ក្រោយពេលឈប់ធ្វើការ តើមានណាត់ជាមួយអ្នកណា នៅទីណាដែរឬទេ? ព្រោះមុនងើបចេញពីតុធ្វើការ ឃើញខំប្រឹងតែងមុខ តែងមាត់ រៀបចំខ្លួនយ៉ាងស្អាត តែពេលចេញទៅ បែរជាជួបនឹងបងភិរុណ ដែលបង្អុរចុះមកពីលើមេឃទៅវិញ។ ហ៊ឹស! ឱ្យតែដល់ម៉ោងចេញធ្វើការពឹប ភ្លៀងធ្លាក់មកប្រាវ! ធ្វើឱ្យត្រូវទទឹកភ្លៀងជោក និងស្រួលមិនស្រួលកើតជំងឺផ្ដាសាយទៀតផង…ដូច្នេះ តើយើងត្រូវមើលថែទាំខ្លួនយ៉ាងណា ក្រោយពេលទទឹកទឹកភ្លៀង ដើម្បីកុំឱ្យជំងឺតម្កាត់សួររកមុខ?
១.ប្រញាប់ដោះសម្លៀកបំពាក់ ដែលទទឹកទឹកភ្លៀងនោះ ចេញភ្លាម
រាងកាយដែលរងាញ័រញាក់ពីការទទឹកទឹកភ្លៀងដែលត្រជាក់ស្រេបនោះ ក្រោយពីត្រឡប់មកដល់ផ្ទះ គួរប្រញាប់ដោះសម្លៀកបំពាក់ដែលសើមជោកនោះចេញ ព្រោះទុកយូរ អាចនឹងធ្វើឱ្យយើងកើតផ្ដាសាយ និងអាចកើតមានមេរោគផ្សិត ដោយសារការផ្អាប់របស់សម្លៀកបំពាក់ ដែលទទឹកទឹកភ្លៀងយូរ ដូច្នេះគួរតែរក្សាថែទាំ ដោយការប្រញាប់ដាក់បោកគក់សម្អាតភ្លាមៗដែរ។
២.ងូតទឹក កក់សក់ ដើម្បីជម្រះរាងកាយ ពីវត្ថុកខ្វក់ដែលអាចជាប់មកជាមួយទឹកភ្លៀង
ទឹកភ្លៀងដែលមកប៉ះនឹងរាងកាយយើង ក្រៅពីត្រជាក់ហើយ អាចនឹងមានវត្ថុកខ្វក់លាយឡូកឡំមកជាមួយផងដែរ ដូច្នេះក្រោយពីទទឹកភ្លៀងហើយ គួរប្រញាប់កក់សក់ និងងូតទឹក ដើម្បីសម្អាតរាងកាយ ដោយអាចនឹងងូតទឹកក្ដៅឧណ្ហៗ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់រាងកាយឡើងវិញ និងខណៈពេលងូតទឹក គួរប្រើសាប៊ូដុសសម្អាតជើង(ជាពិសេសត្រឹមជង្គង់ចុះក្រោម)ឱ្យបានស្អាតជាពិសេស ដើម្បីកម្ចាត់មេរោគ ឬវត្ថុកខ្វក់ ដែលជាប់មកជាមួយទឹក ដែលដក់ខណៈពេលភ្លៀង។
៣.ធ្វើឱ្យរាងកាយស្ងួត មិនទទឹកសើម
ក្រោយពីងូតទឹករួច ជូរប្រញាប់ជូតសក់ក្បាល និងរាងកាយឱ្យស្ងួត កុំឱ្យទទឹកសើមខ្លួនយូរ រួចប្រញាប់ស្លៀកសម្លៀកបំពាក់ថ្មី ដើម្បីធ្វើឱ្យរាងកាយមានអារម្មណ៍កក់ក្ដៅជាប់ជានិច្ច។
៤.ធ្វើឱ្យរាងកាយកក់ក្ដៅ
តាមរយៈការដើរហាលភ្លៀង អាចធ្វើឱ្យរាងកាយ បានទទួលភាពត្រជាក់ខ្លាំងហួសហេតុ ដូច្នេះគួរប្រញាប់ធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយកក់ក្ដៅឡើងវិញ ដូចជា ការញ៉ាំទឹកខ្ញីក្ដៅឧណ្ហៗ ១កែវ ដើម្បីធ្វើឱ្យរាងកាយមានអារម្មណ៍ធូរស្រាល និងឃ្លាតចាកឆ្ងាយពីអាការគ្រុនផ្ដាសាយ។
៥.គេងសម្រាក និងលក់ឱ្យបានគ្រប់គ្រាន់
បន្ទាប់ពីនឿយហត់ពីការដើរកាត់ខ្យល់ កាត់ភ្លៀង ដើម្បីមកដល់កន្លែងស្នាក់នៅ ដើម្បីឱ្យរាងកាយរឹងប៉ឹងឡើងវិញ និងត្រៀមជាស្រេចសម្រាប់ការចាប់ផ្ដើមជីវិតនៅថ្ងៃបន្ទាប់ទៀតនោះ អ្នកគួរប្រញាប់គេងសម្រាកឱ្យបានគ្រប់គ្រាន់។
៦.ដាក់ឆត្រ ឬអាវភ្លៀងតាមខ្លួន
ក្នុងអំឡុងរដូវភ្លៀង ដែលអាចនឹងជួបជាមួយបងភិរុណក្នុងអំឡុងពេលក្រោយម៉ោងចប់ពីការងារក្នុង ១ថ្ងៃៗនោះ អ្នកគួរតែដាក់ឆត្រ ឬអាវភ្លៀងតូចមួយជាប់ខ្លួន ឬដាក់(ឆត្របត់)នៅក្នុងកាបូបយួរ ដើម្បីត្រៀមជាស្រេចក្នុងការទប់ទល់នឹងតំណក់ទឹកភ្លៀង ដែលអាចនឹងបង្អុរចុះមកដោយមិនបានណាត់ទុកជាមុន។
ទឹកភ្លៀងដែលធ្លាក់មកពីលើមេឃ អាចធ្វើឱ្យគ្រប់គ្នាទទឹកខ្លួនប្រាណ និងរងាញ័រញាក់ ដូច្នេះវិធីការមើលថែទាំខ្លួនក្រោយពេលទទឹកភ្លៀង គឺជាវិធី ១ទៀតដែលធ្វើឱ្យអ្នកឃ្លាតចាកឆ្ងាយពីជំងឺគ្រុនផ្ដាសាយ ដែលអាចនឹងមកជាមួយទឹកភ្លៀងបាន(ក្រៅពីសម្រាប់មើលថែទាំខ្លួនឯងហើយ អ្នកអាចសាកល្បងនាំយកវិធីនេះ ទៅប្រើជាមួយមនុស្សដែលអង្គុយក្បែរអ្នក ដើម្បីជួយបន្ថែមភាពកក់ក្ដៅក្នុងរដូវភ្លៀងដ៏ត្រជាក់បានទៀតផង ធានាថា ច្បាស់ជាកាន់តែកក់ក្ដៅឡើងមិនខាន)៕