ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីស្ថានភាពអាកាសធាតុ គឺចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ស្ថានភាពអាកាសធាតុជាទូទៅ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ។ នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធសម្ពាធទាបរួមជាមួយនឹងសម្ពាធទាប នឹងរំកិលចុះមកក្រោមអូសបន្លាយនឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ស្ថានភាពអាកាសធាតុជាទូទៅ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្ត ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្រ្តាក់ ដែលអាចបង្កឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍ ៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹងសែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុកជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ ៤ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ ) ។

ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែល អាចធ្វើឲ្យទឹកទន្លេ មានការងើបឡើងវិញ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×