Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ថ្ងៃក្ដៅយ៉ាងហ្នឹងហើយ នៅខ្វះ “វីតាមីន D” ទៀតឬ?

ក . នែ! បើយើងខ្វះវីតាមីនD ត្រូវធ្វើយ៉ាងម៉េចទៅ?
ខ . ខ្វះវីតាមីនអី ក៏ទិញវីតាមីនហ្នឹងមកញ៉ាំទៅ មានលក់ម៉ាគំនរ
ក . តែវិតាមីនD មាននៅក្នុងពន្លឺថ្ងៃណា៎…
ខ . អ៊ឺម៍ ស្រុកយើង ថ្ងៃក្ដៅយ៉ាងហ្នឹង មិនខ្វះវីតាមីនD ទេ

តាមរយៈបទសន្ទនាខាងលើ វេជ្ជបណ្ឌិតជំនាញ និងជាអ្នកធ្វើការវិភាគរឿងវីតាមីនD បានប្រាប់ថា មនុស្សជាច្រើនខ្វះចំណេះដឹងពាក់ព័ន្ធនឹងវីតាមីនD ឬបើទោះជាដឹង និងដឹងយ៉ាងច្បាស់ពីភាពសំខាន់របស់វីតាមីនDមែន តែបែរជាយល់ច្រឡំថា យើងរស់នៅក្នុងប្រទេសក្ដៅ នឹងបានទទួលពន្លឺថ្ងៃយ៉ាងបរិបូរសម្រាប់រាងកាយ ក្នុងការផលិតវីតាមីនD យ៉ាងគ្រប់គ្រាន់ហើយ។
តាមរយៈការស្រាវជ្រាវ បានរកឃើញថា ប្រជាជនដែលរស់នៅក្នុងតំបន់ទីក្រុង កើតមានសភាវខ្វះវីតាមីនDច្រើនណាស់ ដោយក្នុងនោះ មនុស្សចាស់អាយុ ៦០ឆ្នាំឡើង ដែលខ្វះវីតាមីនD មានប្រមាណជា ៦៥% ក្រុមមនុស្សក្នុងវ័យលែងមានបុត្រ ៦០% និងក្រុមស្ត្រីវ័យអស់វដ្តរដូវ មានច្រើនដល់ទៅ ៨០% ជាហេតុធ្វើឱ្យក្រុមមនុស្សទាំងនោះ កើតមានភាពប្រឈមក្នុងការកើតជំងឺពុកឆ្អឹងនាពេលអនាគត។

វីតាមីនD នឹង “រោគពុកឆ្អឹង”
វីតាមីនD ជាវីតាមីនដែលមានភាពចាំបាច់ចំពោះរាងកាយមនុស្ស ដោយវានឹងទៅជួយទប់ស្កាត់ការបញ្ចេញអ័រម៉ូន ប៉ារ៉ាថៃរ៉យដ៍(Parathyroid) ជាអ័រម៉ូនគ្រោះថ្នាក់ ដែលនឹងទៅបំផ្លាញកាលស្យូមចេញពីឆ្អឹង។ ក្រៅពីនេះ វីតាមីនD នៅជួយផលិតសារធាតុ អូស្តេអូខាល់ស៊ីន(Osteocalcin) ដែលនឹងជួយទាញកាល់ស្យូមចូលទៅក្នុងឆ្អឹង និងជួយសាងសាច់ដុំឱ្យរឹងមាំ។ វាជាការការពាររោគពុកឆ្អឹងបានមួយផ្នែក និងថែមទាំងជួយកាត់បន្ថយភាពប្រឈមក្នុងការដួលរបស់មនុស្សចាស់បានទៀតផង។

