Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិាហ៍៖ សំណួរ-ចម្លើយ ពីបញ្ហាក្នុងជីវិតគូ

នៅពេលកើតបញ្ហាដែលត្រូវនិយាយគ្នា ឬត្រូវសម្រួលគ្នា អ្នកមិនគួរបណ្តោយ ឬទុកបញ្ហានោះចោល នាំឱ្យមានអារម្មណ៍ធុញថប់ ឬលែងមានសេចក្តីសុខ រហូតធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍រង្គោះរង្គើឡើយ។ ខាងក្រោមនេះ គឺជាសំណួរ និងចម្លើយ ដែលយើងជួបប្រទះជាញឹកញាប់បំផុតក្នុងជីវិតគូ។

Q. ពេលរស់នៅជាមួយគ្នាបានមួយរយៈធំហើយ ខាងស្រីចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ មួម៉ៅ ព្រោះចង់ធ្វើអ្វីផ្សេងៗតាមចិត្តខ្លួនឯងចង់ តែត្រូវស្វាមីហាមឃាត់ ដូចជា ចង់មើលរឿងភាគដែលខ្លួនឯងចូលចិត្ត តែត្រូវលោកប្តីរអ៊ូ ព្រោះយល់ថា វាជារឿងឥតប្រយោជន៍ ជាដើម ដូច្នេះតើត្រូវធ្វើយ៉ាងម៉េចស្រួលទៅ?
A. ជីវិតប្តីប្រពន្ធ ជួនកាលនៅជាមួយគ្នាច្រើនពេក វាក៏នឿយហត់ដែរ។ ជាញឹកញាប់ណាស់ ដែលមនុស្សយើងផ្ដល់ពេលវេលាឱ្យជីវិតគូច្រើនពេក រហូតដល់ភ្លេចចែករំលែកសេចក្តីសុខឱ្យខ្លួនឯង ដូច្នេះ ម្នាក់ៗត្រូវមានជីវិតផ្ទាល់ខ្លួនខ្លះផង។ ធ្វើអ្វីក៏បានដែរ ឱ្យតែធ្វើទៅហើយ ខ្លួនឯងមានសេចក្តីសុខ ដូចជា ទៅហាត់យ៉ូហ្គា ទៅស្ប៉ា ទៅដើរស្សប់ភីងតាមហាងទំនើប មើលរឿងភាគដែលចូលចិត្តតែម្នាក់ឯង តែក៏គួរនិយាយប្រាប់ស្វាមី យ៉ាងសុភាពរៀបរយដែរថា ខ្ញុំសុំធ្វើរឿងហ្នឹងណា៎ មិនមែនមានបញ្ហាក្នុងជីវិតគូទេ តែសុំបំពេញសេចក្តីសុខឱ្យខ្លួនឯងខ្លះ។ ការដែលយើងបានត្រឡប់មករស់នៅបែបឯកជនផ្ទាល់ខ្លួនយ៉ាងមានបែបផែនប្រកបដោយសេចក្តីសុខ ពេលមានបញ្ហាចូលមក នឹងមិនសូវធ្វើឱ្យយើងកើតទុក្ខខ្លាំងឡើយ ព្រោះយើងបានបំពេញសេចក្តីសុខឱ្យខ្លួនឯងឡើងពេញរួចទៅហើយ។ ចូរសង្កេតមើលថា ថ្ងៃណាដែលយើងមានសេចក្តីសុខ ថ្ងៃនោះ តឱ្យឡានកកស្ទះពេញផ្លូវទៅណាមិនរួចក៏ដោយ ក៏យើងមិនមានអារម្មណ៍នឹកខឹង ឬចង់ជេរបញ្ចោរដែរ។

Q. ពេលមានជម្លោះ ច្រើនតែដំឡើងសំឡេងដាក់គ្នា ដោយសារតែម្នាក់ៗ សុទ្ធតែគិតថា ខ្លួនឯងត្រូវ
A. គូស្វាមី ភរិយាក្នុងយុគសម័យនេះ ភាគច្រើនមិនសូវមានភាពអត់ធ្មត់ប៉ុន្មានឡើយ ព្រោះច្រើនតែគិតថា បើលែងមានសេចក្តីសុខហើយ មិនដឹងជាខំប្រឹងនៅជាមួយគ្នាធ្វើអីទៀតទេ? បន្ទាប់ពីនោះ ការលែងលះ នឹងកើតឡើងបានយ៉ាងងាយ។ ការកែបញ្ហានេះក៏គឺ បើគិតថាចង់ឈ្លោះគ្នា យើងសូមណែនាំទៅចុះថា គួរតែស្ងាត់ៗទៅវិញសិន ចាំពេលអារម្មណ៍ត្រជាក់ស្ងប់វិញហើយ សឹមត្រឡប់មកនិយាយគ្នាម្តងទៀត។ តែអ្វីដែលជួបប្រទះនោះគឺ ស្វាមី-ភរិយាជាច្រើនគូ គ្មានវិធីការជជែកគ្នា ឬពេលជជែកនោះទៀតសោត ច្រើនតែព្យយាមរើកកាយយករឿងមិនល្អមកនិយាយ ដូចជា ហេតុអីបានបងឯង ឬអូនឯងធ្វើបែបហ្នឹង!? បងឯង ឬអូនឯង គិតថា រឿងហ្នឹងវាអ៊ីចឹងហ្អេ៎? គឺមិនព្រមរកវិធីដោះស្រាយទេ មិនរកចំណុចសរុបទេ តែគិតតែពីនិយាយ ដើម្បីចាប់កំហុស ហើយចោទទៅគេថា ជាអ្នកខុស។

