Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ វិធីយល់ពីចិត្តអ្នកដទៃ ដោយការសម្លឹងពីខ្លួនឯង ឱ្យតិចបំផុត

មនុស្សជាច្រើន អាចនឹងមានចរិតនិស្ស័យអត្មានិយម គិតតែពីខ្លួនឯង សម្លឹងមើលតែអ្វីដែលនៅជិតៗខ្លួន ដូចជាអារម្មណ៍របស់ខ្លួនឯង ការខាតបង់របស់ខ្លួនឯង តម្រូវការរបស់ខ្លួនឯង ហើយបន្ទាប់ពីនោះ ក៏បញ្ចេញនូវទង្វើផ្សេងៗ ដែលតបស្នងនឹងរឿងផ្សេងៗទាំងនោះ ដូចជាសម្តែងចេញមកដោយការយកខ្លួនឯងជាធំ ជាគោល ដែលមកដល់ពេលនោះ ការយល់ពីអ្នកដទៃ ក៏លែងកើតមានដែរ។

មនុស្សយើង ច្រើនតែធ្លាក់ទៅក្នុងស្ថានការណ៍បែបនោះដោយមិនដឹងខ្លួន ជួនកាលក៏អាចហុចផលឱ្យយើងកាត់ក្តីអ្នកដទៃ ដោយអារម្មណ៍របស់យើងខ្លួនឯង យល់តែពីខ្លួនឯង គិតតែពីខ្លួនឯង ទើបគ្មានភាពយល់់ចិត្តយល់ថ្លើម នៅសល់ឱ្យអ្នកដទៃឡើយ។

តើមិត្តទាំងអស់គ្នាធ្លាប់ទេ នៅពេលដែលយើងសម្តែងកាយវិការអ្វីមួយ បែបតក់ក្រហល់ចេញទៅដោយអារម្មណ៍ឆាបឈួល ក្រោធខឹងមួយវឹបនោះ ពេលនោះយើងអាចនឹងសប្បាយចិត្ត ដែលបានទម្លាយវាចេញមក តែ នៅពេលដែលព្យុះអារម្មណ៍ទាំងនោះ ស្ងប់ទៅវិញហើយ បើយើងសាកល្បងបែរទៅពិនិត្យមើលពីភាពខូចខាតដែលបានកើតឡើងវិញ យើងអាចនឹងនឹកសោកស្តាយ ចំពោះអ្វីដែលយើងបានធ្វើទៅហើយនោះ ក៏អាចថាបានដែរ។ ដូច្នេះបើសិនជានៅកើតមានអារម្មណ៍សោកស្តាយ យ៉ាងហោចណាស់ក៏វាមានន័យថា នៅមិនទាន់ហួសពេលដែរ ព្រោះយើងនៅមានអារម្មណ៍ដឹងខ្លួននៅឡើយ តែបើនៅតែឆ្ងាញ់ដៃនឹងភាពខូចខាត ដែលខ្លួនឯងបានធ្វើវិញនោះ ហ្នឹងវាប្រហែលជារឿងមួយ គួរឱ្យបារម្ភខ្លាំងណាស់…។

ការប្រើអារម្មណ៍ មិនមែនជាមធ្យោបាយសម្រាប់ការកែបញ្ហាដែលត្រឹមត្រូវនោះទេ សតិស្មារតីទៅវិញទេ ដែលគួរតែដឹកនាំអារម្មណ៍ក្នុងការដោះស្រាយបញ្ហាហើយរឿងតមកទៀត គឺការយល់ដឹងពីបញ្ហា និងការកែបញ្ហា ដែលត្រូវតែកើតចេញពីការយល់ដឹង និងស្គាល់ពីអ្នកដទៃឱ្យបានច្រើន និងកាន់ជើងខ្លួនឯងឱ្យតិចបំផុត។

ជួនកាល បើសិនជាយើងតាំងសតិស្មារតីបានតែមួយភ្លែត វាអាចនឹងធ្វើឱ្យអ្វីៗប្រែប្រួល ទៅបែបផ្សេងមួយទៀត ក៏អាចថាបានដែរ ដូច្នេះចូរ សាកល្បងសម្លឹងមើលឱ្យធំទូលាយ កុំសម្លឹងមើលតែពីខ្លួនឯងខ្លាំងពេក៕

×