Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ ឆ្អឹងស្លាក់ជាប់ក្នុងបំពង់ក គួរធ្វើយ៉ាងណាពេលជួបបញ្ហានេះ?

យើងជឿថា អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបហើយ ជាមួយអាការឆ្អឹងត្រីដោតជាប់នៅក្នុងបំពង់ក ដោយសារតែញ៉ាំអាហារប្រភេទត្រី ជាពិសេសត្រីច្រើនប្រភេទដែលមានឆ្អឹងតូចៗ មុតស្រួច លាក់ខ្លួននៅក្នុងសាច់របស់វា ដែលនឹងបង្កឱ្យកើតអាការឈឺអួល ឬឈឺផ្សារនៅក្នុងបំពង់ក កន្លែងដែលជាសាច់ខ្ចី។ ឆ្អឹងត្រីទាំងនោះ ពេលខ្លះក៏របូតចេញវិញដោយឯកឯង តែពេលខ្លះ ក៏វាមិនព្រមរបូតចេញដែរ និងថែមទាំងបង្កឱ្យកើតការរំខានចិត្ត រហូតដល់អស់អារម្មណ៍លែងចង់ញ៉ាំអាហារតទៅទៀតក៏មាន។

ប្រាកដណាស់ថា ការកែបញ្ហារឿងនេះ ប្រហែលជាយើងមិនអាចយកដៃ លូកចាប់ទាញចេញមកបែបធម្មតាៗ ស្រួលៗបានទេ ព្រោះនៅក្នុងបំពង់ក គឺជាផ្នែកជ្រៅមួយរបស់រាងកាយ ដូច្នេះហើយទើបមានអ្នករិះគិត រកវិធីកែបញ្ហានេះតាមវិធីដូចតទៅ…
១.ញ៉ាំទឹកត្រជាក់៖ ជួនកាលការញ៉ាំទឹកត្រជាក់ ក៏អាចជួយឱ្យឆ្អឹងត្រីដែលមុតជាប់នោះ របូតចេញពីបំពង់កទៅបានដែរ ក្នុងករណីដែលវាមុតជាប់មិនជ្រៅ ឬមិនជាប់នៅក្នុងកន្លែងកន្លៀតពេក។ គន្លឹះក្នុងការលេបទឹកគឺ ក្នុងអំឡុងពេលញ៉ាំ ចូរខ្ពុរទឹកនោះ នៅក្នុងបំពង់ក នៅកន្លែងដែលឈឺនោះឡើងចុះ រួចហើយសឹមលេបចូលទៅ។

២.ទឹកផ្លែក្រូចឆ្មារ៖ ដោយសារតែទឹកក្រូចឆ្មារ មានឥទ្ធិពលជាអាស៊ីតតិចៗផងនោះ ទើបវាមានគុណសម្បត្តិក្នុងការជួយរំលាយ និងបន្ទន់ឆ្អឹងតូចៗ ដូចជាឆ្អឹងត្រីនោះបាន តែត្រូវញ៉ាំបែបសន្សឹមៗ និងលេបចូលទៅយឺតៗ ឱ្យទឹកក្រូចឆ្មារបានឆ្លងកាត់កន្លែងដែលឆ្អឹងដោតជាប់នោះ។ អ្នកខ្លះអាចនឹងរអ៊ូថា វិធីនេះរាងពិបាកបន្តិច ព្រោះទឹកក្រូចឆ្មារមានរសជាតិជូរ ដូច្នេះយើងសូមណែនាំ ឱ្យលាបអំបឹលម៉ដ្ឋតិចៗនៅលើមាត់កែវ ដើម្បីជួយឱ្យការញ៉ាំ មានភាពងាយស្រួលឡើង។
៣.លេបបាយ ១ដុំធំ ឬចេកទុំ ១ដុំ៖ ចាស់ៗបានណែនាំឱ្យប្រើបាយដំណើបសុទ្ធ ពូតជាដុំមូលៗ ឬក៏កាត់ចេកទុំ ១ដុំតូច ល្មមតែលេបចូល ហើយដាក់ចូលក្នុងមាត់ រួចលេបចូលទៅដោយហាមទំពាឱ្យល្អិត។ ពេលបាយដំណើប ឬក៏ដុំផ្លែចេកទុំនោះ ឆ្លងកាត់បំពង់ក វានឹងជួយធ្វើឱ្យឆ្អឹងត្រី ដែលចាក់ជាប់ក្នុងបំពង់កនោះ របូតមកជាប់នឹងអាហារដែលយើងលេបចូលទៅនោះ រួចធ្លាក់ចូលទៅក្នុងពោះបាន។
៤.យកដៃលូកខ្វេះ៖ នៅពេលវិធីទាំងអស់ ដែលណែនាំមកខាងលើនោះ មិនបានទទួលលទ្ធផល យើងសូមណែនាំ ឱ្យប្រើម្រាមដៃ រុំជាមួយក្រណាត់ស្អាត លូកចូលទៅកៀរក្នុងបំពង់ក កន្លែងដែលមានអារម្មណ៍ថា ស្លាក់ឆ្អឹងត្រីនោះ តែត្រូវធ្វើដោយក្តីប្រយ័ត្នប្រយែង ព្រោះក្នុងបំពង់ករបស់មនុស្សយើង ពេញទៅដោយផ្នែកផ្សេងៗដែលសំខាន់ជាច្រើន បើមិនប្រយ័ត្ន ឬម្រាមដៃមិនស្អាត អាចធ្វើឱ្យកើតមានដំបៅ និងតាមមកនូវការរលាកក្លាយក្នុងបំពង់ក ឬប្រអប់មាត់ ហើយម្តងនេះច្បាស់ជាលំបាកខ្លាំងជាងមុនមិនខាន។
៥.បើសាកល្បងធ្វើគ្រប់វិធីហើយ នៅតែមិនបានលទ្ធផលល្អទៀត ចុងក្រោយប្រហែលជាត្រូវទៅជួបលោកគ្រូពេទ្យហើយ ព្រោះពេលខ្លះឆ្អឹងត្រីទាំងនោះ អាចនឹងទៅមុតនៅត្រង់កន្លែងសំខាន់ណាមួយ ដូចជាបំពង់អាហារ គល់អណ្តាត ក្រពេញថល់ស៊ិន ជាដើម ដែលបើសិនជាដូច្នោះមែន ការទៅជួបលោកគ្រូពេទ្យ គឺជាជម្រើសមួយដែលល្អបំផុត ព្រោះគ្រូពេទ្យនឹងមានការព្យាបាល ដែលត្រឹមត្រូវតាមវិធី និងមានសុវត្ថិភាពជាង។ អាចនិយាយបានថា ទៅជួបលោកគ្រូពេទ្យ គឺកក់ក្តៅបំផុត។

វិធីដែលរៀបរាប់មកទាំងអស់នេះ ជាវិធីកែបញ្ហាដែលពេញនិយម និងបានទទួលការអះអាងហើយថា(ភាគច្រើន) បានទទួលលទ្ធផលល្អ តែប្រហែលជានឹងល្អជាងទៅទៀត បើសិនជាយើងចេះប្រយ័ត្នប្រយែងក្នុងការទទួលទានអាហារប្រភេទត្រី ដោយពិនិត្យមើលឱ្យបានល្អិតល្អន់ថា បានយកឆ្អឹងចេញអស់ហើយឬនៅ មុននឹងទទួលទានចូលទៅ។ តែប៉ុណ្ណឹងអាការស្លាក់ឆ្អឹងត្រី ក៏ប្រហែលជាមិនកើតឡើងចំពោះយើងទេ៕

×