Q. រៀបការហើយ គួរតែមានកូនតែម្តង ឬក៏ចាំឱ្យប្រាកដក្នុងចិត្តចំពោះទង្វើរបស់ស្វាមីជាមុនសឹន?
A. ការរស់នៅក្នុងជីវិតគូ ត្រូវបានបែងចែកចេញជា ២វគ្គ។ ១ គឺអំឡុងពេលចាប់ផ្តើមរស់នៅជាមួយគ្នា រហូតដល់មានកូន រួចនឹងក្លាយជាជីវិតក្រុមគ្រួសារ និង២ លុះដល់ពេលកូនធំៗអស់ទៅ យើងក៏នឹងវិលត្រឡប់មករស់នៅបែបជីវិតគូជាថ្មីម្តងទៀត។ ភាគច្រើនទៅ យើងតែងជួបរឿងការលែងលះកើតឡើង បន្ទាប់ពីរួមរស់នៅជាមួយគ្នាបានមួយរយៈហើយ ព្រោះនៅពេលដែលរស់នៅជាមួយគ្នាមែនទែន គ្មាននរណាអាចលាក់កំបាំងចរិតពិតរបស់ខ្លួន បានលើសពី ១ឆ្នាំឡើយ ដូច្នេះបើអ្នកយកកូនមកធ្វើជាចំណោទក្នុងជីវិតគូ ដើម្បីតែរង់ចាំការលែងលះគ្នានោះ អ្នកដាក់ចំណោទហ្នឹងខុសហើយ តែបើយើងមានទស្សនៈរួមគ្នាថា យើងនឹងរស់នៅក្នុងជីវិតគូជាមួយគ្នាយ៉ាងមានសេចក្តីសុខ ដោយមិនបាច់ទៅចាប់អារម្មណ៍ថា នឹងមានកូននៅពេលណាវិញនោះ ទស្សនៈ ឬគំនិតមួយនេះ ប្រហែលជាល្អជាង ព្រោះថា កូនមិនមែនជាឧបសគ្គរបស់សេចក្តីសុខក្នុងជីវិតគូទេ៕

គន្លឹះល្អៗសម្រាប់ថែទាំជីវិតគូ

. នៅពេលអ្នកបានសម្រេចចិត្តថានឹងរៀបការហើយ អ្នកគួរតែទន្ទេញពាក្យថា អត់ទ្រាំៗៗឱ្យជាប់ក្នុងចិត្ត…
. ការរស់នៅក្នុងជីវិតគូ គួរកែសម្រួលចិត្តគំនិត ឱ្យក្លាយទៅជាមនុស្សដែលគួរស្រឡាញ់រវាងគ្នាទៅវិញទៅមក…
. គួរតែយល់ពីធម្មជាតិរបស់បុរសថា ពេលដែលបុរសមានបញ្ហា ហើយស្ងាត់មាត់ នោះគឺគេកំពុងតែព្យយាមដោះស្រាយបញ្ហានោះហើយ។
. ការរស់នៅក្នុងជីវិតគូ មិនគួរយកសេចក្តីសុខរបស់ខ្លួនឯង ធ្វើជាគោលតែម្យ៉ាងឡើយ។
. នៅពេលដឹងខ្លួនថា យើងជានារី ដែលស្រឡាញ់ឥស្សរៈសេរីភាព ក៏មិនគួរជ្រើសរើសយកបុរសណា ដែលរឿងច្រើន ឬនិយាយច្រើន មកធ្វើជាគូជីវិតឡើយ ព្រោះបើតាមគោលការណ៍ចិត្តវិទ្យាវិញ តុល្យភាពនៅក្នុងជីវិតគូបែបហ្នឹង មិនងាយកើតមានទេ
. មិនគួរនឹកសង្ឃឹមខ្លាំងលើសពីការពិតឡើយ ដូចជា ស្វាមីអាយុច្រើន ពេលខ្លះមានភាពដឹងក្តីតិច ប្រៀបបាននឹងកូនក្មេង តែសម្រាប់សា្វមីដែលនៅក្មេង ជួនកាលក៏អាចនឹងមានភាពទទួលខុសត្រូវជាមនុស្សចាស់ ជាទីប្រឹក្សាដ៏ល្អចំពោះភរិយាបានដែរ៕

Photo of a young woman shopping in the city while checking her mobile phone and smiling.
×