គេនិយាយថា បុរសៗ ទោះជាអាយុច្រើនប៉ុនណាក៏ដោយ ក៏នៅតែមានភាពជាកូនក្មេងនៅក្នុងខ្លួនជានិច្ច តែការរៀបការបានផ្លាស់ប្តូរជីវិតរបស់មនុស្សប្រុសគ្រប់គ្នា ដែលបុរសមួយចំនួន បានកែសម្រួលខ្លួនឯងជាច្រើនរឿង ហើយនារីៗ ក៏គេយល់ និងដឹងពីរឿងនេះដែរ តែក៏នៅតែមានរឿងជាច្រើនទៀត ដែលភរិយាចង់ប្រាប់ឱ្យស្វាមីបានដឹងផងដែរ។ ដូច្នេះពេលនេះ សូមសាកល្បងតាមដានស្ដាប់អត្ថបទខាងក្រោមនេះទៅមើលថា តើលោកប្តីមានទង្វើដូចចំណុចណាខ្លះ និងតើគាត់ព្រមទទួលស្គាល់ការកែសម្រួលខ្លួនឯងដែរឬទេ?
១. រកអ្វីក៏មិនដែលឃើញដែរ
លោកប្តីតែងតែរករបស់ដែលខ្លួនប្រើប្រាស់ជាប្រចាំមិនដែលឃើញទេ និងតែងតែហៅភរិយាឱ្យមកជួយរកជានិច្ច លុះដល់ញឹកញាប់ពេកទៅ ភរិយាច្រើនតែរអ៊ូ។ ដូច្នេះរបស់ប្រើប្រាស់របស់ខ្លួន លោកប្ដីគួរតែទុកដាក់ឱ្យចាំកន្លែង ឬក៏សុំឱ្យភរិយារៀបចំកន្លែងមួយ សម្រាប់ទុកដាក់របស់ទាំងនោះ ដើម្បីកុំឱ្យភ្លេច។
២. ញៀនកីឡា និងហ្គេម
មុនពេលរៀបការ លោកប្តីទាំងឡាយអាចនឹងធ្លាប់លេងកីឡា និងហ្គេមខ្លះៗហើយមិនខាន តែក្រោយពេលរៀបការ ត្រូវកុំភ្លេចថា អ្នកមានភរិយាម្នាក់ ដែលត្រូវយកចិត្តទុកដាក់ ចុះបើគិតតែពីលេងហ្គេមរហូត ឬថ្ងៃឈប់សម្រាក ក៏ចេញទៅលេងបាល់ជាមួយមិត្តភក្តិបាត់ៗ ដោយគ្មានពេលវេលាសម្រាប់ភរិយាសោះនោះ យូរៗទៅនឹងកើតមានជម្លោះ ព្រោះតែរឿងនេះមិនខាន។
- ញៀនមិត្តភក្តិ
លោកប្តីណាដែលញៀនមិត្តភក្តិខ្លាំងពេក ចូរប្រយ័ត្នអាការប្រចណ្ឌរបស់ភរិយាឱ្យមែនទែន ទោះជាទៅតែជាមួយមិត្តភក្តិប្រុសៗដូចគ្នាក៏ដោយ។ ដូច្នេះគួរចេះបែងចែកពេលវេលាឱ្យសមរម្យ ចែកពេលវេលាទៅជាមួយពួកម៉ាកខ្លះ តែត្រូវមានពេលវេលាភាគច្រើននៅជាមួយគ្រួសារផង។ - កុំខ្ជីខ្ជា
