Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ ប៉ាម៉ាក់ និងកូន៖ ហួសសម័យបង្ហាត់បង្រៀនកូន ដោយការវាយដំហើយ…

បើសិនថយក្រោយ ទៅកាលពីសម័យ ២០-៣០ឆ្នាំមុន អាណាព្យាបាលទាំងឡាយ ប្រហែលជាធ្លាប់បានឮស៊ាំត្រចៀក ជាមួយនឹងវិធីបង្ហាត់បង្រៀនកូនៗ ដែលប្រាប់ថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 5G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះនោះ សូមមកមើលពីហេតុផល ដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមាន ទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?

ហេតុផលដែលឪពុកម្ដាយ ប្រើវិធីបង្រៀនកូនដោយការវាយ
ដោយសារតែ ក្ដីស្រឡាញ់ បំណងល្អ ក្ដីបារម្ភ ការយកចិត្តទុកដាក់ ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន ចង់ឱ្យកូនស្ដាប់បង្គាប់ ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះ ដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយ ក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។

ផលប៉ះពាល់អវិជ្ជមាន ពីរំពាត់ដែលវាត់ប៉ះនឹងសាច់កូន ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់…
-ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក៖ ដូចជា អារម្មណ៍ខឹង និងខូចចិត្តជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែមទៀត។
-ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត៖ ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណាទាំងអស់។
-ធ្វើឱ្យកូនខ្វះភាពជឿជាក់លើខ្លួនឯង៖ មិនហ៊ានធ្វើអ្វី រហូតលែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតតែថា រឿងដែលចង់ធ្វើ អាចនឹងខុសទៀតក៏បានដែរ។
-ធ្វើបាបផ្លូវចិត្តកូនដោយមិនដឹងខ្លួន៖ ព្រោះក្នុងគំនិតរបស់កូនៗ អ្នកដែលនៅមើលថែទាំ និងជិតស្និទ្ធជាមួយរូបគេដូចឪពុកម្ដាយ គឺត្រូវតែនៅចាំមើលថែទាំ និងការពាររូបគេ តែផ្ទុយទៅវិញ មនុស្សទាំង២នោះ បែរជាធ្វើបាបលើរាងកាយ និងផ្លូវចិត្តកូនទៅវិញ។
-ធ្វើឱ្យភាពរឹងទទឹង ច្រងេងច្រងាងដក់ជាប់នៅក្នុងចិត្តកូន៖ ដោយអារម្មណ៍ក្រោធខឹង ខូចចិត្ត ដែលកូនមិនអាចបង្ហាញចេញមក ឱ្យឪពុកម្ដាយឃើញបាននោះ កូនអាចនឹងងាកទៅបង្ហាញភាពច្រងេងច្រងាងដាក់អ្នកដទៃ ដូចជាធ្វើបាបមិត្តភក្តិ ជាដើម ព្រោះគិតថា ប៉ាម៉ាក់ចេះវាយកូនបាន រឿងអីកូនសាកវាយអ្នកផ្សេងខ្លះមិនបាន?
-ធ្វើឱ្យកូនភ័យខ្លាចការត្រូវវាយធ្វើបាប៖ សម្រាប់មនុស្សធំ អាចមើលឃើញថា ការវាយ គឺដើម្បីបង្រៀនប្រដៅ តែសម្រាប់ក្មេងវិញ ការវាយ ធ្វើឱ្យកើតក្ដីភ័យខ្លាច និងមានអារម្មណ៍ថា កំពុងត្រូវធ្វើបាបលើរាងកាយ ធ្វើឱ្យមានអារម្មណ៍ឈឺចាប់ «ការវាយកូនគឺដើម្បី…ប្រដៅ តែខណៈពេលជាមួយគ្នា ពាក្យប្រដៅ ក៏ត្រូវបិទបាំងជិតដោយក្ដីភ័យខ្លាច ដែលកើតឡើងបន្តិចម្ដងៗនៅក្នុងផ្លូវចិត្តកូន»
តាមរយៈផលប៉ះពាល់អវិជ្ជមានដែលបង្កប់នៅក្នុងនោះ អាចនិយាយបានថា ការវាយដំធ្វើឱ្យឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ទាំងឪពុកម្ដាយ និងកូនៗទៀតផង។ យើងចង់និយាយថា បើធាតុពិតរបស់ការវាយ គឺការអប់រំប្រៀនប្រដៅ…ដូច្នេះនៅពេលកូនធ្វើខុស សូមសាកល្បងរំលងដំណាក់កាល “វាយ” ហ្នឹងចោល…ហើយប្រើពាក្យប្រៀនប្រដៅ ប្រើការយល់ចិត្ត និងប្រើហេតុផលក្នុងការបង្រៀនប្រៀនប្រដៅកូនវិញម្ដង តើល្អដែរទេ?។

ព្រោះការប្រៀនប្រដៅកូនឱ្យស្គាល់ខុស និងត្រូវដោយហេតុផល ក៏ជាការបង្ហាត់ឱ្យកូនចេះប្រើទាំងហេតុ និងផល ក្នុងការទង្វើផ្សេងៗនាពេលអនាគតដូចគ្នា៕

×