ការក្រោធខឹងនៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសឹនការក្រោធខឹងនោះវារលាយបាត់ទៅវិញជាមួយនឹងខ្យល់ដង្ហើម តែបើការក្រោធខឹង បង្កឱ្យកើតអារម្មណ៍គ្រោតគ្រាត តានតឹង ប្រមូលសន្សំនៅក្នុងគំនិតយ៉ាងឥតឈប់ឈរនោះ វានឹងបង្កឱ្យកើតបច្ច័យប្រឈមនឹងអាការឈឺក្បាលបាន។
តាមរយៈការសឹក្សាស្រាវជ្រាវ របស់អ្នកជំនាញការជនជាតិអាមេរិក ទៅលើមនុស្សពេញវ័យចំនួនជាង ៤ ២០០នាក់ បានរកឃើញថា ភាពខឹងក្រេវក្រោធ ជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូននៃភាពថុញថប់តានតឹង ចេញមកច្រើនជ្រុលពេក បេះដូងដើរកាន់តែលឿនឡើង សម្ពាធឈាមស្ទុះឡើងខ្ពស់ ហើយរាងកាយក៏នឹងមានប្រតិកម្មតបស្នង ដូចជា កើតការឈឺក្បាល ជាដើម។ ដូច្នេះហើយទើប លោកវេជ្ជបណ្ឌឹត Robert Nicolson (រ៉ូប៊ើត នីខូលសុន) អ្នកជំនាញការផ្នែកគ្រួសារ និងសង្គម របស់មហាវិទ្យាល័យ សេនត៍ លុយស៍ (Saint Louis University) មានដំបូន្មានក្នុងការការពារអាការឈឺក្បាលដូចខាងក្រោមនេះ៖
-រម្ងាប់កំហឹងភ្លាមៗ
ចូរដកដង្ហើមចូល-ចេញវែងៗ ៣ដង នឹងជួយបំបាត់ភាពតានតឹងធុញថប់បាន
-រម្ងាប់ភាពក្រេវក្រោធខឹងគុំកួន
ចូរផ្លាស់ប្តូរទីកន្លែងភ្លាម ឬដើរចេញទៅកន្លែងផ្សេងបើអាចទៅរួច និងប្រើការនឹកគិត ដោយការសាងការស្រមៃថា អ្នកកំពុងតែរត់ឡើងហត់ដង្ហក់
-និយាយមិនចេញ ប្រាប់មិនកើត
ឧបមាថា អ្នកកំពុងតែខឹងលោកប្រធានរបស់អ្នក និងអ្នកមិនអាចនិយាយចេញមកតាមការគិតបាន តែ កុំភ្លេចថា អ្នកអាចនិយាយឱ្យអ្នកឯទៀតស្តាប់បាន ដូចជា សង្សារ ឬមិត្តជិតស្និទ្ធ មនុស្សក្នុងគ្រួសារជាដើម ព្រោះវានឹងជួយរំលាយអារម្មណ៍អវិជ្ជមាននោះបាន
-កុំគិតច្រើន
ចូរសួរខ្លួនឯងថា ហេតុអីបានខឹង? អ្នកណាធ្វើឱ្យខឹង? ឬមានមូលហេតុមកពីស្ថានការណ៍ណាមួយ ឬក៏អត់? ទាំងអស់នេះ ការគិតសាចុះសាឡើងច្រើនដង នឹងជួយឱ្យខួរក្បាលភ្លឺថ្លាឡើង។
-កុំគិតតែរឿងដដែលៗ
កុំរវល់តែគិតវិលវល់ក្នុងរឿងចាស់ដដែលៗ ដែលអ្នកមិនអាចគ្រប់គ្រងវាបាន។ អ្វីដែលអាចធ្វើបាននោះគឺ អ្នកគួរផ្លាស់ប្តូរខ្លួនឯង មិនមែនបង្ខំឱ្យអ្នកដទៃផ្លាស់ប្ដូរទេ និងគួរចៀសវាងពីការគិតដែលថា គេខុស ខ្ញុំត្រូវ ខ្ញុំជាអ្នករងគ្រោះ ឬគេជាអ្នកបំពាន ព្រោះរឿងមួយចំនួន វាអាចមានអាក្រក់-ល្អ ស-ខ្មៅ លាយឡំចូលគ្នា រហូតក្លាយជាពណ៌ប្រផេះបាន(ខុសទាំង ២នាក់)។ ចូរគិតដល់មនុស្ស និងរឿងណាដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងមានសេចក្តីសុខ ព្រោះវាអាចជួយឱ្យយើងមានអារម្មណ៍ធូរស្រាល និងរីករាយឡើងវិញបាន។
-យកឈ្នះភាពគុំកួន
អ្នកគួររៀនយល់ដឹងពីការអត់ទោស ទោះជាវាពិបាកខ្លាំងក្លាយ៉ាងណា ឬប៉ុនណាក៏ដោយ ព្រោះវាជាវិធីដែលល្អបំផុត ដើម្បីឱ្យអ្នកអាចយកឈ្នះការក្រេវក្រោធ ដែលនឹងកើតឡើងនៅពេលអនាគតបាន៕