ស្ថាប័នចារកម្មជាតិរបស់កូរ៉េខាងត្បូង (NIS) ថ្មីៗនេះបានថ្លែងព្រមានថា៖ កូរ៉េខាងជើងនៅតែព្យាយាមអនុវត្តកិច្ចប្រឹងប្រែងមួយដើម្បីបញ្ឆេះឲ្យមានសង្គ្រាមលោកលើកទី៣។
កាសែត Express បានលើកឡើងពីការសន្និដ្ឋានរបស់ NIS ថា ៖ “កូរ៉េខាងជើងនឹងដំណើរការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀត ហើយបន្តជំរុញការអភិវឌ្ឍន៍បណ្តាក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបង្រួមតូចហើយមានច្រើនសណ្ឋាន”។
តើវិបត្តិកូរ៉េអាចក្លាយជាសង្គ្រាមលោកលើកទី៣ដែរឬទេ?
ស្ថាប័នចារកម្មនេះឲ្យដឹងទៀតថា កូរ៉េខាងជើងកំពុងបង្កើនសកម្មភាពជុំវិញមូលដ្ឋានស្រាវជ្រាវមួយនាក្រុងព្យុងយ៉ាង ក៏ជាសញ្ញាបង្ហាញឲ្យឃើញថា មេដឹកនាំ Kim Jong Un កំពុងត្រៀមបំរុងមាននូវទង្វើបង្កជម្លោះសារជាថ្មីគិតចាប់ពីខែកញ្ញាមក។
ការព្រមានទាំងឡាយជុំវិញរឿងពិសោធន៍នុក្លេអ៊ែររបស់កូរ៉េខាងជើង កាន់តែផុលផុសគ្រាដែលប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ធ្វើដំណើរទស្សនៈកិច្ចទ្វីបអាស៊ី កន្លែងដែលលោកនឹងពិភាក្សានូវអនាគតរបស់កូរ៉េខាងជើងជាមួយមេដឹកនាំពិភពលោកច្រើននាក់។
ប្រធានាធិបតីត្រាំមកដល់ជប៉ុននៅថ្ងៃទី៥ខែ១១ ហើយភ្លាមៗនោះក៏ចាប់ផ្តើមជម្លោះពាក្យសម្តីជាមួយ Kim Jong Un គ្រាហៅគាត់ថា ជា”មេផ្តាច់ការ” និងព្រមានលោក Kim ថា ពុំគួរវាយតម្លៃទាបចំពោះការព្រមានទាំងឡាយរបស់អាមេរិក។
ប្រធានាធិបតីត្រាំថ្លែងសុន្ទរកថាអំពីកូរ៉េខាងជើង គ្រាមកដល់ជប៉ុនភ្លាម
ក្រោយពេលទៅដល់មូលដ្ខានទ័ពអាកាស Yokota ភាគខាងលិច ជប៉ុន លោកត្រាំបានថ្លែងទៅកាន់ពលទាហានជប៉ុនថា “ពុំមានមេផ្តាច់ការរបបណា ឬប្រទេសណាអាចវាយតម្លៃទាបការសម្រេចចិត្តរបស់អាមេរិកឡើយ”។
“រៀងរាល់លើកក្នុងអតីតកាលពេលដែលពួកគេវាយតម្លៃយើងខ្ញុំទាបសុទ្ធសឹងតែធ្វើឲ្យពួកគេពុំបានស្រួលខ្លួនឡើយមែនទេ?” លោកត្រាំពោល។ “គ្មានពេលណាដែលយើងខ្ញុំលើកលែង គេចចេញ ឬប្តូរគោលជំហរក្នុងកិច្ចការពារសេរីភាពរបស់យើងខ្ញុំ”។
ប៉ុន្តែចំពោះពលរដ្ឋកូរ៉េខាងជើងវិញ លោកត្រាំបែរជាបង្ហាញការអាព្យាស្រ័យបំផុតដោយហៅពួកគេថា “ជាមនុស្សដ៏អស្ចារ្យ”៕ សូយន