សេចក្តីស្នេហា គឺជារឿងដែលល្អសម្រាប់មនុស្សគ្រប់រូប តែនៅពេលមានសេចក្តីស្នេហាហើយ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យសេចក្តីស្នេហានោះនៅស្ថិតស្ថេរ និងគង់វង្សយូរអង្វែងរហូតទៅ? ថ្ងៃនេះយើងមានគន្លឹះសម្ងាត់ល្អៗ មកជម្រាបគូស្វាមីភរិយាថ្មោងថ្មីទាំងឡាយដូចតទៅ…
១- សម្លឹងរកមើលចំណុចមិនល្អរបស់ខ្លួនឯង
នៅពេលមករស់នៅរួមគ្នា ម្នាក់ៗនឹងច្បាស់ជាមើលឃើញពីចំណុចមិនល្អរបស់គ្នាទៅវិញទៅមកមិនខាន តែចូរកុំយកចំណុចមិនល្អរបស់ដៃគូ មករារាំងការសម្របខ្លួន និងការកែខៃចំណុចមិនល្អរបស់ខ្លួនយើងឱ្យសោះ ព្រោះការដែលយើងខ្លួនឯងចេះសម្របខ្លួន ដៃគូរបស់យើង គេនឹងសម្លឹងត្រឡប់ទៅរកចំណុចមិនល្អរបស់ខ្លួនគេ ដើម្បីកែសម្របខ្លួនដូចគ្នាដែរ។
២- កុំសម្តែងភាពមិនពេញចិត្តដៃគូនៅចំពោះមុខបុគ្គលដទៃ
ព្រោះមិនថា ស្រី ឬក៏ប្រុសឡើយ បើជួបហេតុការណ៍បែបនេះ នឹងមានអារម្មណ៍ថា ដូចខ្លួនឯងត្រូវគេទះកំភ្លៀង ១ដៃដូច្នោះដែរ ហើយលទ្ធផលដែលតាមមកនោះ គឺការឈ្លោះប្រកែកគ្នានឹងកើតឡើងជាមិនខាន ដូច្នេះគួរសង្កត់ចិត្ត ទប់ស្កាត់អារម្មណ៍ដែលមិនពេញចិត្តនោះ ទុកយកទៅនិយាយគ្នានៅឯផ្ទះវិញ ប្រសើរជាងធ្លាក់ខ្លួន ក្លាយជាចំណីភ្នែករបស់អ្នកដំណើរនៅតាមផ្លូវ។
៣- កុំលះបង់ពេលវេលាទៅលើការងារច្រើនជ្រុលពេក
កុំគិតតែពីធ្វើការ រហូតដល់គ្មានពេលវេលាឱ្យគ្រួសារឱ្យសោះ ព្រោះក្រុមគ្រួសារ គឺជាកត្តាដ៏សំខាន់បំផុតមួយ ដែលនឹងជួយរុញច្រាន និងគាំទ្រ ឱ្យការធ្វើការងាររបស់អ្នក រីកចម្រើន និងឈានទៅមុខ។
៤- ពេលមានបញ្ហា ត្រូវបែរមុខរកគ្នា
មិនមែនថា ដល់ពេលកើតមានបញ្ហាហើយ ម្នាក់ៗទៅជាបែរខ្នងដាក់គ្នា មិននិយាយ មិនស្ដី មិនអធិប្បាយពន្យល់ប្រាប់គ្នាអំពីបញ្ហាដែលកើតឡើង ព្រោះតែគិតថា មិនចាំបាច់អធិប្បាយអ្វីទេ ទុកឱ្យវាកន្លងផុតទៅ បន្តិចទៀតម្នាក់ៗគង់តែភ្លេចមិនខាន។ តែ តើអ្នកដឹងទេថា វាគឺជាស្នាមប្រេះឆាមួយ ដែលកំពុងតែធ្វើឱ្យជីវិតគូរបស់អ្នក មិនស្ថិតស្ថេរយូរអង្វែង។ ដូច្នេះចូរបែរមុខមកនិយាយគ្នា ដោយអារម្មណ៍ត្រជាក់ និងគោរពគ្នា ទើបជារឿងមួយល្អបំផុត។
៥- ឧស្សាហ៍បន្ថែមកម្លាំងចិត្តដល់គ្នា
ពេលអ្នកទាំង២ មករួមរស់នៅជាមួយគ្នា ច្បាស់ជាត្រូវជួបនឹងសេចក្តីសុខ និងសេចក្តីទុក្ខ វិលវល់ផ្លាស់ប្តូរគ្នាចូលមកជាមិនខាន ដូច្នេះសុំតែម្យ៉ាងគត់ គឺកុំអាលអស់កម្លាំងចិត្តក្នុងការតស៊ូ។ ចូរនៅធ្វើជាកម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងពេលដែលគេ ឬនាងកំពុងមានទុក្ខវិញ ទើបប្រសើរជាង។
៦- រកពេលវេលារំឭកអនុស្សាវរីយ៍ល្អៗកាលពីអតីតកាល
មិនថាតែនៅតាមខេត្ត ឬនៅទីកន្លែងណាក៏ដោយ ដែលអ្នកទាំង២ ធ្លាប់ពេញចិត្ត និងចូលចិត្តទៅញឹកញាប់ ចូរប្រើអំឡុងពេលនោះប្រមូលយកអនុស្សាវរីយ៍ និងការចងចាំល្អៗ ដែលធ្វើឱ្យអ្នកទាំង២ មានថ្ងៃនេះ។
ការមានស្នេហា មិនមែនជារឿងពិបាកទេ តែការធ្វើឱ្យស្នេហានោះនៅគង់វង្សស្ថិតស្ថេរយូអង្វែងទៅវិញទេ ដែលជារឿងពិបាក៕