វីតាមីនD នឹង “ពន្លឺថ្ងៃ”
មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ហើយថា វីតាមីនD ពាក់ព័ន្ធនឹងពន្លឺថ្ងៃ តែ…ពាក់ព័ន្ធយ៉ាងណានោះ យើងអាចអធិប្បាយបានយ៉ាងងាយបំផុតគឺ នៅពេលរាងកាយបានទទួលពន្លឺថ្ងៃ រាងកាយប្រៀបដូចជា “គ្រឿងបំប្លែង” ដែលអាចបំប្លែងពន្លឺថ្ងៃដែលទទួលបាននោះ ឱ្យក្លាយទៅជាវីតាមីនD បានដោយឯកឯងជាស្វ័យប្រវត្តិ។ វីតាមីនD ដែលកើតឡើងនោះ នឹងចាកចេញពីស្បែកឆ្ពោះទៅសរសៃឈាមតូចៗខាងក្រោមស្បែក ដោយធ្វើប្រតិកម្មជាមួយប្រូតេអ៊ីន ចាប់វីតាមីនD ចូលទៅក្នុងក្រសែឈាម និងឆ្ពោះទៅរកអវយវៈផ្សេងៗជាបន្ត ដូចជាថ្លើម ក្រលៀន ពោះវៀន ឆ្អឹង ដើម្បីបឺតជ្រាបយកកាល់ស្យូម ដែលនឹងធ្វើឱ្យឆ្អឹងរឹងមាំហ្នឹងឯង។

ទទួលបានពន្លឺថ្ងៃយ៉ាងម៉េច ទើបគ្រប់គ្រាន់
នៅពេលនិយាយថា ត្រូវទទួលពន្លឺថ្ងៃ នារីៗជាច្រើន ច្បាស់ថ្ងូររហ៊ឹសជាមិនខាន ព្រោះកម្ដៅដ៏ក្ដៅរបស់ព្រះអាទិត្យនៅស្រុកយើងនេះ ពិបាកនឹងទ្រាំទ្របានណាស់ តែវេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា អំឡុងពេលដែលស័ក្តិសមក្នុងការទទួលយកពន្លឺថ្ងៃ គឺម៉ោង៦ រហូតដល់ម៉ោង ៩ព្រឹក និងម៉ោង ៣រសៀល ដល់ម៉ោង ៥ល្ងាច។ ជាអំឡុងពេលដែលពន្លឺថ្ងៃ មិនក្ដៅខ្លាំង និងមិនបង្កអន្តរាយដល់ស្បែកមនុស្សខ្លាំងពេកទេ ដោយរយៈពេលត្រឹមតែ ៣០នាទីដែលស្បែកបើកទទួលយកពន្លឺថ្ងៃចូលមកក្នុងរាងកាយនេះ វានឹងអាចផលិតវីតាមីនD ដល់រាងកាយបានដល់ទៅ ១ ០០០យូនីតឯណោះ។

ញ៉ាំផ្សិត ជាជម្រើស ១ទៀតក្នុងការទទួលបាន “វីតាមីនD”
រុក្ខជាតិដែលមានវីតាមីនD ខ្ពស់បំផុតគឺ ផ្សិត។ ទាំងវាស្ថិតនៅក្នុងទីម្លប់ និងសើម តែបែរជាមានសារធាតុដែលជាតួផ្ដើមកំណើតឱ្យវីតាមីនDខ្ពស់បំផុត នៅពេលដែលសារធាតុនោះត្រូវពន្លឺថ្ងៃ វានឹងផ្លាស់ប្ដូរ ក្លាយជាវីតាមីនD ដូច្នេះបើយើងទិញផ្សិតមក គួរយកផ្សិតនោះទៅដាក់ហាលថ្ងៃ ប្រមាណជាកន្លះម៉ោង ទៅ ១ម៉ោង រួចសឹមយកមករក្សាទុកក្នុងទូទឹកកក ព្រោះផ្សិតដែលហាលថ្ងៃរួច អាចយកទៅរក្សាទុកក្នុងទូទឹកកក បានយូររហូតដល់ទៅ ១៤ថ្ងៃ។ ក្រៅពីផ្សិតហើយ គេនៅអាចរកវីតាមីនDបាន ពីសាច់ត្រី ប្លាធូស្រស់ និងគ្រំអយស្ទ័របានផងដែរ។
យើងសង្ឃឹមថា មិត្តអ្នកស្ដាប់ប្រហែលជាបានទទួលចំណេះដឹងល្អៗពាក់ព័ន្ធនឹងវីតាមីន D ដែលជាប្រយោជន៍ច្រើនល្មមសមគួរហើយ ជាពិសេសនារីៗដែលខ្លាចពន្លឺថ្ងៃ ចូរងាកមកផ្ដល់ភាពសំខាន់ជាមួយវីតាមីនD ព្រមជាមួយការមើលថែទាំសុខភាពលើផ្នែកផ្សេងៗទៀត ដើម្បីឱ្យបានស្អាត សង្ហា សុខភាពរឹងមាំ ចៀសឆ្ងាយជំងឺទាំងអស់គ្នា៕

×