ខេត្តត្បូងឃ្មុំ៖គ្រោះថ្នាក់ចរាចរមួយកើតឡើងគួរឲ្យរន្ធត់ រវាងរថយន្ត និងម៉ូតូ បង្កឲ្យមានបុរស ២ នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១៦:៥០ នាទី ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៨ ។
អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើង រវាងរថយន្តម៉ាកកាមរីហើម (camry) ពណ៌ស្លែ ពាក់ស្លាក់លេខកំពង់ចាម 2A-0459 និងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ករម៉ាកកាមរីហើម (camry) បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៧ លុះបើកបរដល់ចំណុចកើតហេតុបានឡើងវ៉ាជែងរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) មិនផុតក៏ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥បើកបរក្នុងទិសពីលិចទៅទិសខាងកើតចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង បណ្តាឲ្យអ្នកបើកបរម៉ូតូឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ ៣៧ ឆ្នាំជាតិខ្មែរ នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរ២ នាក់ទៀត ៖ ១-ឈ្មោះ ស៊ាប អូន ភេទប្រុស អាយុ ២៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ២-ឈ្មោះ រិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តម៉ាកកាមរីហើម មិនស្គាល់ឈ្មោះអត្តសញ្ញាណ និងអាសយដ្ឋាន បានទុករថយន្ត ចោលនៅកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នអ្នករបួសត្រូវ បានបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ចំណែកឯសាកសព ត្រូវបានជំនាញនគរបាលចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ ។ វត្ថុតាងរថយន្តចំនួន ១ គ្រឿង និងម៉ូតូចំនួន ១ គ្រឿង ត្រូវបានជំនាញ នគរបាលចរាចរណ៍ បានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចងក្រងសំណុំរឿង ដោះស្រាយតាមនីតិវិធី ។
សូមបញ្ជាក់ថា ខណៈពេលសមត្ថកិច្ច បានត្រួតពិនិត្យ នៅក្នុងរថយន្ត ពុំមានរកឃើញវត្ថុតាងអ្វីមួយ ដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ណាមួយឡើយ ៕ ដោយ៖បញ្ញាស័ក្តិ