បច្ចុប្បន្ននេះ មានគូស្នេហ៍ជាច្រើន កំពុងរៀបចំផែនការថា ចង់រើទៅរស់នៅក្នុងផ្ទះ ឬក្នុងបន្ទប់រួមគ្នា មុនពេលរៀបការ…ចំពោះរឿងនេះ បើសិនវាជាផែនការដែលអ្នក និងគូស្នេហ៍គិតប្រុងធ្វើមែននោះ អ្នកគួរតែលើកយកសំណួរដូចតទៅនេះ មកសួរខ្លួនឯង និងស្វែងរកចម្លើយសម្រាប់ខ្លួនឯង ឱ្យបានជាមុនសិន ដើម្បីឱ្យការរើទៅរស់នៅជាមួយគូស្នេហ៍ វានាំមកនូវសេចក្តីសុខដល់រូបអ្នក និងរស់នៅជាមួយគ្នាឱ្យបានយូរ រហូតដល់ថ្ងៃ ដែលអ្នកទាំង២ ចូលរោងការជាមួយគ្នា។
១. ហេតុអីបានត្រូវរើទៅរស់នៅជាមួយគ្នា?
អ្នកគួរតែស្វែងរកចម្លើយដែលច្បាស់លាស់ណាមួយឱ្យបានសិន មុននឹងចាប់ផ្តើមចូលទៅដល់ការរើ ទៅរស់នៅរួមគ្នាជាមួយគូស្នេហ៍បែបចេញមុខ ព្រោះជួនកាលខាងប្រុស គេគ្រាន់តែត្រូវការសន្សំសំចៃការចាយវាយ ឬចង់បានអ្នកទៅ គ្រាន់តែឱ្យជួយបោសសម្អាតកន្លែងរស់នៅ ឱ្យគេតែប៉ុណ្ណោះ ផ្ទុយពីខាងស្រី ដែលច្រើនតែផ្ដល់ភាពសំខាន់ទៅលើសេចក្ដីស្នេហា និងរឿងសម្ព័ន្ធភាពមុនគេបំផុត និងយល់ថា ជាឱកាសល្អដែលបាននៅនែបនិត្យជិតគូស្នេហ៍កាន់តែច្រើនឡើង។
២. ចង់កសាងគ្រួសារមែនឬ?
បន្ទាប់ពីអ្នករើទៅនៅជាមួយនឹងគូស្នេហ៍ហើយ ប្រហែលជាពិបាកនឹងចៀសផុតពីការមានភេទសម្ព័ន្ធណាស់ ហើយមាននារីដែលសម្រេចចិត្តរស់នៅជាមួយគូស្នេហ៍មុនរៀបការ ដល់ទៅ ២០% ដែលមានគភ៌តាំងពីឆ្នាំដំបូងនៃការរួមរស់នៅជាមួយគ្នា ដែលរឿងនេះប្រហែលមិនមែនជាបញ្ហាអីធំដុំទេ បើសិនជាអ្នករៀបចំផែនការសម្រាប់ទប់ទល់រួចជាស្រេចហើយនោះ តែបើសិនជានៅមិនទាន់បានត្រៀមខ្លួនសម្រាប់ការទទួលខុសត្រូវលើកូនជីវិតតូចមួយ ដែលនឹងកើតចេញមកទេនោះ ក៏សូមផ្អាកផែនការរើទៅរស់នៅរួមគ្នានេះសិនទៅ។
៣. តើត្រូវទប់ទល់នឹងបញ្ហារឿងលុយកាក់យ៉ាងណា?
មិនអាចបដិសេធបានទេថា “លុយ” គឺជាបញ្ហា១ ក្នុងចំណោមបញ្ហាសំខាន់៣ ដែលធ្វើឱ្យគូស្នេហ៍ជាច្រើនគូ មានមាត់ធំមាត់តូចដាក់គ្នា។ ដូច្នេះមុននឹងចង់រើទៅរស់នៅជាមួយគ្នា អ្នកគួរតែរៀបចំផែនការ និងរិះរកវិធីត្រៀមសម្រាប់ទប់ទល់ទុកជាមុនឱ្យហើយ មុននឹងកើតមានទំនាស់ទាស់ទែងក្នុងរឿងនេះ។ និយាយគ្នាឱ្យបានច្បាស់លាស់ថា តើអ្នកណាជាអ្នកចាត់ការ ឬចាយវាយរឿងណាខ្លះ ដើម្បីភាពសប្បាយចិត្តរបស់អ្នកទាំង២ និងថែមទាំងកាត់បន្ថយទំនាស់ផ្សេងៗ ដែលអាចកើតឡើងបានទៀតផង។
៤. ចង់រើចូលទៅរស់នៅក្នុងផ្ទះរបស់អ្នកណា?
