Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ៥ទង្វើរបស់ក្មេងៗ ដែលបញ្ជាក់ថា ពួកគេគឺ អ្នកប្រាជ្ញ Albert Einstein នាពេលអនាគត

លោកឪពុកអ្នកម្តាយ ដែលមានកូនតូចក្នុងអំឡុងវ័យបឋម តែងតែនឹកកង្វល់ពីការរៀនយល់ដឹងរបស់ពួកគេមែនទេ? ព្រោះកុមារក្នុងវ័យនេះ ចាប់ផ្តើមចេះចាប់អារម្មណ៍លើរឿងជាច្រើនហើយ ដូចជា ចេះហាត់អាន ហាត់សរសេរ មានសង្គមមិត្តភក្តិនៅសាលា ហើយខួរក្បាលរបស់កុមារ ក៏នឹងវិវឌ្ឍពេញទំហឹងដែរ។ ដូច្នេះបើសិនជាពួកគេមានទង្វើ និងឥរិយាបថអ្វីប្លែកៗ អាណាព្យាបាលមិនចាំបាច់កង្វល់ចិត្តទេ ព្រោះនោះ គឺជាសញ្ញាដែលបង្ហាញថា កូនរបស់អ្នកជាក្មេងឆ្លាត វាងវៃល្អ និងរៀនយល់ដឹងបានលឿន សមនឹងវ័យហើយ តែ…តើមានទង្វើអ្វីខ្លះទៅ ដែលក្មេងឆ្លាតៗ ច្រើនតែនាំគ្នាធ្វើ? សូមតាមដានស្ដាប់ជាបន្ត…

ប៉ិនសួរដេញដោល

ក្មេងៗដែលប៉ិនសួរ ប៉ិនឆ្ងល់គ្រប់យ៉ាង ទោះជារឿងអត់ប្រយោជន៍ក៏ដោយនោះ គឺពួកគេកំពុងតែរៀនយល់ដឹងពីអ្វីដែលថ្មីៗហើយ។ បើសិនជាពួកគេសួរក្នុងរឿង ដែលពិបាកអធិប្បាយប្រាប់ ឪពុកម្តាយអាចនឹងឆ្លើយបែបឱ្យក្មេងងាយយល់ និងបង្កប់ភាពកំប្លែង ឬឆ្លើយជាសំណួរទៅវិញ ឱ្យក្មេងៗបានយកទៅគិតដោយខ្លួនឯង។ ទង្វើបែបនេះ ល្អចំពោះក្មេង និងឪពុកម្តាយខ្លាំងណាស់ ព្រោះនឹងធ្វើឱ្យសម្ព័ន្ធភាពក្នុងគ្រួសារស្អិតល្មួត កក់ក្តៅ ខ្លាំងឡើងទៀតផង។

ចងចាំរឿងរ៉ាវផ្សេងៗបានល្អ

មិនចាំបាច់ត្រូវតែទន្ទេញចាំរត់មាត់ ឬចាំតម្រាមេរៀនបានតែម្យ៉ាងនោះទេ តែអាចជាការចងចាំរឿងរ៉ាវ ដែលកូនតូចរបស់អ្នក ធ្លាប់បានឃើញពីមុន ហើយថ្ងៃនេះ គេបាននាំយកមកសួរអ្នកឡើងវិញ។ នោះបញ្ជាក់ថា កូនតូចរបស់អ្នកមានការចងចាំដែលល្អ និងអាចចេះគិតកែខៃដោះស្រាយបញ្ហា បានតាមរយៈព័ត៌មានដែលស្ថិតនៅក្នុងការចងចាំរបស់គេហ្នឹងឯង។

ចេះចាប់អារម្មណ៍អានសៀវភៅ

អានសៀវភៅនៅទីនេះ មិនបានមានន័យថា គិតតែពីអានយកមែនទែននោះទេ សុំត្រឹមតែបើកសៀវភៅមើលលេងៗ ក៏គ្រប់គ្រាន់ណាស់ទៅហើយ ដូចជាពពួកសៀវភៅរឿងនិទាន ដែលមានរូបភាពពណ៌ល្អៗស្អាតៗ ក្មេងៗនឹងចាប់អារម្មណ៍ជាមួយរូបភាពទាំងនោះ និងបើសិនជាពួកគេចង់ដឹងពីសាច់រឿងផងនោះ លោកឪពុកអ្នកម្តាយត្រូវអាស្រ័យចង្វាក់នេះ បង្រៀនអក្សរឱ្យកូនតូចចេះអានបានដោយខ្លួនឯងតែម្ដង ដោយមិនចាំបាច់បង្ខំក្មេងឡើយ។

ចេះប្រមូលសន្សំរបស់របរផ្សេងៗ

តើធ្លាប់សង្កេតដែរទេថា ពេលនាំកូនៗទៅលេងតាមឆ្នេរសមុទ្រ ពួកគេច្រើនតែរើសសម្បកងាវ គ្រំ ឬដុំក្រួសតូចៗស្អាតៗយកមកទុកក្នុងហោប៉ៅ ឬទិញនំ ១កញ្ចប់ ១ ០០០រៀលមក តែបែរជាមិនញ៉ាំនំនោះទេ គ្រាន់តែត្រូវការតែរបស់ថែម ដែលនៅក្នុងថង់នំនោះប៉ុណ្ណោះ។ នេះគឺដោយសារតែកូនរបស់អ្នកមានសេចក្តីសុខជាមួយនឹងអ្វី ដែលគេបានធ្វើ ហុចផលឱ្យគេមានអារម្មណ៍ល្អ ហើយខួរក្បាលក៏អភិវឌ្ឍបានល្អតាមនោះដែរ។

មាននិស្ស័យចូលចិត្តចាត់ចែងរៀបចំ

ក្មេងៗនឹងមានអារម្មណ៍ជក់ចិត្ត និងសប្បាយ ជាមួយការចាត់ចែងរៀបចំរបស់របរផ្សេងៗឱ្យមានរបៀប ដូចជា រៀបខ្មៅដៃពណ៌ដាក់ចូលក្នុងប្រអប់ រៀបចំរបស់លេង ចាប់ពីរបស់តូចៗ ទៅរករបស់ធំៗជាដើម ដែលទង្វើទាំងនេះបង្ហាញថា កូនតូចរបស់អ្នក ចាប់ផ្តើមចេះញែក និងបែងចែកប្រភេទនៃវត្ថុបានហើយ និងនេះថែមទាំងជាការហ្វឹកហាត់ពីការមានរបៀបរៀបរយទៀតផង។

បានដឹងបែបនេះហើយ ចូរសាកល្បងសង្កេតមើលកូនតូចរបស់លោកអ្នកទៅមើលថា តើពួកគេមានទង្វើ ដូចដែលបានរៀបរាប់មកដែរឬទេ? បើមាន…នោះបញ្ជាក់ថា កូនតូចរបស់អ្នកចាប់ផ្តើមជះពន្លឺនៃភាពអច្ឆរិយៈចេញមកហើយ…មិនប្រាកដដែរ នៅពេលធំឡើង គេអាចនឹងស្រាវជ្រាវរកឃើញទ្រឹស្តីថ្មីណាមួយ រហូតដល់បានទទួលពានរង្វាន់ណូបេល ផងក៏មិនដឹង៕

A boy ask to his father some questions.
Confused child, shrugging shoulders, vector illustration, cartoon character, isolated, white background
×