ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃព្រហស្បត្តិ៍ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ សេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៣៥ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពលោកតុប សំ ប្រធានក្រុមប្រឹក្សា ។ ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៣៤ អាណត្តិទី២។
លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍អំពីសកម្មភាពការងាររបស់អង្គភាព ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៨ ដោយបានទទួលការប្រកាសទ្រព្យសម្បត្តិនិងបំណុលសរុបចំនួន១១៧១នាក់ ដែលក្នុងនោះទទួលបានការតែងតាំងថ្មីចំនួន៨៦៤នាក់ លាលែង ចប់អាណត្តិចំនួន៣២នាក់ ចូលនិវត្តន៍ចំនួន២នាក់ និងបញ្ឈប់ពីមុខតំណែងចំនួន២១២នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើលិខិតទៅសាម៉ីក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដើម្បីបញ្ជាក់ពីមូលហេតុនៃការយឺតយ៉ាវក្នុងការប្រកាសទ្រព្យសម្បត្តិនិងបំណុល។ បានទទួលពាក្យប្តឹងចំនួន៣៤ពាក្យ (អនាមិក១៤ពាក្យ ស្មើនឹង៤១ភាគរយ) ។ អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន១១លិខិត ទទួលបានការបំភ្លឺចំនួន១៦លិខិត ហើយបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៣៣ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ។ អង្គភាព បានបើកបន្ទប់ស្តាប់ចម្លើយចំនួន១៩លើក។ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលឃុំ មេភូមិ អនុប្រធានភូមិ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម សរុបចំនួន៧៧៧៤នាក់ ដែលមាន៣៥គោលដៅ។ បានចូលរួមសង្កេតការណ៍ដេញថ្លៃ ៥៧គម្រោង ការពិគ្រោះថ្លៃចំនួន៩គម្រោង និងការវាយតម្លៃគម្រោងចំនួន៥គម្រោង។ ក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវចំពោះពាក្យប្តឹងចោទមន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយ(លទ្ធផលនៃការរស្រាវជ្រាវគឺពុំដូចការចោទប្រកាន់ទេ)។
លោកតុប សំ បានថ្លែងថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្វើឲ្យមានការគាំទ្រ និងសាទរ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងជំរុញនិងលើកទឹកចិត្តឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខិតខំរកវិធីសាស្ត្រ និងយុទ្ធវិធីដើម្បីដោះស្រាយបញ្ហាប្រឈមនានាឲ្យកាន់តែប្រសើរឡើង៕ ដោយ៖បញ្ញាស័ក្តិ