Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ បងច្រណែនប្អូន ប្អូនច្រណែនបង ឪពុកម្ដាយត្រូវធ្វើដូចម្ដេច?

គ្រួសារណាដែលមានកូន ២នាក់ ហើយអាយុខុសគ្នាប្រមាណតែ ២-៣ឆ្នាំនោះ ច្រើនតែជួបនឹងបញ្ហាដ៏គួរឱ្យពិបាកចិត្តក្នុងរឿង អាបងច្រណែនអាប្អូន និងអាប្អូនច្រណែនអាបង ខ្លះមិនខាន បើមិនតិចក៏ច្រើនដែរ។ ភាពខុសប្លែកគ្នាក្នុងរឿងអាយុ និងភេទ ជាមូលហេតុចម្បង ដែលធ្វើឱ្យក្មេងកើតក្ដីច្រណែនគ្នា ដូចជា កូនច្បងច្រណែននឹងកូនពៅ ដែលឪពុកម្ដាយផ្ដល់ភាពសំខាន់លើប្អូន ខ្លាំងជាងខ្លួន។

រឿងដែលសំខាន់ខ្លាំងបំផុតនោះគឺ ឪពុកម្ដាយត្រូវតែយល់ដឹងអំពីរឿងនៃភាពស្មើគ្នា ក្នុងការផ្ដល់ពេលវេលាដល់កូន ដោយមិនឱ្យទៅនរណាម្នាក់ច្រើនពេក ឬតិចពេក មិនជ្រើសរើសប្រណិបត្តិខុសគ្នាជាមួយកូន ក្នុងរឿងតែមួយដូចគ្នា ឬក្នុងហេតុការណ៍ដែលស្រដៀងគ្នា ដូចជា ពេលកូនប្អូន មិនប្រមូលទុកដាក់របស់លេង ក៏ប្រាប់ថា មិនអីទេ ចាំម៉ាក់ប្រមូលទុកឱ្យ តែដល់កូនបងលេងវិញម្ដង អ្នកក៏ប្រាប់ថា បើលេងហើយ ចូរប្រមូលទុកដាក់ក្នុងឡាំងឱ្យស្រួលបួលផង។ បើកូនបងមិនធ្វើតាមម្ដាយប្រាប់ ម្ដាយបែរជាលែងឱ្យកូនបងលេងរបស់លេងនោះតទៅទៀត ជាដើម។ ប្រាកដណាស់ថា អ្វីដែលអ្នកនិយាយ កូននឹងលើកយកមកគិតយ៉ាងពិតប្រាកដថា ពេលប្អូន ហេតុអីលេងហើយ ម៉ាក់ជាអ្នកប្រមូលទុកដាក់ឱ្យ? ចុះដល់រូបគេលេងម្ដង ម៉េចបានម៉ាក់ឱ្យប្រមូលទុកដាក់ខ្លួនឯង?។ បែបនេះមិនមែនជារឿងល្អចំពោះកូនច្បងឡើយ ព្រោះគេនឹងចាប់ផ្ដើមមានអារម្មណ៍មិនល្អជាមួយនឹងប្អូនមិនខាន។ ទីបំផុតអាចក្លាយជារឿង បងស្អប់ប្អូនតែម្ដងក៏មានដែរ។

