ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្អាកចុះជួបសំណេះសំណាលជាមួយកម្មកររោងចក្រ មួយរយៈនៅអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយនៅពេលក្រោយពេលបញ្ចប់ការបោះឆ្នោត សម្តេចតេជោ នឹងបន្តចុះជួបជាមួយកម្មករបន្តទៀត ប្រសិនបើសម្តេច នៅតែជាប់ឆ្នោត ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិក្រោយៗទៀត។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាលនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គ.ជ.ប មិនអនុញ្ញាតឲ្យមានការផ្ដល់ជំនួយអ្វីផ្សេងៗនោះទេ ដូច្នេះបើសម្តេចបន្តចុះជួបកម្មករ កម្មការិនីនៅអំឡុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ហើយមានការផ្ដល់ថវិកាជូនកម្មករនោះ នឹងត្រូវ គ.ជ.ប ផាកពិន័យតាមច្បាប់។
“នៅថ្ងៃនេះយើងបានបន្តដំណើរឈានឆ្ពោះទៅជួបកម្មករ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ពិតហើយនៅសល់ប៉ុន្មានថ្ងៃទៀត ក្នុងជំនួបប៉ុន្មានលើកទៀតប៉ុណ្ណោះ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងយុទ្ធនាការបោះឆ្នោត ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតបញ្ចប់ ខ្ញុំនឹងត្រូវបន្តដើរជួបកម្មករ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយអ្វីដែលខ្ញុំបាននិយាយរួចមកហើយនោះ នៅត្រង់ថា នៅក្នុងអាណត្តិដែលខ្ញុំនឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតនោះ ការងារទាក់ទងជាមួយកម្មករនេះ ត្រូវបន្តធ្វើមិនចេះចប់ ។
យុទ្ធនាការឃោសនាបោះឆ្នោតត្រូវផ្អាកសិន ព្រោះគេហាមក្នុងការផ្ដល់ជំនួយ។ ឧទាហរណ៍ស្ដ្រីមានផ្ទៃពោះដែលពូត្រូវដើរចែកមួយកញ្ចប់ៗម្នាក់នោះ គឺបើហ៊ានចែកនោះគេផាកភ្លាមតែម្ដង អ៊ីចឹងពូត្រូវទទួលទណ្ឌកម្មដាក់ចេញដោយច្បាប់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្រូវ”។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ដរាបណាសម្តេច នៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចនៅតែបន្ត ចុះជួបជាមួយកូនក្មួយ កម្មករកម្មការិនីយើង ជាបន្តបន្ទាប់ទៀត និងគ្រប់ទីកន្លែង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់ម្ចាស់រោងចក្រ ទាំងអស់ ដែលបានផ្តល់ឱកាស ឲ្យកូនក្មួយកម្មករកម្មករិនី បានសម្រាកជួបសំណេះសំណាល ជាមួយសម្តេចតេជោ ដោយទទួលបានប្រាក់ឈ្នួលពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាព ចំពោះការរីកចម្រើន កើនឡើងនូវបណ្តារោងចក្រ សហគ្រា ឧស្សាហកម្ម ជាបន្តបន្ទាប់។ បច្ចុប្បន្ននេះតាមក្រសួងការងារបានឲ្យដឹងថាមានរោងចក្រ សហគ្រា ដែលបានចុះបញ្ជីរប្រមាណ ១២០០០ រោងចក្រ សគ្រាស និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជិត៦០ម៉ឺនទីកន្លែង។ ការពង្រីករោងចក្រ តាមបណ្តាលខេត្តនានា គឺជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យឧស្សាហកម្ម ២០១៥-២០២៥ ហើយការពង្រីកនិងពង្រាយរោងចក្រ នៅគ្រប់ទីកន្លែង គឺដូចគ្នាទៅនឹងការពង្រាយសាលារៀន ឲ្យមាននៅគ្រប់ទីកន្លែង សម្រាប់កូនចៅប្រជាពលរដ្ឋ រៀនសូត្រ ដែលបច្ចុប្បន្នយ៉ាងហោចណាស់ មួយឃុំមានវិទ្យាល័យ១ ហើយកំពុងជំរុញធ្វើយ៉ាងណា ខេត្តមួយ ត្រូវមានសាកលវិទ្យាល័យ១។
ជាថ្មីម្តងទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យកម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ យល់អំពីតម្លៃនៃសន្តិភាព ព្រោះអ្វីៗដែលកើតមានសព្វថ្ងៃនេះ គឺកើតឡើងដោយសុខសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ ហើយសន្តិភាពនេះមានតែ គណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះដែលបានរក្សា និងផ្តល់ឲ្យប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ មានការសប្បាយចិត្តដែល គណបក្សប្រជាជន ចាប់បានលេខរៀងទី២០។ នេះជាលេខរៀង ដ៏ល្អដែលងាយស្រួល ធ្វើឲ្យពលរដ្ឋស្រួលចាំ ស្រួលគិត ស្រួលគូស ហើយនេះជាលេខរៀង ចុងក្រោយគេ (កូនពៅ)។ ម្យ៉ាងវិញទៀត លេខរៀងទី២០ គឺប៉ះចំឆ្នាំខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។ កម្ពុជានឹងប្រារព្ធធ្វើពិធីបុណ្យ អបអរសាទរដ៏ធំមួយ នៅវិមានឈ្នះ-ឈ្នះក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ៕ ដោយ៖បញ្ញាស័ក្តិ