ឪពុកម្តាយ និងអាណាព្យាបាលជាច្រើននាក់ អាចនឹងនៅមិនទាន់ដឹងខ្លួន ឬសង្កេតឃើញថា ទង្វើ ឬរឿងដែលយើងអប់រំបង្រៀនដល់កូន បានក្លាយជាការធ្វើបាបកូនទាំងដោយផ្ទាល់ និងទាំងប្រយោល ដោយមិននឹកស្មានដល់ ដូច្នេះពេលនេះយើងនាំគ្នាមកស្ដាប់មើលថា តើមានទង្វើណាខ្លះ ដែលយើងមិនគួរនាំយកទៅបង្រៀន ឬប្រើជាមួយកូនរបស់យើង?
១. កុំយកក្តីស្រមៃរបស់ខ្លួនឯងកាលពីនៅក្មេង មកដាក់ធ្វើជាគោលដៅឱ្យកូនដើរតាម
មនុស្សម្នាក់ៗមានក្តីស្រមៃដែលអាចដូច និងមិនដូចគ្នា កូនរបស់អ្នកក៏អ៊ីចឹងដែរ គេអាចនឹងមានក្តីស្រមៃ និងការនឹកគិតរបស់គេ ការនាំក្តីស្រមៃរបស់អ្នក មកធ្វើជាគោលដៅ ឱ្យកូនធ្វើតាមនោះ ជារឿងមួយដែលខុស ធ្វើឱ្យកូនមានអារម្មណ៍ទើសទាល់ ហើយអាចនឹងធ្វើឱ្យគេត្រូវទ្រាំធ្វើនូវអ្វី ដែលគេមិនចូលចិត្តនោះអស់ ១ជីវិត។
២. ប្រៀបធៀបកូន ជាមួយក្មេងដទៃជាប្រចាំ
ការប្រៀបធៀបកូនខ្លួនឯង ជាមួយក្មេងដទៃគ្រប់ពេលវេលា មិនថាក្នុងផ្នែកណាក៏ដោយ នឹងធ្វើឱ្យគេមានអារម្មណ៍ថា រងសម្ពាធ មានអារម្មណ៍ថា ខ្លួនឯងមានចំណុចអន់ មានអារម្មណ៍ថា ឪពុកម្តាយមិនស្រឡាញ់គេ តែទៅស្រឡាញ់អ្នកដទៃខ្លាំងជាង ធ្វើឱ្យគេមានអារម្មណ៍ទន់ជ្រាយ និងសម្តែងអាការចេញមកក្នុងបែបតតាំង។
៣. បង្ខំឱ្យរៀនគួរពិសេសច្រើនហួសពេក
ត្រឹមត្រូវហើយ ការរៀនគួរពិសេស ឬការរៀនជំនាញពិសេស ជារឿងដែលល្អ តែត្រូវសួរពីការស្ម័គ្រចិត្តរបស់កូនជាមុនសិន មិនមែនឱ្យគេគិតតែពីរៀន រហូតគ្មានពេលឈប់សម្រាក ឬធ្វើអ្វីផ្សេងបាននោះឡើយ។ ចូរកុំលួចពេលវេលាក្នុងជីវិតរបស់កូន ដោយកូនមិនយល់ព្រមឱ្យសោះ។
៤. ការពារកូនជ្រុលពេក ប្រៀបដូចកែវស្ដើង ក្នុងកញ្ច្រែងថ្ម
ការថែរក្សាការពារកូន ជារឿងដែលឪពុកម្តាយគួរតែធ្វើ តែត្រូវការពារគេបែបផ្លូវកណ្តាល រឿងខ្លះត្រូវតែបណ្តោយឱ្យគេរៀនយល់ដឹងដោយខ្លួនឯង ឱ្យគេស្គាល់ចាញ់ និងឈ្នះ និងចេះកែខៃបញ្ហាដោយខ្លួនឯង មុននឹងស្រែកសុំការជួយពីអ្នកដទៃ។ យើងមិនអាចការពារកូនបានគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតរបស់គេបានឡើយ ដូច្នេះរឿងដែលល្អបំផុតគឺ ឱ្យគេចេះថែរក្សាការពារខ្លួនឯងពីសង្គម ដែលពោរពេញដោយប្រកួតប្រជែងនេះឱ្យបានដោយខ្លួនឯង។
៥. មើលឃើញអ្វីដែលកូនស្រឡាញ់ អ្វីដែលកូនចូលចិត្ត ថាជារឿងឥតប្រយោជន៍
ចំណង់ចំណូលចិត្ត និងភាពជំនាញថ្នឹករបស់មនុស្សយើង មិនដូចគ្នាទេ កូនរបស់យើងក៏អ៊ីចឹងដែរ ការដែលគេមានភាពថ្នឹកជំនាញ ឬចូលចិត្តធ្វើរឿងអ្វីមួយជាពិសេសនោះ យើងគួរតែបណ្តោយឱ្យគេរៀនយល់ដឹង និងបានធ្វើរឿងនោះ តែបើស្ថិតនៅក្នុងវ័យរៀន ឬអំឡុងពេលដែលមិនសមរម្យ ក៏អាចនឹងប្រាប់គេ ឬអធិប្បាយពន្យល់គេដោយហេតុផល មិនមែនគិតតែពីហាមប្រាមដាច់ខាត ឬមើលងាយមើលថោកលើអ្វីដែលកូនគិតភ្លាមៗនោះទេ។
៦. ឱ្យដៃកូន
កូនយើងចេះធ្វើត្រូវបាន ក៏ច្បាស់ជាចេះធ្វើខុសបានដូចគ្នា យើងមានតួនាទីចង្អុលណែនាំបង្ហាញឱ្យគេបានរស់នៅក្នុងជីវិត ដែលត្រឹមត្រូវតាមគន្លងធម៌។ ការឱ្យដៃកូន ឬពន្យុះកូនឱ្យធ្វើនូវអ្វីដែលមិនត្រឹមត្រូវ ឬកាន់ជើងកូនក្នុងរឿង ដែលមិនសមរម្យ ជំនួសឱ្យការបង្ហាត់បង្រៀន ឬដាស់តឿន នឹងធ្វើឱ្យគេបានចិត្ត និងមិនចេះខ្លាចក្រែង ឬលែងចេះកោតគោរពអ្នកណា។
៦ចំណុចខាងលើ ដែលបានរៀបរាប់មកនេះ លោកឪពុក-អ្នកម្តាយសម័យថ្មី គួរតែចៀសវាង និងមិនគួរមើលរំលងឡើយ ដើម្បីជីវិត និងអនាគតដ៏ល្អរបស់កូនៗ៕