Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និទានអប់រំចិត្ត៖ ពេលវេលាកន្លងទៅ និងពេលវេលានៅសល់ តើមនុស្សយើងនៅមានពេលប៉ុន្មានថ្ងៃទៀត?

គូស្នេហ៍ ១គូ គ្មានអ្នកណាម្នាក់ដឹងថា ពេលវេលាដែលកន្លងទៅ និងពេលវេលាដែលនៅសល់ តើមួយណា នៅសល់ច្រើនជាងឡើយ។ តើមនុស្សយើងមានពេលវេលានៅជាមួយគ្នា បានប៉ុន្មានថ្ងៃទៀត ដូច្នេះចូរធ្វើឱ្យ ១ថ្ងៃៗ ក្លាយជាថ្ងៃដ៏ល្អបំផុត ជាថ្ងៃដែលមានសេចក្ដីសុខបំផុត និងគិតជាប់ជានិច្ចថា វាជាថ្ងៃចុងក្រោយ ដែលអ្នកបាននៅជាមួយមនុស្សដែលស្រឡាញ់អ្នក និងដែលអ្នកស្រឡាញ់។

ព្រឹកថ្ងៃមួយ ភរិយានិយាយប្រាប់ស្វាមីថា…
«ថ្ងៃនេះ អូននឹងទៅទីក្រុង ទៅសួរសុខទុក្ខម៉ាក់ ហើយនឹងគេងជាមួយម៉ាក់ ១យប់ ព្រោះម៉ាក់មិនស្រួលខ្លួន បងជួយបើកឡានជូនអូនទៅបានអត់? ភ្លៀងខ្លាំងអ៊ីចឹង ជិះរថយន្តក្រុងទៅ មិនស្រួលសោះ»
ស្វាមី ដែលមុខក្រញូវមាំតាំងពីព្រឹកមកនោះ មិនឆ្លើយតបភរិយា តែបែរជាសួរទៅវិញដោយសំឡេងគំហកថា…
«ម្សិលមិញ អូនទៅទិញអាវថ្មីមែនទេ? ក្រែងអូនសន្យាជាមួយបងហើយហ្អេ៎ ថាមិនចាយលុយខ្ជះខ្ជាយ អូនដឹងហើយថា យើងមានបន្ទុកច្រើនណាស់ ម៉េចមិនជួយគ្នាសន្សំសំចៃ?!»
ភរិយា និយាយចេញមកដោយសំឡេងតិចៗ ដូចមនុស្សដឹងកំហុសថា…
«ការពិត បងខឹងអូនរឿងហ្នឹងតើ…»
រួចឱនមុខរៀបចំខោអាវដាក់វ៉ាលីសយ៉ាងស្ងាត់ៗ ហើយប្រាប់ទៅស្វាមីថា…«ថ្ងៃនេះ មានឡានឈ្នួលទៅទីក្រុងតែ ១ជើងទេ អូនប្រហែលជាត្រូវប្រញាប់ទៅហើយ បងមិនបាច់ជូនអូនទៅក៏បានដែរ»
រួចហើយ នាងក៏ចេញពីផ្ទះទៅ ដោយស្វាមីមិនបានចាប់អារម្មណ៍ឡើយ ព្រោះនៅខឹងប្រពន្ធនៅឡើយ…

ប្រហែលជាកន្លះម៉ោងក្រោយមក ស្វាមីបានឮសំឡេងផ្អើលឆោឡោនៅឯផ្លូវ ក៏ប្រញាប់ចេញទៅមើល ហើយក៏បានឮមនុស្សម្នាស្រែកប្រាប់គ្នាថា…
ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យទឹកហូរច្រោះដីច្រាំងមាត់ស្ទឹង ធ្វើឱ្យស្ពានឆ្លងទៅទីក្រុង ដាច់ធ្លាក់ទៅក្នុងស្ទឹង ព្រមជាមួយរថយន្តឈ្នួល ១គ្រឿងទៀតផង។
ស្វាមីបានឮបែបនោះ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទុះចេញពីផ្ទះភ្លាមតែម្ដង…

