Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ពិតមែនឬ? តឹងរ៉ឹងជាមួយកូនជ្រុលពេក នឹងធ្វើឱ្យកូនចេះកុហក…

ការចិញ្ចឹមកូន គឺជាចំណោទដ៏ពិបាកមួយសម្រាប់ឪពុកម្តាយ ព្រោះគ្រប់គ្នាសុទ្ធតែតាំងសេចក្តីសង្ឃឹម ចង់ឱ្យកូនធំធាត់ឡើងក្លាយជាក្មេងល្អ មានអនាគតភ្លឺថ្លា ទើបបណ្ដាលឱ្យអាណាព្យាបាលមួយចំនួន ភ្លេចខ្លួនធ្វើម៉ឺងម៉ាត់តឹងរ៉ឹងជាមួយកូនខ្លាំងហួសហេតុពេក ដែលរឿងនេះ វានឹងធ្វើឱ្យក្មេងចេះភូតកុហក ដើម្បីយករួចខ្លួន រហូតក្លាយជាទម្លាប់មិនល្អមួយ ហើយអាចនឹងមានផលប៉ះពាល់ដល់សង្គមគ្រួសារ និងខ្លួនគេ នាពេលអនាគតទៀតផង។

អ្នកចិត្តវិទ្យាកុមារនិយាយថា អាណាព្យាបាលដែលតឹងរ៉ឹងម៉ឺងម៉ាត់លើរបៀបវិន័យខ្លាំងពេក ច្រើនតែសាងអារម្មណ៍ថា មិនមានសុវត្ថិភាពដល់កុមារ ហើយរឿងនោះធ្វើឱ្យបណ្តាក្មេងតូចៗទាំងនោះ មិនហ៊ានប្រាប់ការពិត ព្រោះមានអារម្មណ៍វិតក្កកង្វល់ និងស្ទាក់ស្ទើរក្នុងចិត្តថា បើសិនជាប្រាប់ការពិតទៅហើយ អាចនឹងត្រូវទទួលទោស ឬអត់? ទើបជ្រើសរើសយកការលាក់បាំង និងកុហកតែម្តង ដើម្បីកុំឱ្យខ្លួនឯងត្រូវស្តីបន្ទោស ឬរងទណ្ឌកម្ម។

អ្នកជំនាញចិត្តវិទ្យាកុមារ បាននិយាយពីចំណុចនេះបន្ថែមយ៉ាងគួរឱ្យចាប់អារម្មណ៍ថា បើអ្នកតឹងរ៉ឹងជាមួយក្មេង ក្មេងនឹងមានអារម្មណ៍ថា មានសម្ពាធ និងខ្លាច មិនហ៊ាននិយាយការពិត ហើយកុហកដើម្បីគេចពីបញ្ហា រឹតតែពាក្យភូតកុហកនោះ មិនត្រូវបានតវ៉ាដើម្បីបំភ្លឺអ្វីផងនោះ ក្មេងនឹងសាងពាក្យកុហក រហូតទៅ ដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញ បើអាណាព្យបាលអាចធ្វើឱ្យក្មេងៗមានអារម្មណ៍ថា ធូរស្រាលបាន ដោយការមិនតាមទៅចាប់កំហុសគ្រប់ជំហាននោះ នោះលោកអ្នកនឹងចូលទៅក្នុងចិត្តរបស់ក្មេងៗ បានយ៉ាងសប្បាយចិត្ត តែបើសិនលោកអ្នកនៅតែជ្រើសរើសក្នុងការប្រើវិធីម៉ឺងម៉ាត់តឹងរ៉ឹង និងកាចសាហាវជាមួយក្មេងៗវិញនោះ វាមិនបានធ្វើឱ្យស្ថានការណ៍ល្អឡើងឡើយ តែវាមានតែអាក្រក់ទៅៗតែប៉ុណ្ណោះ។

ចុងក្រោយនេះ យើងចង់ជម្រាបថា ឪពុកម្តាយ និងអាណាព្យាបាល ក៏ធ្លាប់ជាកុមារពីមុនមកដែរ ដូច្នេះចូរសាកល្បងធ្វើការរៀនយល់ដឹងក្នុងទស្សនៈរបស់ពួកគេវិញម្តង និងបើកដើមទ្រូងនិយាយគ្នាដោយត្រង់ៗ ប្រាសចាកកំហឹង វានឹងក្លាយជាវិធីកែបញ្ហាបានល្អបំផុតមួយ ដើម្បីសាងសម្ព័ន្ធភាពដ៏ល្អដល់កូនៗរបស់លោកអ្នក៕

×