ការប្រណិបត្តិខ្លួនយ៉ាងស្មើភាពជាមួយកូនៗរបស់ឪពុកម្ដាយ នឹងជួយឱ្យកើតមានភាពយល់ចិត្ត រវាងគ្នានឹងគ្នាបានល្អបំផុត ព្រោះបញ្ហា វាកើតចេញពីខ្លួនឪពុកម្ដាយផ្ទាល់ហ្នឹងឯង។ អ្វីដែលឪពុកម្ដាយត្រូវនឹកដល់ឱ្យច្រើនបំផុតនោះគឺ រឿងសភាពផ្លូវចិត្តរបស់កូនច្បង។ លោកអ្នកត្រូវយកចិត្តទុកដាក់លើគេឱ្យបានច្រើន បែងពេលវេលាមកជជែកលេងជាមួយកូន ឬការផ្ដល់ពេលវេលារួមគ្នាជាមួយកូនៗ ទាំងកូនច្បង និងកូនពៅ វានឹងជួយចងសម្ព័ន្ធភាពរវាងបងប្អូនបានយ៉ាងល្អ និងថែមទាំងជួយឱ្យពួកគេបានធំធាត់ឡើងព្រមជាមួយសេចក្ដីស្រឡាញ់ ដែលមានចំពោះគ្នាទៅវិញទៅមកទៀតផង។ ការបង្រៀនឱ្យកូនចេះចែករំលែកសេចក្ដីស្រឡាញ់ទៅអ្នកដទៃខ្លះ នឹងជួយឱ្យគេសុខចិត្តធ្វើជាបងធំ ដែលលះបង់ឱ្យប្អូនៗជានិច្ច។ ការបង្រៀនកូនបែបនេះ មានផលល្អទៅដល់អនាគតខាងមុខរបស់គេ ព្រោះចុងក្រោយទៅ គេនឹងក្លាយជាមនុស្សដែលមានចិត្តល្អ ចេះសណ្ដោសប្រណី ទន់ភ្លន់ជាមួយមនុស្សជុំវិញខ្លួនជានិច្ច និងទីបំផុតទៅ រឿងដែលយើងគិតថា គេជាក្មេងដែលប៉ិនច្រណែននោះ នឹងរលាយបាត់អស់បន្តិចម្ដងៗជាមិនខាន តែទាំងអស់នេះក៏អាស្រ័យលើការអប់រំប្រៀនប្រដៅយ៉ាងត្រឹមត្រូវអំពីឪពុកម្ដាយផងដែរ។

រឿងដែលត្រូវដឹង

ក្មេងៗគ្រប់រូប មានភាពជាឯកលក្ខណៈរបស់ខ្លួន និងមានរឿងខ្លះ ដែលខ្លួនគេមានមោទនភាព ដូច្នេះចូរព្យាយាមបង្ហាត់បង្រៀនជាប់ជានិច្ច តាំងពីពួកគេនៅតូចៗថា យើងនឹងមិនប្រៀបធៀបរូបគេទៅនឹងបង ឬប្អូនឡើយ ព្រោះម្នាក់ៗមានភាពលេចធ្លោម្យ៉ាងៗម្នាក់នៅក្នុងខ្លួន។ ការធ្វើឱ្យគេមានមោទនភាពចំពោះអ្វីដែលគេមាន នឹងជួយកាត់បន្ថយការប្រកួតប្រជែង ឬភាពច្រណែនឫស្យាក្នុងចិត្តរបស់ក្មេងៗបាន។ លោកអ្នកអាចនឹងចង់ដឹងថា តើយើងមានវិធីយ៉ាងណាក្នុងការធ្វើឱ្យកុមារមានអារម្មណ៍មោទនភាពចំពោះខ្លួនឯង…
ចម្លើយក៏គឺ លោកអ្នកត្រូវព្យាយាមរកឱ្យឃើញរឿងមួយនេះពីក្នុងខ្លួនគេ តាមរយៈការសង្កេត ជជែកនិយាយជាមួយគេ ១ទល់១ ឬធ្វើកិច្ចការងាររួមគ្នាឱ្យបានញឹកញាប់ និងផ្ដល់ពេលវេលាយ៉ាងគ្រប់គ្រាន់ជាមួយកូនៗម្នាក់ៗ។ ការផ្ដល់ពេលវេលាចំពោះកូនម្នាក់ៗ នឹងធ្វើឱ្យឪពុកម្ដាយយល់ដឹងថា កូនម្នាក់នេះអាចនឹងរៀនពូកែ តែម្នាក់ទៀតអាចនឹងលេងកីឡាពូកែ ឬម្នាក់ទៀតអាចពូកែនិយាយ ជាដើម។ «ចុងបញ្ចប់នេះ យើងចង់ប្រាប់ថា…ភាពពូកែរបស់ក្មេងៗ មិនដូចគ្នាទេ ដូច្នេះសូមមេត្តាកុំយករឿងតែ១ មកប្រៀបធៀបជាមួយកូនៗអី ព្រោះកូនម្នាក់ៗ ប្រៀបដូចជាផ្កាប្រភេទផ្សេងៗពីគ្នា មិនអាចប្រៀបធៀបគ្នាបានឡើយ»៕

×