សព្វថ្ងៃនេះ កំលោះក្រមុំជាច្រើនគូ បានរួមរស់នៅជាមួយគ្នាដោយមិនបានរៀបការ។ តើអ្នកដឹងទេថា ការសម្រេចចិត្តបែបនេះ អាចជួបនឹងបញ្ហាផ្សេងៗជាច្រើន។ តទៅនេះ គឺជាចំណុចសំខាន់ៗមួយចំនួន ដែលគូស្នេហ៍រស់នៅជាមួយគ្នា ដោយមិនបានរៀបការ គួរតែរិះគិត និងពិចារណាឱ្យបានល្អ…
ប្រការទី១…ធ្វើឱ្យខ្វះភាពស្ថិតស្ថេរក្នុងគ្រួសារ ជាពិសេសខាងស្រី ពេលរស់នៅជាមួយគ្នាយូរទៅ ច្រើនតែកើតមានអារម្មណ៍ព្រួយបារម្ភ ខ្លាចត្រូវខាងប្រុសបោះបង់ចោលនៅពេលណាមួយ ធ្វើឱ្យចាប់ផ្តើមមានការទាមទារច្រើនឡើង ឬប្រចែប្រចណ្ឌច្រើនដោយមិនដឹងខ្លួន។
ប្រការទី២…នៅក្នុងន័យរបស់ច្បាប់វិញ ដោយសាតែទាំងខាងប្រុស និងខាងស្រី គ្មានចំណងខាងច្បាប់កំហិតទុក ដូច្នេះបើសិនជាមានការលែងលះគ្នានៅពេលខាងមុខ អាចនឹងមានបញ្ហា ធ្វើឱ្យខាងស្រីមិនអាចទាមទារអាហារកិច្ចបាន ឬខាងប្រុសអាចមានបញ្ហា ក្នុងរឿងសិទ្ធិការចិញ្ចឹមមើលថែកូន។
ប្រការទី៣…អារម្មណ៍របស់សាច់ញាតិបងប្អូនទាំងសងខាង អាចមិនព្រមទទួលស្គាល់ និងមើលងាយមើលថោក។
ប្រការទី៤…ជាចន្លោះប្រហោងមួយ ដែលអាចធ្វើឱ្យមានការបែកបាក់បានយ៉ាងងាយ ដោយសារតែម្នាក់ៗគ្មានចំណងអ្វី ចងគ្នាទៅវិញទៅមក បើកើតមានបញ្ហាទាស់ទែងគ្នាឡើង ត្រឹមតែនរណាម្នាក់ (ខាងប្រុស ឬខាងស្រី) យួរវ៉ាលីសចុះចេញទៅ ក៏បិទឆាកជីវិតគូបានបាត់ទៅហើយ ព្រោះគ្មានអ្វីមកជួយទប់ការបែកបាក់ ឬជួយពន្យឺតពេលវេលាដល់ការបែកបាក់នេះបានឡើយ។
ដូច្នេះ មុននឹងអ្នកគិតចង់រួមរស់នៅជាមួយគូស្នេហ៍ដោយមិនបាច់រៀបការនោះ សុំឱ្យនឹកគិតទៅដល់បញ្ហាដែលបានរៀបរាប់មកនេះជាមុនសឹន។ សួរចិត្តខ្លួនឯងទៅមើលថា តើមានភាពប្រាកដ និងជឿជាក់ចំពោះភាពស្មោះត្រង់ និងភាពទទួលខុសត្រូវរបស់គូស្នេហ៍បានប៉ុនណាដែរ? តើអ្នកអាចប្រឈមមុខជាមួយក្រុមគ្រួសារ និងសង្គមបាន ដោយមិនមានអារម្មណ៍បារម្ភព្រួយ និងខ្មាស់អៀនបានឬទេ? តើអ្នកមានបានគិតវែងឆ្ងាយ ទៅដល់ការមានកូនដែរឬទេ? និងសូមកុំភ្លេចថា នៅក្នុងសង្គមខ្មែរយើង ស្ត្រីជាអ្នកចាញ់ប្រៀប និងជាអ្នកដែលត្រូវរងតំណិះទិតៀនពីសង្គម៕