ពេលទៅដល់ស្ទឹង ឃើញរថយន្តឈ្នួល ដែលត្រូវស្ទូចស្រង់ឡើងពីទឹកនោះ នៅសល់តែសម្បកឡាន ឯសម្ភារ និងវ៉ាលីសខោអាវរបស់អ្នកដំណើរ នៅខ្ទាតខ្ចាត់ខ្ចាយពេញទីនោះ។
ក្រុមអ្នកសង្គ្រោះបាននាំគ្នាសែងសាកសពជនរងគ្រោះដែលស្រង់បានពីក្នុងទឹក ម្នាក់ហើយ ម្នាក់ទៀត យកមកដាក់នៅមាត់ស្ទឹង។
ស្វាមីខំស្វែងរកភរិយា តែក៏រកមិនឃើញ គេមានអារម្មណ៍សោកស្ដាយ ស្ទើរតែដួលសន្លប់បាត់ស្មារតី។
គេគិតតែពីដើរសួរក្រុមអ្នកសង្គ្រោះថា «ឃើញភរិយាខ្ញុំទេ? ឃើញភរិយាខ្ញុំដែរទេ? នាងពាក់អាវពណ៌ក្រហម ស្លៀកខោពណ៌ខ្មៅ…»
តែគ្រប់គ្នាគ្រវីក្បាល ប្រាប់ថា មិនឃើញទេ។

ពេលវេលាកន្លងទៅ រហូតដល់ជិតល្ងាច ក្រុមអ្នកសង្គ្រោះបានបញ្ឈប់ការស្វែងរក ព្រោះលែងមានជនរងគ្រោះដែលរកឃើញទៀតហើយ។
ពួកគេប្រាប់បុរសស្វាមីថា «កាត់ចិត្តទៅ ភរិយារបស់លោក ប្រហែលជាត្រូវទឹកកួចនាំយកទៅឆ្ងាយហើយ»
បុរសស្វាមីដើរត្រឡប់ទៅផ្ទះវិញ ដូចមនុស្សគ្មានវិញ្ញាណ គេទួញយំនៅតាមផ្លូវរហូត។
ក្នុងចិត្តរបស់គេ គិតតែពីថ្ងួចថ្ងូរថា «ហេតុអីៗៗ បានយើងមិនព្រមបើកឡានជូននាងទៅ? ហ៊ូ ហ៊ូ យើងទៅស្ដីឱ្យនាងរឿងចាយលុយខ្ជះខ្ជាយធ្វើអី? អាវមួយ វាដែលថ្លៃប៉ុន្មាន? ហ៊ូ ហ៊ូ…»

តែ ពេលត្រឡប់ទៅដល់ផ្ទះ នឹកស្មានមិនដល់សោះឡើយថា…
ភរិយាកំពុងអង្គុយនៅឯតុបាយ និងមានម្ហូបអាហារនៅលើតុផង។ នៅក្នុងដៃ មានអាវរងាចាស់មួយ ដែលនាងកំពុងដេរជួសជាយអាវដែលដាច់ថ្នេរអំបោះ «បងទើបមកពីណាហ្នឹង?» នាងអាក់បន្តិច «បងកើតអី ម៉េចបានយំ?»
«ថ្ងៃនេះ អូនរវល់តែយកអាវថ្មីនោះ ទៅឱ្យគេវិញ ខាតពេលអង្វរសូមទោសគេ ទម្រាំតែគេព្រមយកវិញ ធ្វើឱ្យហួសពេល ទៅឡើងឡានឈ្នួលមិនទាន់ …អីលូវធាតុអាកាសរងាណាស់ ទើបអូនទៅរើ យកអាវចាស់នេះមកដេរវាឡើងវិញ ប្រហែលជានៅអាចពាក់បានច្រើនឆ្នាំទៀត…អូនចំជាយ៉ាប់មែន អាវចាស់នៅល្អសោះ មិនដឹងជាខំទៅទិញអាវថ្មីមកធ្វើអី?»

រឿងខ្លះ យើងខឹងខ្លាំងពេក រហូតដល់ភ្លេចថា គ្មានអ្វីសំខាន់ស្មើនឹង “សេចក្ដីសុខ” របស់យើងឡើយ និងរឿងខ្លះ មិនសំខាន់ស្មើនឹង “សេចក្ដីសុខ” របស់មនុស្សដែលយើងស្រឡាញ់ឡើយ។ ពេលវេលារបស់យើងនៅលើពិភពលោកនេះមានកំណត់ ពេលវេលាដែលមានរួមគ្នា រឹតតែមានកំណត់ទៅទៀត អ្វីដែលវាមិនសំខាន់ខ្លាំង ចូរកុំយកមកដាក់ក្នុងអារម្មណ៍ច្រើនពេកអី និងត្រូវគិតជាប់ជានិច្ចថា តើមនុស្សយើង មានពេលវេលានៅជាមួយគ្នាបានប៉ុន្មានថ្ងៃទៀត?៕

a Highly emotional man.
×