ទាំងអស់នេះ វាប្រហែលជាសប្បាយជាង បើសិនជារើទៅនៅជាមួយគ្នានៅក្នុងផ្ទះ ឬបន្ទប់ជួលថ្មីដោយឡែក ដែលងាយស្រួលដល់ការរស់នៅរបស់អ្នកទាំង២ ឬបើទៅនៅផ្ទះរបស់ខាងណាម្នាក់វិញ ក៏គួរតែជាផ្ទះដែលមិនសាងនូវភាពពិបាកចិត្តដល់ខាងណាម្នាក់ខ្លាំងជ្រុលហួសហេតុពេកដែរ។ ក្រៅពីនេះគួរតែពិចារណាផងថា តើទីកន្លែងនៅខាងក្នុងផ្ទះនោះ ធំល្មមគ្រប់គ្រាន់សម្រាប់តម្រូវការដែរឬទេ បើសិនជាមានមនុស្សម្នាក់រើមករស់នៅជាមួយដែរនោះ?
៥. គួរតែគិតឱ្យច្បាស់ពីសម្ព័ន្ធភាពស្នេហ៍ម្តងទៀតដែរឬទេ?
ជាច្រើនដងណាស់ដែលមើលឃើញថា គូស្នេហ៍ដែលរើមករស់នៅជាមួយគ្នាហើយ តែទីបំផុតក៏ត្រូវចែកផ្លូវគ្នាទៅវិញ ព្រោះតែមិនយល់ចិត្តគ្នា ឬមិនបានសិក្សាពីចរិតនិស្ស័យគ្នាឱ្យបានច្បាស់ជាមុន។ ដូច្នេះហើយ ទើបចាំបាច់ខ្លាំងណាស់ ដែលអ្នកគួរតែគិតឡើងវិញឱ្យបានច្បាស់អំពីសម្ព័ន្ធភាពស្នេហ៍ថា តើមានភាពស្មោះស្ម័គ្រពិតប្រាកដជាមួយសេចក្តីស្នេហាក្នុងគ្រានេះ ច្រើន ឬតិចប៉ុនណា? បើគិតថា ប្រុងនឹងរៀបការជាមួយគ្នាស្រាប់ហើយនោះ បញ្ហាក៏ប្រហែលជាមានតិចជាងអ្នក ដែលសេពគប់គ្នាហើយ តែនៅមិនទាន់បានគិតពីរឿងអនាគត។
៦. តើត្រូវចាត់ការយ៉ាងណា បើត្រូវលែងលះគ្នាវិញ?
មុននឹងរើចូលទៅរស់នៅជាមួយគ្នា គួរតែគិតត្រៀមទុកជាមុនផងថា តើនឹងចាត់ការចំពោះជីវិតយ៉ាងណា បើសិនជានៅពេលអនាគត ជីវិតស្នេហ៍របស់អ្នក ទៅជាមួយគ្នាលែងរួច ជាពិសេសរឿងទ្រព្យសម្បត្តិផ្សេងៗ ដែលមានជាប់ខ្លួនទៅជាមួយ? ទាំងអស់នេះ វានឹងប្រសើរជាង បើសិនជាបានធ្វើបញ្ជីកត់ត្រារបស់របរទាំងនោះទុកជាមុនតាំងពីដំបូង ដើម្បីកុំឱ្យវាក្លាយទៅជាបញ្ហារឿងបែងចែករបស់របរគ្នានៅពេលក្រោយ ក្នុងករណីដែលលែងលះគ្នា ឬមិនបានរៀបការនឹងគ្នា និងថែមទាំងជាការការពារទ្រព្យសម្បត្តិរបស់ខ្លួនឯងទៀតផង។
ទាំងអស់នេះ គឺដោយសារតែ ៤៨% នៃចំនួននារីដែលរស់នៅជាមួយគូស្នេហ៍មុនរៀបការ មានត្រឹមតែ ៤០%ប៉ុណ្ណោះ ដែលបានក្លាយទៅជាស្វាមី ភរិយានឹងគ្នានៅពេលអនាគត ដូច្នេះបើសិនមិនចង់ស្ថិតនៅក្នុងក្រុមរបស់នារីភាគតិចដែលមិនបានរៀបការនោះ អ្នកគួរសិក្សាពីចំណុចល្អ ចំណុចអាក្រក់ និងពិនិត្យមើលភាពត្រៀមជាស្រេចរបស់ខ្លួនឯងឱ្យបានល្អ ដោយការសួរ និងឆ្លើយខ្លួនឯង តាមរយៈ ៦សំណួរដែលបានរៀបរាប់មកឱ្យបានសិន មុននឹងសម្រេចចិត្តរើទៅរស់នៅរួមដំបូលជាមួយនឹងគូស្នេហ៍៕