ភ្នំពេញ ៖ ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី៧វិច្ឆិកានេះ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា រឿងរំលាយគណបក្សសង្គ្រោះជាតិ ឬមិនរំលាយបក្សនោះ មកដល់ពេលនេះ មិនទាន់មានការពិភាក្សាគ្នានៅឡើយទេ ហើយម្យ៉ាងទៀត ការធ្វើនយោបាយរបស់ខ្ញុំ ចូលដល់ចូលនិវត្តន៍ហើយ។
លោក ប៉ុល ហំម បានបញ្ជាក់ថា លោកនឹងលាឈប់ពីនយោបាយ ប្រសិនបើច្បាប់កំណត់មិនឲ្យលោកធ្វើនយោបាយ ហើយម្យ៉ាងទៀត លោកក៏ដល់អាយុចូលនិវត្តន៍ និងរ៉ឺត្រែតផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ប៉ុល ហំម បានមានប្រសាសន៍ថា ៖ “ការមកចូលរួមប្រជុំនៅឯវិមានរដ្ឋសភា ក្នុងនាមខ្ញុំជាសមាជិករដ្ឋសភាធម្មតា ហើយក្នុងករណីដែលមានការរំលាយគណកប្សសង្គ្រោះជាតិ ខ្ញុំផ្ទាល់ដូចជាមិនទាន់គិតអ្វីទេ ហើយម្យ៉ាងទៀត ខ្ញុំចាស់ហើយ ។ រឿងរំលាយ ឬមិនរំលាយ ខ្ញុំចាស់ហើយ ដល់អាយុចូលនិវត្តន៍។ ខ្ញុំអាយុជាង៧០ឆ្នាំហើយ ទុកកន្លែងឱ្យក្មេងៗគេធ្វើម្តង ។ ទោះបីជាប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារ និងសមាជិកឯទៀត នៅក្រៅប្រទេស និងនៅក្នុងស្រុក ហើយមិនបានជួបពិភាក្សាគ្នាដោយក៏ លោក ប៉ុល ហំម បានបញ្ជាក់ថា រឿងនេះយើងមិនបានពិភាក្សាគ្នាអីផងហ្នឹង គឺចាំមើលសិន មិនទាន់ដឹងអ្វីផង មកពិភាក្សាមុនម៉េចនឹងកើត ហើយរហូតមកដល់ពេលនេះ គឺមិនទាន់មានការជជែកពិភាក្សាគ្នាអ្វីទេ ។ ហើយសម្រាបខ្ញុំ ទោះបីជាច្បាប់កំណត់មិនធ្វើនយោបាយ ព្រោះដល់ពេលខ្ញុំចូលនិវត្តន៍ និងរ៉ឺត្រែត ហើយយ៉ាងម៉េចទៀតទៅថ្ងៃក្រោយ មានគេគិតគូរហើយ ។ លោកបញ្ជាក់បន្ថែមចុងក្រោយថា “រឿងរំលាយ ឬមិនរំលាយបក្ស ខ្ញុំចាស់ហើយដល់អាយុចូលនិវត្តន៍ គឺទុកឲ្យក្មេងគេគិតគូរទៅ ប៉ុន្តែបើគេមិនរំលាយខ្ញុំធ្វើការរហូតដល់ដាច់អាណត្តិ តែបើគេរំលាយខ្ញុំក៏ឈប់ទៅ ហើយនេះរឿងផ្ទាល់ខ្លួនទេ”។
សូមបញ្ជាក់ថា តុលាការកំពូល នឹងបើកសវនាការកាត់ទោសលើសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងអំឡុងសប្តាហ៍ក្រោយនេះ ៕ ដោយ៖បញ្ញាស័ក្តិ