Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

កុំគិតថា កូននៅក្មេង មិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះនោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗ ដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសម្ដីរបស់ឪពុកម្ដាយ មានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ តទៅនេះ គឺជាចំណុចល្អៗ ដែលទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយ គួរតែប្រតិបត្តិ ដើម្បីជាប្រយោជន៍ដល់កូន…

១. កូនបានរៀនយល់ដឹងពីភាសា

តាមរយៈការធ្វើត្រាប់តាមពាក្យសម្ដី ដែលឪពុកម្ដាយប្រើ និងតាមរយៈបទសន្ទនាផ្សេងៗ ដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នា បានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងមកវិញ បានកាន់តែច្រើនឡើងប៉ុននោះដែរ។

២. ជំរុញខួរក្បាល
ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងនឹងកាន់តែឆ្លាតឡើង ដោយសារតែមានឱកាសបានសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

៣. បង្កើនចំណេះដឹង

ចំណេះដឹង មិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែ ១ផ្នែក ក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារ ប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

៤. យល់ពីខ្លួនឯង យល់ពីអ្នកដទៃ

ការបបួលកូនជជែកគ្នា ដើម្បីឱ្យកូនបានបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

៥. ចេះឆ្លើយឆ្លងទាក់ទង

ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់ ចាប់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿង ការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ មិនប្រើកំហឹង និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

×