លោកប្តីអ៊ើយ ប្រពន្ធមិនត្រូវការអ្វីពីលោកប្តីច្រើនទេ សុំគ្រាន់តែឱ្យយកខោអាវ ដែលស្លៀកហើយទៅដាក់ក្នុងចានដែក កុំបោះកន្សែងជូតខ្លួនសើមៗចោលតែពីសតែពាស ស្រោមជើងម្ខាងនៅឯណោះ ម្ខាងនៅឯណេះ ទៅបានហើយ ប៉ុនហ្នឹងប្រហែលជាមិនពិបាកពេកទេ…ប្រពន្ធមិនត្រូវការឱ្យលោកប្តីមកជួយធ្វើការងារផ្ទះទេ សុំត្រឹមតែទទួលខុសត្រូវរបស់របររបស់លោកប្តីខ្លួនឯងឱ្យបានត្រឹមត្រូវទៅបានហើយ។ ៥. ផ្ទះ មិនមែនជាភោជនីយដ្ឋានទេ
ទោះជាមានភរិយាជាច្រើនតែងនិយាយថា ការបានធ្វើម្ហូបអាហារឱ្យស្វាមីញ៉ាំ ពិតជាមានសេចក្តីសុខខ្លាំងមែនក៏ដោយ តែសូមលោកប្តីកុំកុម្ម៉ង់ច្រើនពេក ព្រោះប្រពន្ធក៏ហត់នឿយនឹងការងារផ្ទះច្រើនណាស់ដែរ ពេលណាអាចជួយគ្នាបាន ក៏ជួយបន្តិចទៅ ដើម្បីឱ្យភរិយាបានសប្បាយចិត្តផង។ ៦. និយាយតែរឿងដែលខ្លួនឯងចូលចិត្ត
ទោះជារៀបការនឹងគ្នាមកយូរ រហូតសឹងក្លាយជាពួកម៉ាកទៅហើយក៏ដោយ បើលោកប្តីបបួលនិយាយតែពីរឿងកីឡា រឿងផ្សងព្រេង ហើយឃើញភរិយាមិនសូវយកចិត្តទុកដាក់ស្តាប់នោះ ក៏បន្ថយៗខ្លះទៅ។ នាំជជែកពីរឿងដែលភរិយាចង់ជជែកខ្លះផង ឬយ៉ាងហោចណាស់ក៏ទទួលស្តាប់ រឿងដែលភរិយាចង់និយាយខ្លះផង។ ៧. សម្លឹងស្រីផ្សេង
ពេលរៀបការហើយ ស្ត្រីគ្រប់រូប សុទ្ធតែចង់ឱ្យស្វាមីរបស់ខ្លួន សម្លឹងតែខ្លួនឯងម្នាក់គត់ តែនៅពេលដែលធ្វើបែបហ្នឹង វាមិនអាចទៅរួច ក៏សូមឱ្យលោកប្តីសម្លឹងស្រីផ្សេង តែបន្តិចបន្តួច និងល្មមៗបានហើយ កុំឱ្យដល់ថ្នាក់តាមសម្លឹង ឬងាកតាមមើលសឹងតែបាក់កនោះ ឱ្យចេះក្រែងចិត្តភរិយាខ្លះផង។ យើងក៏មិនដឹងដែរថា តើលោកប្តីគិតថា ទាំង ៧ចំណុចហ្នឹង ច្រើនជ្រុលពេកឬយ៉ាងណានោះទេ? តែបើលោកប្តីចង់ឱ្យជីវិតអាពាហ៍ពិពាហ៍មានសេចក្តីសុខទាំង ២នាក់ ប្រហែលជាមិនពិបាកពេកទេ។ ភរិយាអាចនឹងមានរអ៊ូរទាំខ្លះ តាមនិស្ស័យរបស់មនុស្សស្រីតែប៉ុណ្នឹងឯង តែបើលោកប្តីអាចធ្វើបាន លោកប្ដីនឹងក្លាយជាស្វាមីដ៏សែនល្អ ហើយភរិយានឹងរឹតតែស្រឡាញ់ និងគិតថា ពិតជាសម្រេចចិត្តមិនខុសមែន ដែលបានរៀបការជាមួយលោកប្តីម្នាក់នេះ៕