តើយើងទាំងអស់គ្នាធ្លាប់ដែរឬទេ នៅពេលយើងឈឺថ្កាត់ម្តងៗ ពេលខ្លះយើងតែងបានឮ លោកយាយ ឬអ្នកម្តាយរបស់យើងប្រាប់ថា ហាមញ៉ាំរបស់នេះ ហាមញ៉ាំរបស់នោះ ព្រោះទាំងអស់នោះ វាជារបស់ដែលមិនត្រូវធាតុគ្នានឹងអាការជំងឺដែលយើងកំពុងកើត។ អាហារមិនល្អ គឺបណ្តាអាហារដែលមិនត្រូវធាតុគ្នានឹងរោគទាំងឡាយនោះ ដែលជួនកាលវាក៏ធ្វើឱ្យយើងងឿងឆ្ងល់ដូចគ្នាដែរថា តើយ៉ាងម៉េចបានជាវាពាក់ព័ន្ធនឹងគ្នាទៅកើត? តែរឿងបែបនេះ ក៏គួរតែកុំប្រហែសឱ្យសោះ ជាពិសេសជាមួយនឹងជំងឺ ៨ប្រភេទខាងក្រោមនេះ…
គ្រុនក្តៅខ្លួនខ្លាំង៖ គួរចៀសវាងអាហារដែលមិនឆ្អឹន អាហារដែលត្រជាក់ខ្លាំង អាហារចៀនបំពង អាហារដែលមានខ្លាញ់ច្រើន ព្រោះទាំងអស់នេះ សុទ្ធតែជាអាហារដែលពិបាករំលាយ និងធ្វើឱ្យកម្ដៅខ្លួនកើនឡើង ប្រៀបដូចជាការជះប្រេង ទៅលើភ្នក់ភ្លើងអ៊ីចឹងដែរ។
ជំងឺក្រពះ៖ គួរចៀសវាងភេសជ្ជៈប្រភេទអាល់កុល តែឆុងចាស់ កាហ្វេ អាហារហឹរៗ អាហារចៀនបំពង អាហារមានខ្លាញ់ច្រើន ព្រោះអាហារទាំងអស់នេះ ធ្វើឱ្យកើតការប្រមូលសន្សំកម្ដៅ ធ្វើឱ្យយើងមិនងាយជាសះស្បើយពីជំងឺ។ វិធីដែលល្អ គួរទទួលទានអាហារក្នុងបរិមាណតិចៗ តែឱ្យបានញឹកញាប់ ទទួលទានឱ្យទៀងពេល និងញ៉ាំអាហារណាដែលងាយរំលាយ។
ជំងឺសម្ពាធឈាមឡើងខ្ពស់៖ គួរចៀសវាងអាហារខ្លាញ់ អាហារដែលមានខូលេស្តេរ៉ូលខ្ពស់ ដូចជា សាច់ជ្រូក៣ជាន់ ស៊ុត រួមទាំងស្រាផងដែរ ព្រោះអាហារទាំងអស់នេះ ធ្វើឱ្យកើតមានភាពក្តៅអាប់ សន្សំនៅក្នុងរាងកាយ ហើយភាពសើមអាប់ ក៏មានផលធ្វើឱ្យកើតភាពខាប់ស្អិតក្នុងរំហូរវិលគ្រប់ប្រព័ន្ធក្នុងរាងកាយ ហើយកម្ដៅ នឹងទៅជំរុញធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។ ក្រៅពីនេះគួរចៀសវាងអាហាររសជាតិហឹរ ឬអាហារផ្អែមខ្លាំង រួមទាំងផ្លែឈើ ដូចជា ផ្លែមៀន និងធុរេន ជាដើម។
ជំងឺថ្លើម និងថង់ទឹកប្រមាត់៖ ចៀសវាងភេសជ្ជៈដែលមានជាតិអាល់កុល អាហារខ្លាញ់ សាច់ជាប់ខ្លាញ់ គ្រឿងក្នុងសត្វ អាហារចៀនបំពង អាហារផ្អែមខ្លាំង ព្រោះគ្រូពេទ្យចិនជឿថា ថ្លើម និងថង់ទឹកប្រមាត់ មានសម្ព័ន្ធភាពជាមួយប្រព័ន្ធរំលាយអាហារ។ ការទទួលបានអាហារប្រភេទនេះច្រើនពេក នឹងធ្វើឱ្យសមត្ថភាពរបស់ការរំលាយអាហារចុះខ្សោយ និងមានគុណវិបត្តិដល់ថ្លើម និងថង់ទឹកប្រមាត់។
ជំងឺបេះដូង និងជំងឺតម្រងនោម៖ គួរចៀសវាងអាហាររសជាតិប្រៃខ្លាំង ព្រោះនឹងធ្វើឱ្យកើតមានការសន្សំជាតិទឹកច្រើន រំហូរវិលរបស់ឈាមនឹងដំណើរការយឺត ធ្វើឱ្យបេះដូងធ្វើការកាន់តែធ្ងន់ឡើង តម្រងនោមត្រូវខំប្រឹងធ្វើការបណ្តេញសារធាតុអំបឹលរ៉ែខ្លាំងឡើង។ ចំណែកអាហាររសជាតិហឹរ ក៏គួរចៀសវាងដែរ ព្រោះធ្វើឱ្យវាទៅជំរុញរំហូរវិលរបស់ប្រព័ន្ធឈាមរត់ បាត់បង់កម្លាំងថាមពល ហើយបេះដូងក៏ធ្វើការកាន់តែធ្ងន់ឡើងដែរ។
ជំងឺទឹកនោមផ្អែម៖ ចៀសវាងអាហាររសជាតិផ្អែម ឬម្សៅដែលមានកាឡូរីខ្ពស់ ដូចជា ដំឡូងបារាំង ដំឡូងជ្វា។ គួរទទួលទានអាហារប្រភេទសណ្តែក ដូចជា តៅហ៊ូ ទឹកដោះគោ សាច់ហ្វ៊ីឡេដែលគ្មានខ្លាញ់ ត្រី និងបន្លែស្រស់។
ជំងឺគេងមិនលក់៖ ចៀសវាងទឹកតែ កាហ្វេ រួមទាំងការជក់បារីផងដែរ ព្រោះរបស់ទាំងអស់នេះ មានឥទ្ធិពលជំរុញប្រព័ន្ធប្រសាទ ធ្វើឱ្យមិនងងុយគេង ឬគេងលក់មិនស្រួល។
ជំងឺឫសដូងបាត ឬទល់លាមក៖ ចៀសវាងអាហារប្រភេទឈ្ងុយៗ ខ្ទឹមស ខ្ញីស្រស់ ម្រេច ម្ទេស ព្រោះអាហារទាំងនេះអាចធ្វើឱ្យឆ្អល់ពោះ បែកសរសៃឈាម និងធ្វើឱ្យអាការឫសដូងបាតកម្រើកឡើងខ្លាំង៕