Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ នាំគ្នាមកស្គាល់ពី សត្វល្អិត ឬព្រូនក្នុងសាច់ជ្រូក តើមានគ្រោះថ្នាក់ដល់រាងកាយមនុស្សឬទេ?

ឈ្មោះថា សត្វល្អិត ឬព្រូន មិនថាប្រភេទណាក៏ដោយ គ្មាននរណាម្នាក់ចង់ឱ្យវាចូលមកនៅក្នុងរាងកាយរបស់យើងឡើយ មែនទេ?
តែបើសិនជាយើងចៃដន្យ វាក់អ៊ើនឹងសត្វព្រូនសរសៃវែងៗតូចៗ ទន់ៗនៅក្នុងសាច់ជ្រូក ឬក្នុងគ្រឿងក្នុងជ្រូក ក្នុងអំឡុងពេលចម្អិនម្ហូបអាហារ ឬយ៉ាប់ជាងនោះទៅទៀត គឺជ្រុលដាក់ចូលមាត់ ខាំទំពាខ្ញាច់ៗរួចទៅហើយ អស់កន្លះដុំនោះ តើវានឹងបង្កគ្រោះថ្នាក់ដល់រាងកាយរបស់យើងដែរឬទេ? យើងមានចម្លើយសម្រាប់សំណួរនេះ…

តើសត្វល្អិត ឬព្រូនក្នុងសាច់ជ្រូកឆៅ គឺជាព្រូនប្រភេទណា?

ព្រូននៅក្នុងសាច់ជ្រូក ដែលយើងច្រើនប្រទះឃើញ គឺជាព្រូនអំបោះ ដែលមានលក្ខណៈសរសៃៗ តូចៗ ទន់ៗ ពណ៌ក្រហមៗ ដែលនឹងចូលទៅក្នុងខ្លួនរបស់សត្វជ្រូកតាមរយៈការស៊ីចំណី ដោយជ្រូកអាចនឹងស៊ីចំណីអាហារ ដែលមានលាយឡំ ឬប្រឡាក់លាមក ដែលមានស៊ុតរបស់ព្រូន ទើបធ្វើឱ្យស៊ុតព្រូនចូលទៅ រីកធំធាត់នៅក្នុងពោះវៀន សួត និងអវយវៈខាងក្នុងផ្សេងទៀតរបស់សត្វជ្រូក និងបើសិនជាសត្វជ្រូក មិនបានទទួលការចិញ្ចឹមថែទាំយ៉ាងស្អាត ត្រូវនឹងសុខៈអនាម័យ និងមិនបានទទួលការដាក់ថ្នាំទម្លាក់សត្វល្អិត ឬព្រូនតាមពេលកំណត់ទេនោះ ក៏គេអាចប្រទះឃើញមានព្រូននៅក្នុងខ្លួនជ្រូកដែរ ហើយបើសិនជាស្ត្រីមេផ្ទះ លាងសម្អាតគ្រឿងក្នុងជ្រូកមិនបានល្អ ក៏ព្រូនអាចជាប់មកជាមួយម្ហូបអាហាររបស់យើងបានដែរ។

ទទួលទានដោយសត្វល្អិត ឬព្រូនចូលទៅក្នុងរាងកាយ នឹងបង្កគ្រោះថ្នាក់ឬទេ?

បើសិនជាសាច់ជ្រូកដែលមានសត្វព្រូនចង្រៃនៅក្នុងនោះ ត្រូវបានចម្អិនឆ្អិនល្អហើយ យើងអាចទទួលទានបាន និងមិនបង្កគ្រោះថ្នាក់ដល់រាងកាយយើងទេ តែបើសិនបរិភោគសាច់ជ្រូកមានព្រូន ឬស៊ុតព្រូន ដែលចម្អិនមិនបានឆ្អិនល្អចូលទៅ ព្រូនក៏នឹងទៅរីកធំធាត់នៅក្នុងរាងកាយយើងបាន ហើយបើសិនជាកើតមានព្រូនអំបោះនេះ នៅក្នុងរាងកាយហើយ អាចនឹងធ្វើឱ្យកើតអាការណែនដើមទ្រូង ឆាប់ហត់ដង្ហក់ មានគ្រុនក្ដៅខ្លួន និងបើសិនជាមានព្រូនបង្កប់ខ្លួននៅក្នុងពោះវៀនតូចផងនោះ នឹងកើតមានសភាវពោះធំ ខ្វះសារធាតុអាហារ ឈឺចុកពោះ ក្អួតចង្អោរ និងបើសិនជាមានព្រូនច្រើនឡើង ពួកវាអាចរមួលផ្ដុំចូលគ្នាជាដុំ រហូតធ្វើឱ្យស្ទះពោះវៀន នាំឱ្យកើតមានបញ្ហាធំបាន។

វិធីការពាររោគព្រូនអំបោះ

១. បរិភោគតែសាច់សត្វដែលចម្អិនឆ្អិន ១០០%
២. ជ្រើសរើសបរិភោគសាច់សត្វ ដែលចេញមកពីប្រភពផលិតដែលមានស្តង់ដា និងអនាម័យត្រឹមត្រូវ
៣. បើចម្អិនម្ហូបអាហារដោយខ្លួនឯង គួរលាងសម្អាតសាច់សត្វ និងគ្រឿងក្នុងទាំងនោះឱ្យបានស្អាតហ្មត់ចត់
៤. បើទទួលទានអាហារស្ទើរឆ្អិនស្ទើរឆៅ ហើយកើតមានអាការដូចដែលបានរៀបរាប់មកខាងលើ ចូរប្រញាប់ទៅជួបលោកគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលជាបន្ត

តែប៉ុណ្ណឹងក៏មិនចាំបាច់នាំគ្នាភ័យភ្ញាក់ផ្អើលខ្លាំង រហូតដល់ឈប់ញ៉ាំម្ហូបអាហារដែលធ្វើពីសាច់សត្វនោះឡើយ តែចំណុចសំខាន់គឺ ត្រូវចម្អិនឱ្យឆ្អិនល្អ មុនទទួលទានគ្រប់ពេល ដើម្បីកុំឱ្យប្រឈមនឹងការកើតមានព្រូននៅក្នុងពោះ៕

×