ទូកកម្សាន្ត ១គ្រឿងពេញដោយអ្នកទេសចរ កំពុងបណ្ដែតខ្លួនកណ្ដាលសមុទ្រ ភ្លាមនោះសុខៗ ស្រាប់តែមានព្យុះសង្ឃរាបោកបក់មក ធ្វើឱ្យទូកកម្សាន្តនោះត្រូវលិចលង់ទៅក្នុងសមុទ្របន្តិចម្ដងៗ។
ខណៈនោះ ស្វាមី និងភរិយា ១គូ បានព្យាយាមក្នុងការរំដោះខ្លួនឱ្យរួចផុតពីសេចក្ដីស្លាប់ ពួកគេប្រញាប់ស្ទុះទៅរកអាវពោង តែអាវពោងនោះនៅសល់តែ ១គត់ ឯទូកសង្គ្រោះ ក៏ពេញទៅដោយមនុស្សដែរ អាចផ្ទុកបានត្រឹមតែមនុស្ស ១នាក់ទៀតប៉ុណ្ណោះ។ ស្វាមី មើលមុខភរិយា បន្ទាប់មក ក៏យកអាវពោងមកពាក់ ហើយចុះទៅជិះទូកសង្គ្រោះ ទុកឱ្យភរិយា លង់ទឹកស្លាប់ជាមួយនឹងទូកកម្សាន្តនោះទៅ។
ពេលនិទានមកដល់ត្រង់នេះ លោកគ្រូបានសួរទៅសិស្សថា «តើអ្នកទាំងអស់គ្នាគិតថា ពេលនោះភរិយានឹងនិយាយអ្វីជាមួយស្វាមី?»
សិស្សទាំងអស់នាំគ្នាបញ្ចេញយោបល់ដោយក្ដីខឹងសម្បា…អ្នកខ្លះថា ភរិយានឹងនិយាយថា “បងឯងជាមនុស្សអាត្មានិយម!!” អ្នកខ្លះទៀតថា “ស្ដាយណាស់ ដែលខ្ញុំមើលមនុស្សខុស!!” និងអ្នកខ្លះថា “ ហេតុអីបានបងបោះបង់ខ្ញុំចោលបែបហ្នឹង?!” ។ល។
តែពេលនោះមានសិស្សម្នាក់ បានបង្ហាញគំនិតយោបល់ខុសពីគេ ថា «ភរិយាប្រហែលជានិយាយថា… “មើលថែទាំកូនយើងឱ្យបានល្អណា៎បង…” នាងច្បាស់ជានិយាយបែបហ្នឹងមិនខាន»
លោកគ្រូភ្ញាក់ព្រើតចំពោះចម្លើយរបស់សិស្សស្រីម្នាក់នោះ ក៏សួរទៅវិញថា «តើឯងធ្លាប់បានឮរឿងហ្នឹងរួចមកហើយមែនទេ?»
សិស្សម្នាក់នោះក៏ឆ្លើយថា «មិនដែលធ្លាប់បានឮទេ តែពេលដែលម្ដាយរបស់ខ្ញុំឈឺធ្ងន់ គាត់ធ្លាប់និយាយបែបហ្នឹងជាមួយប៉ាខ្ញុំ…»
លោកគ្រូងក់ក្បាល ហើយនិយាយបន្តថា «ត្រូវហើយ ភរិយាបានប្រាប់ស្វាមី ឱ្យមើលថែទាំកូនៗរបស់ពួកគេឱ្យបានល្អ»
ស្វាមីបានចិញ្ចឹមមើលថែទាំកូនៗ រហូតធំធាត់ឡើងដោយក្ដីស្រឡាញ់យ៉ាងល្អបំផុត ដូចដែលបានសន្យាជាមួយភរិយា។ ច្រើនឆ្នាំកន្លងផុតទៅ ស្វាមីក៏បានលាចាកលោកនេះទៅ ហើយកូនស្រី ក៏បានរកឃើញសៀវភៅកំណត់ហេតុរបស់ឪពុក និងក៏បានដឹងពីការពិតដែលថា ឪពុក និងម្ដាយបានធ្លាប់ទៅជិះទូកកម្សាន្តជាមួយគ្នា រហូតជួបនឹងខ្យល់ព្យុះ។ ឪពុកឆក់ឱកាសរំដោះខ្លួន រួចពីសេចក្ដីស្លាប់តែម្នាក់ឯង ព្រោះក្នុងអំឡុងពេលនោះ ម្ដាយកំពុងមានជំងឺរ៉ាំរ៉ៃជាទម្ងន់ ទើបត្រូវតែមានម្នាក់ នៅចិញ្ចឹមមើលថែទាំកូនឱ្យបានល្អតទៅទៀត និងមានកំណត់ហេតុ ១ឃ្លាដែលឪពុកបានសរសេរថា “បងចង់តែលិចលង់ក្នុងសមុទ្រ ស្លាប់ជាមួយអូនខ្លាំងណាស់ តែដើម្បីកូនរបស់យើង ទើបបងមិនអាចធ្វើបែបនោះបាន”
ពេលលោកគ្រូនិយាយចប់ ក៏ប្រៀនប្រដៅថា…ពេលខ្លះ ពិភពលោកមួយនេះ បានសាងនូវភាពវិលវល់ដល់មនុស្សយើងខ្លាំងណាស់។ អំពើល្អ អំពើអាក្រក់ ពិបាកនឹងវាយតម្លៃបានណាស់តាមរយៈទង្វើតែម្យ៉ាង ព្រោះយើងគ្មានផ្លូវអាចដឹងបានឡើយថា ឆាកខាងក្រោយនៃរឿងរ៉ាវទាំងនោះ មានអ្វីបង្កប់ដែរឬអត់ឡើយ។ ដូច្នេះយើងមិនគួរវាយតម្លៃនរណាម្នាក់ ត្រឹមតែសម្បកក្រៅបានទេ។
-មនុស្សដែលគេជួយយកអាសាអ្នក គ្រប់ពេលដែលអ្នកត្រូវការ មិនមែនគេជំពាក់បុណ្យគុណអ្នកអ្វីទេ តែដោយសារតែគេមើលឃើញអ្នក គឺជាមិត្តពិតប្រាកដ។
-មនុស្សដែលចូលចិត្តដណ្ដើមចេញលុយមុន មិនមែនគេត្រូវការអួតអាងរឿងមានបាន ឬមានលុយច្រើនជាងនោះទេ តែដោយសារគេមើលឃើញមិត្តភាព សំខាន់ជាងលុយកាក់។
-មនុស្សដែលធ្វើការច្រើនជាងអ្នកដទៃ ទោះជាពេលខ្លះ មិនមែនជាតួនាទីរបស់គេក្ដី មិនមែនដោយសារគេភ្លើ ឬចង់ធ្វើនោះទេ តែដោយសារតែគេដឹងពីតួនាទីខ្លួនឯង មិនចង់យកប្រៀបលើអ្នកណា និងមានទឹកចិត្តល្អចំពោះអ្នកដទៃ៕