រឿងបន្ទោបង់ ឬបត់ដៃបត់ជើងនេះ ចង់គិតថា វាជារឿងតូចតាចក៏អាចថាបាន តែបើសិនជាការបន្ទោបង់ ដំណើរការមិនប្រក្រតីវិញនោះ វាអាចធ្វើឱ្យយើងមិនស្រួលកាយសប្បាយខ្លួន មិនស្រួលពោះ និងអាចរំខានទៅដល់ការទទួលទានអាហារ ការរំលាយអាហារ និងមានក្ដីរងទុក្ខវេទនាពីអាការ “ទល់លាមក” ឬកើតរោគ “ឫសដូងបាត” ទៀតផង។ តែការចង់ធ្វើឱ្យរាងកាយ មានប្រព័ន្ធបន្ទោបង់ដែលល្អ ក៏អាចជារឿងលំបាកដែរសម្រាប់មនុស្សជាច្រើន។
អ្នកជំនាញខាងផ្នែកប្រព័ន្ធរំលាយអាហារបានបញ្ជាក់ថា “រាងកាយរបស់មនុស្សយើងមានភាពស្មុគស្មាញ ការធ្វើការងាររបស់អវយវៈផ្សេងៗរបស់មនុស្សម្នាក់ៗ អាចនឹងមានភាពខុសប្លែកគ្នាបន្តិចបន្តួច មិនថាតែរឿងការគេងសម្រាកលង់លក់ ការបន្ទោបង់ទាំងធំ និងតូច ជារឿងដែលមើលទៅហាក់ដូចជាធម្មតាសម្រាប់មនុស្សជាច្រើន តែអាចនឹងក្លាយជារឿងលំបាក សម្រាប់មនុស្សមួយចំនួនបាន ជាពិសេសរឿង “បន្ទោបង់”។
អ្នកខ្លះអាចមានអារម្មណ៍ថា ក្នុង ១ថ្ងៃ យើងត្រូវបន្ទោបង់យ៉ាងតិច ១ដង ព្រោះបើសិនជាពេញ ១ថ្ងៃ មិនបន្ទោបង់សោះនោះ នឹងមានអារម្មណ៍ថា រាងទើសទាល់ ណែនៗពោះ និងអាចហុចផលឱ្យនៅថ្ងៃបន្ទាប់មក ធ្វើឱ្យពិបាកបន្ទោបង់ ឬបន្ទោបង់ពិបាកខ្លាំង រហូតដល់អាចកើតអាការទល់លាមកទៀតផង តែអ្នកខ្លះកន្លងទៅ ២-៣ថ្ងៃ ទើបបត់ជើងម្ដង តែក៏បន្ទោបង់បានយ៉ាងងាយស្រួល ដោយមិនមានអារម្មណ៍ថាពិបាកអ្វីឡើយ។ ដូច្នេះហើយទើបរឿងរបស់ការបន្ទោបង់សម្រាប់មនុស្សម្នាក់ៗ ហាក់ដូចជាខុសប្លែកពីគ្នា និងច្រើនបែបច្រើនយ៉ាង តាមការធ្វើការរបស់ប្រព័ន្ធបន្ទោបង់ និងដំណើរជីវិតប្រចាំថ្ងៃ រួមទាំងអាហារការហូបចុកផ្សេងៗជាដើមផងដែរ។
“ចំនួនដងនៃការបន្ទោបង់ ដែលស័ក្តិសមរបស់មនុស្សម្នាក់ៗ ក៏ហាក់ដូចជាខុសប្លែកពីគ្នាខ្លាំងដែរ។ តាមរយៈរបាយការណ៍ពីការសិក្សាស្រាវជ្រាវជាច្រើន បានរកឃើញថា ការបន្ទោបង់ដែលល្អដល់សុខភាពរាងកាយខ្លាំងបំផុត នឹងស្ថិតក្នុងចំនួនតាំងពី ៣ដង ក្នុង១ថ្ងៃ រហូតទៅដល់ ៣ដង ក្នុង១សប្ដាហ៍ ចំណែកអ្នកបន្ទោបង់ ១ថ្ងៃ ១ដង ត្រូវបានរកឃើញថា មានប្រមាណជា ៤០%”
យ៉ាងណាក៏ដោយ ចំនួនដងរបស់ការបន្ទោបង់ ក៏អាចពាក់ព័ន្ធនឹងអាការផ្សេងៗរបស់ជំងឺឆ្លងប្រភេទខ្លះដែរ ដូចជា រោគរាករូស(ដែលធ្វើឱ្យមានការបន្ទោបង់ច្រើនដង) មហារីក (បន្ទោបង់ចេញមកជាឈាម) ឬបើសិនជាគ្មានការបន្ទោបង់សោះ ក៏អាចជាសញ្ញាដាស់តឿនមួយ របស់រោគដែលពាក់ព័ន្ធនឹងប្រព័ន្ធបន្ទោបង់ដូចគ្នា។
តើចាំបាច់ត្រូវតែបន្ទោបង់ឱ្យបានក្នុង ១ថ្ងៃ ១ដងឬទេ?
អ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រមកពីស្ថាប័នវិទ្យាសាស្ត្ររបស់ប្រទេសអូស្រ្តាលីបានបញ្ជាក់ថា “ការបន្ទោបង់ឱ្យបាន ១ថ្ងៃ ១ដង មិនមែនជារឿងចាំបាច់ទេ តែបើបន្ទោបង់តិចជាង ៣ដង ក្នុង១សប្ដាហ៍ អាចនឹងបង្កឱ្យកើតគ្រោះថ្នាក់បាន ដូចជាកើតរោគឫសដូងបាត ឬរន្ធគូទកើតមានរបួស ដោយសារលាមកមានទំហំធំ និងរឹង រហូតធ្វើឱ្យមានឈាមចេញមកជាមួយជាដើម”
“អាការទល់លាមក អាចកើតឡើងបានពីច្រើនមូលហេតុ មានតាំងពីបណ្ដាលមកពីការព្យាបាលរបស់ជំងឺមួយចំនួន(ដោយសារផលប៉ះពាល់ពីថ្នាំប្រភេទខ្លះ ) ហើយមូលហេតុដែលច្បាស់លាស់បំផុតនោះគឺ ការញ៉ាំអាហារដែលមានជាតិកាកសរសៃ តិចជ្រុលពេក”
គន្លឹះល្អៗ ដើម្បីធ្វើឱ្យការបន្ទោបង់ដំណើរការល្អប្រក្រតី
ងាយៗបំផុតគឺ បន្ថែមអាហារដែលមានជាតិកាកសរសៃឱ្យបានច្រើនឡើងនៅក្នុងពេលបាយម្ដងៗ ដូចជាបន្លែ ផ្លែឈើ ធញ្ញជាតិ សណ្ដែក និងញ៉ាំទឹកឱ្យបានច្រើនឡើង។ ការហាត់ប្រាណជាប្រចាំ ក៏ធ្វើឱ្យប្រព័ន្ធបន្ទោបង់ធ្វើការយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើងដូចគ្នាដែរ។ បើចាប់ផ្ដើមមានអាការទល់លាមក តឹងណែនពោះ ចង់បត់ជើង លោកអ្នកអាចញ៉ាំទឹកឱ្យច្រើនឡើង ឬញ៉ាំអាហារដែលមាន ប្រូបៃអូទិកស៍(Probiotics) ដូចជាទឹកដោះគោជូរ យ៉ាអួរ ជ្រក់គីមឈី ក៏អាចជួយបានដូចគ្នាដែរ៕