តើអ្នកធ្លាប់មានអារម្មណ៍ដឹងទេថា ពេលខ្លះក្នុងជីវិតរស់នៅ មើលទៅហាក់ដូចជាស្មុគស្មាញលំបាកលំបិនខ្លាំងណាស់។ ម្នាក់ៗសុទ្ធតែនឹករំពឹងថា នឹងបានជួបតែរឿងល្អៗទាំងអស់ តែពេលខ្លះក៏មានអារម្មណ៍នឿយហត់នឹងការរស់នៅ ពី ១ថ្ងៃៗទៅ ១ថ្ងៃដែរ ព្រោះមិនដឹងថា នឹងត្រូវប្រព្រឹត្តខ្លួនយ៉ាងណា ដើម្បីឱ្យអ្នកឯទៀតគេពេញចិត្តយើង។ បើអ្នកកំពុងមានអារម្មណ៍ថា ហាក់ដូចជាគ្មានសេចក្ដីសុខជាមួយជីវិត នោះបង្ហាញថា អ្នកមិនបានរស់នៅតាមបែបដែលខ្លួនឯងចង់បានឡើយ ហើយតទៅនេះ គឺរឿង ៥យ៉ាងដែលអ្នកគួរឈប់ធ្វើ បើចង់មានជីវិតរស់នៅយ៉ាងមានសេចក្ដីសុខ…
១-ឈប់ប្រើជីវិតរស់នៅតាមអ្នកដទៃ
មនុស្សយើងកើតមកមិនដូចគ្នាទេ ចំណង់ចំណូលចិត្តក៏មិនដូចគ្នា សមត្ថភាពក៏ខុសគ្នា ដូច្នេះហើយ យើងមិនចាំបាច់ត្រូវទៅធ្វើតាមអ្នកណា ឬមានឱ្យដូចគេឡើយ។ យើងត្រូវហាត់មានដំណើរផ្លូវរបស់ខ្លួនឯង កុំខ្លាចក្នុងការធ្វើជាខ្លួនឯង ដោយសារតែគិតថា បើមិនធ្វើដូចគេ យើងនឹងចូលចំណោមគេមិនចុះ។ បើសិនជាដូច្នោះមែន ក្រុមមនុស្សទាំងនោះ ប្រហែលជាមិនស័ក្តិសមនឹងរូបអ្នកទេ។ ចូរដកថយចេញមកវិញ ហើយស្វែងរកទីតាំង ដែលអាចធ្វើជាខ្លួនរបស់អ្នក តាមបែបជីវិតរបស់អ្នកបានយ៉ាងពេញលេញ ដោយមិនចាំបាច់ខ្លាចថា អ្នកផ្សេងគេគិតយ៉ាងណាឡើយ ទើបវាប្រសើរជាង។
២-បញ្ឈប់ចរិតនិស្ស័យដែលមិនចេះបដិសេធ
ការធ្វើជាមនុស្សដែលមិនចេះបដិសេធ ទទួលយកគ្រប់សំណូមពរពីអ្នកដទៃ ពូកែក្រែងចិត្តគេ ចុងក្រោយ គឺយើងខ្លួនឯងហ្នឹងឯង ដែលលំបាក និងទើសទាល់ ព្រោះរឿងមួយចំនួន វាមិនមែនជារឿងដែលយើងចង់ធ្វើសោះឡើយ។ បើយើងមានអារម្មណ៍ថា ការអង្វរក ឬសំណូមពររបស់នរណាម្នាក់ ធ្វើឱ្យយើងទើសទាល់ ចូរបដិសេធវាទៅ ប្រាប់គេថា យើងមិនអាចធ្វើរឿងនោះ ឬធ្វើតាមអ្វី ដែលអ្នកដទៃត្រូវការនោះបានទេ។ គ្រាន់តែនិយាយបដិសេធទៅវិញ បែបសុភាពរាបសា និងយល់ចិត្តគ្នាទៅវិញទៅមក ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ។
៣-ឈប់ខ្វល់ខ្វាយពីអ្នកដទៃ ខ្លាំងជាងអារម្មណ៍របស់ខ្លួនឯង
ឈប់ធ្វើជាមនុស្សដែលបារម្ភខ្វល់ពីអារម្មណ៍អ្នកដទៃ តែចូរងាកមកសម្លឹងមើលពីអារម្មណ៍ខ្លួនឯង ព្រោះមនុស្សដែលគួរបារម្ភកង្វល់មុនគេបង្អស់ គឺខ្លួនយើងហ្នឹងឯង។ អ្នកណាសម្លឹងមើលមករូបអ្នកថាយ៉ាងណា មិនសំខាន់ឡើយ សំខាន់នៅត្រង់ថា តើអ្នកគឺជាមនុស្សក្នុងបែបដែលគេគិតនោះមែនឬទេ? មិនចាំបាច់ត្រូវខំព្យាយាម ឱ្យមនុស្សមួយពិភពលោក មកស្រឡាញ់យើងគ្រប់គ្នានោះទេ ព្រោះវាមិនអាចទៅរួចឡើយ។ យកចិត្តទុកដាក់ពីអារម្មណ៍របស់ខ្លួនឯង និងអ្នកក្បែរខ្លួនយើងវិញ អាហ្នឹងឯងដែលសំខាន់ជាងអ្វីៗទាំងអស់។
៤-ឈប់ឱ្យតម្លៃទាបលើសមត្ថភាពខ្លួនឯង
កុំមើលងាយសមត្ថភាពរបស់ខ្លួនឯង។ យើងគ្រប់គ្នាសុទ្ធតែមានភាពពិសេសដោយឡែកៗពីគ្នា គ្មានអ្នកណាអន់ជាងអ្នកណាឡើយ។ គ្រប់គ្នាអាចអភិវឌ្ឍ និងហ្វឹកហាត់ ដើម្បីឱ្យខ្លួនឯងកាន់តែពូកែឡើងបានទាំងអស់។ ដូច្នេះ យើងកុំវាយតម្លៃខ្លួនឯង ទាបជ្រុលពេក។
៥-ឈប់ក្លែងបន្លំ
មិនបាច់ក្លែងបន្លំធ្វើ ដើម្បីឱ្យអ្នកដទៃគេមានអារម្មណ៍ល្អ ឬសប្បាយចិត្តនោះទេ បើអ្នកមិនមានអារម្មណ៍បែបនោះជាមួយគេទេនោះ។ ចូរញញឹម នៅពេលដែលអ្នកមានអារម្មណ៍ចង់ញញឹម ចូរសើច នៅពេលដែលអ្នកមានអារម្មណ៍ថាវាកំប្លែង។ ធ្វើខ្លួនតាមធម្មជាតិ កុំបង្ខំចិត្តក្នុងការបង្ហាញ ឬសម្ដែងថា អ្នកកំពុងមានអារម្មណ៍យ៉ាងណា នោះអ្នកនឹងមានជីវិតរស់នៅបាន យ៉ាងមានសេចក្ដីសុខកាន់តែងាយឡើងមិនខាន៕