លុយ គឺជាបច្ច័យសំខាន់មួយទៀតក្នុងការរស់នៅរួមគ្នារបស់ជីវិតគូ ឬគូសង្សារដែលកំពុងសេពគប់មើលចិត្តមើលថ្លើមគ្នា។ សម្រាប់គូដែលបានរៀបការនឹងគ្នាហើយ និងគូដែលនៅមិនទាន់បានរៀបការ ក៏អាចធ្លាប់ជួបបញ្ហាការឈ្លោះប្រកែកគ្នាព្រោះតែរឿងលុយកាក់ជាច្រើនដងដែរ ហើយភាគច្រើន លុយក៏ជាកត្តាមួយ ដែលធ្វើឱ្យគូស្នេហ៍ជាច្រើនគូ ត្រូវលែងលះគ្នាដែរ។ ថ្ងៃនេះ យើងមានវិធីចាត់ការរឿងលុយកាក់សម្រាប់គូស្នេហ៍សម័យថ្មី មិនឱ្យក្លាយជាបញ្ហាតទៅទៀត មកជម្រាបជូនដូចតទៅ…
*សម្រាប់អ្នកដែលនៅជាគូស្នេហ៍នឹងគ្នានៅឡើយ
យើងចាប់ផ្តើមសន្សំប្រាក់ជាមួយគ្នា ល្អដែរទេ?
បើអ្នកបានសេពគប់គ្នាហើយ និងសម្លឹងមើលទៅដល់អនាគតថា ទោះយ៉ាងណាក៏ត្រូវតែរៀបការនឹងគ្នាយ៉ាងច្បាស់ប្រាកដហើយនោះ ចូរចាប់ផ្តើមបបួលគ្នាសន្សំលុយបែបលេងៗ ដូចជាញាត់ទុកក្នុងកូនជ្រូករៀងៗខ្លួនទៅមើល ថាតើរបស់អ្នកណាពេញមុន?។
ប្រាប់ពីការចំណាយរបស់អ្នករៀងខ្លួន
ជំពាក់ធនាគារ ជំពាក់លុយកាតក្រេឌីត ឬជាប់បង់រំលស់ផ្ទះ និងឡាន ចូរប្រាប់គ្នាទៅវិញទៅមកឱ្យអស់ ដើម្បីដល់ពេលរៀបការនឹងគ្នាហើយ វានឹងមិនកើតមានបញ្ហាថា ហេតុអីបានមិនប្រាប់ឱ្យដឹងមុន និងដើម្បីបានរៀបចំវិធី និងរបៀបចាយវាយ រវាងគ្នាទៅវិញទៅមក កុំឱ្យមានបញ្ហាថា តើបាត់លុយទៅណា?។
*សម្រាប់អ្នកដែលរៀបការហើយ
ចាត់ចែងការទទួលខុសត្រូវថ្លៃចាយវាយនៅក្នុងផ្ទះរបស់ម្នាក់ៗ
ដោយត្រូវឯកភាពគ្នាថា តើអ្នកណាជាអ្នកចាយថ្លៃទឹក ថ្លៃភ្លើង ថ្លៃទូរស័ព្ទ និងម្ហូបអាហារ របស់ប្រើប្រាស់ផ្សេងៗក្នុងផ្ទះ កុំឱ្យកើតសភាវដណ្តើមគ្នាចេញ ត្រូវឯកភាពគ្នាឱ្យរួចរាល់ និងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ។
មិនរួមបញ្ជីគណនីធនាគារ
ការពារបញ្ហាការចាយលុយរបស់ម្នាក់ៗ ព្រោះអនាគតខាងមុខ វាមិនពិតប្រាកដថាយ៉ាងណាជានិច្ចនោះទេ។ ម្នាក់ៗមានបញ្ជីគណនីរៀងខ្លួន មិនគួរលូកលាន់របស់គ្នាទេ ដើម្បីកុំឱ្យមានការឈ្លោះប្រកែកគ្នា ដោយសារតែរឿងការចាយលុយរបស់ខ្លួន។
ធ្វើបញ្ជីចំណូល-ចំណាយប្រចាំនៅក្នុងផ្ទះ
រឿងនេះ គឺជាអ្វីដែលមិនអាចខ្វះបាន ការធ្វើបញ្ជីចំណូល-ចំណាយនៅក្នុងផ្ទះនេះ អាចនិយាយបានថា ជារឿងសំខាន់មួយ ព្រោះយើងនឹងបានដឹងថា តើក្នុង ១ខែៗយើងចាយវាយអស់ប៉ុន្មាន និងមានប្រាក់សន្សំទុកសម្រាប់ករណីបន្ទាន់ និងសម្រាប់អនាគតខាងមុខប៉ុន្មាន ហើយការធ្វើបញ្ជីនេះ គឺជាកត្តាកំណត់មួយ ដែលធ្វើឱ្យអ្នកបានដឹងថា តើឋានៈជីវភាពរបស់អ្នកពេលនេះយ៉ាងម៉េចហើយទៀតផង។
នេះហើយ ជាវិធីងាយៗក្នុងចាត់ការរឿងលុយកាក់សម្រាប់គូស្នេហ៍សម័យថ្មី ដើម្បីកុំឱ្យអ្នកទាំង២ ឈ្លោះប្រកែកគ្នាក្នុងរឿង ដែលមិនគួរនឹងឈ្លោះគ្នា៕