ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានការយកចិត្តទុកដាក់ពី លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីរកយុត្តិធម៌អោយភាគីជំលោះរវាងលោក ថាន ដារិន ប្រធានគណនេយ្យនៅកាស៊ីណូ Queenco Hotel & Casino នៅខេត្តព្រះសីហនុ និង លោក អ៊ុង កែវសុវណ្ណ បុគ្គលិក គណនេយ្យ កាស៊ីណូ Queenco នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៨ សមត្ថកិច្ចផែនព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកោះហៅ លោក ថាន ដារិន និង លោក អ៊ុង កែវសុវណ្ណ មកសម្របសម្រួលគ្នា ដោយឲ្យលោក អ៊ុង កែវសុវណ្ណ សុំទោសលោក ថាន ដារិន អំពីកំហុសឆ្គងរបស់ខ្លួន និង បានឲ្យលោក ថាន ដារិនប្រធានគណនេយ្យកាស៊ីណូ ធ្វើការសុំទោសលោកស្រីម្ដាយរបស់ អ៊ុង កែវសុវណ្ណ ដែលលោក ថាន ដារិន បានជេរប្រមាថ ។ បន្ទាប់មកភាគីទាំងពីរបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចទុកជាភស្តុតាងហើយបានសន្យាឈប់ប្ដឹងផ្ដល់គ្នាចាប់ពីថ្ងៃនេះតទៅ ។
លោកជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣:៣០នាទី បន្ទាប់ពីខ្ញុំបាទ បានបញ្ជាឲ្យស្នងការរងទទួលការងារព្រហ្មទណ្ឌ ស្រាវជ្រាវអញ្ជើញប្រធានរដ្ឋបាល និងបុគ្គលិក មកធ្វើការផ្សះផ្សារ និងអប់រំណែនាំ ឲ្យយល់ពីកំហុសរបស់ខ្លួនទាំងពីរនាក់ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងរបស់ខ្លួន។
ជាមួយគ្នានោះដែរ លោកផែង វណ្ណៈ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ និងអ្នកលេងហ្វេសប៊ុកយ៉ាងសកម្ម បានថ្លែងការអរគុណលោកឧត្ដមសេនីយ៍ទោ ជួន ណារិន និង សមត្ថកិច្ចផែនព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកបន្តថា ខ្ញុំសូមកោតសរសើរលោក ថាន ដារិន និង លោក កែវ អ៊ុង កែវសុវណ្ណ ដែលបានទទួលស្គាល់កំហុសរៀងៗខ្លួនហើយសន្យាឈប់បង្ករបញ្ហាទៀត ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការខេត្តព្រះសីហនុ និង សមត្ថកិច្ចផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានជួយដោះស្រាយសម្របសម្រួលដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ ។
ក្នុងជម្លោះនោះ បានកើតឡើងកាលពីថ្ងៃទី១ខែមិថុនា ហើយមានការបង្ហោះជាវីដេអូផងដែរ និងមានការរិះគន់យ៉ាងខ្លាំង ចំពោះបុគ្គលិដែលជេរកូនចៅរបស់ខ្លួននោះ។ លោក កែវ អ៊ុង កែវសុវណ្ណ បានសរសេរថា មេ…..គាត់មេលុយធំនៅកន្លែងខ្ញុំគាត់រៀនដល់ថ្នាក់ខ្ពស់កប់ពពកទើបពាក្យសំដី និយាយជាមួយបុគ្គលិកហើយស្រទន់ គាត់ហៅខ្ញុំទៅជួបព្រឹកមិញគាត់មានសុជីវធម៌ខ្ពស់គាត់ហៅខ្ញុំចូល Office គាត់ ព្រោះតែមេជនជាតិបរទេសរបស់ខ្ញុំ ប្រាប់ផ្សេង តែគាត់បញ្ជារមកផ្សេង ហើយខ្ញុំអត់ស្តាប់គាត់បែរជាមកស្តាប់មេវិញ…មិនដឹងគួរធ្វើតាមនរណាទេ Finance his Manner in speak so high
និយាយរួមស្តាប់ឲ្យចប់បានដឹងថាចរឹកមនុស្សយ៉ាងមិច។
លោក ថាន ដារិន បានសរសេរក្នុងផេកហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១មិថុនា ថា នេះជារូបគាត់នឹងម្តាយគាត់។ ដែលសុំផ្តិតមេដៃសុំទោសខ្ញុំ នូវទង្វើរដែលមានចេតនាអាក្រក់ ឲ្យខ្ញុំធ្លាក់ក្នុងល្បិច ក្នុងបំណងបំផ្លាញកិត្តិយសខ្ញុំ។
កូនទាំងអស់ក្នុងលោក បើមិនបានសងគុណគាត់ទេ កុំឲ្យទឹកភ្នែកគាត់ហូរ លើកដៃសំពះអ្នកដទៃ សុំការប្រណីសន្តោសដល់កូនគាត់។ ទង្វើររបស់ក្មេងប្រុសនេះ បានជះឥទ្ធិពលដល់អាជីវកម្មខ្ញុំ នឹងកន្លែងធ្វើការរបស់ខ្ញុំ តែដោយការសំពះអង្វរពីម្តាយ ខ្ញុំសុខចិត្តខាំមាត់ បិតភ្នែកបំភ្លេច។ ម្តាយគាត់ក៏ជាបុគ្គលិកខ្ញុំដែរ ។ ខ្ញុំទើបតែដឹងពេលនេះ ព្រោះបុគ្គលិកច្រើនធ្វលការ។
សូមបញ្ជាក់ថា ទោះម្តាយត្រូវបានគេប្រមាថយ៉ាងណា ក៏មិនថ្វីដែរកូន។ ឲ្យតែកូនមិនមានបញ្ហា គឺម៉ែសប្បាយចិត្តហើយ ។
ម៉ែស្រក់ទឹកភ្នែក មិនមែនដោយសារការប្រមាថរបស់គេនោះទេ តែម៉ែស្រក់ទឹកភ្នែក ដោយសារម៉ែបារម្ភពីកូន ខ្លាចកូនមានបញ្ហា បើកូនមានបញ្ហា អ្នកដែលឈឺចាប់ខ្លាំង គឺជារូបម៉ែ ដែលគ្មានសមត្ថភាពការពារកូន គ្មានសមត្ថភាពជួយកូនបាន។
កូនអើយ តស៊ូឡើង ធ្វើម្តេចបើយើងក្រ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ កូនត្រូវចាំថា មានមនុស្សស្រីម្នាក់នេះដែលតែងតែនៅក្បែរកូនជានិច្ច៕ ដោយ៖បញ្ញាស័ក្តិ