តើត្រូវញ៉ាំវីតាមីនC នៅពេលណាទើបទទួលបានគុណប្រយោជន៍ខ្ពស់បំផុត មុនពេលបាយ? ក្រោយពេលបាយ? ឬមុនពេលគេង?…វិធីញ៉ាំវីតាមីនC ដែលត្រឹមត្រូវនោះ សូមតាមដានស្ដាប់ជាបន្ត…
-ញ៉ាំវីតាមីនC បន្ថែម ល្អដែរឬទេ?
ជាប្រក្រតីមនុស្សអាយុ ១៥ឆ្នាំឡើងទៅ គួរបានទទួលវីតាមីនC ពី ៦០-៩០មីល្លីក្រាមក្នុង ១ថ្ងៃ ចំណែកកុមារវិញ ត្រូវការវីតាមីនC ពី ៣០-៥០មីល្លីក្រាមក្នុង ១ថ្ងៃ តែក៏អាចញ៉ាំបន្ថែមបានដល់ទៅប្រហែលៗ ១០០-២០០មីល្លីក្រាមក្នុង ១ថ្ងៃដែរ។
តែចំពោះអ្នកខ្លះ អាចចាំបាច់ត្រូវទទួលបានអាហារបន្ថែមវីតាមីនC ច្រើនបន្តិច គឺចាប់តាំងពី ៥០០មីល្លីក្រាមឡើងទៅ ដូចជា អ្នកដែលឧស្សាហ៍កើតជំងឺផ្តាសាយញឹកញាប់ អ្នកដែលមានអាការចេញឈាមតាមជើងធ្មញ ជាដើម។ គ្រូពេទ្យអាចនឹងឱ្យទទួលទានវីតាមីនC បន្ថែម រួមទាំងអ្នកញៀនបារី ក៏ចាំបាច់ត្រូវតែទទួលទានវីតាមីនC ដែរ ព្រោះបារីបានកាត់បន្ថយបរិមាណវីតាមីនC នៅក្នុងរាងកាយ ដូចគ្នានឹងស្ត្រីមានគភ៌ អ្នកដែលត្រៀមខ្លួនវះកាត់ ឬទើបតែវះកាត់រួច ក៏គួរបានទទួលវីតាមីនC ឱ្យច្រើនឡើងដែរ។
-ញ៉ាំវីតាមីនC នៅពេលណា ទើបទទួលបានគុណប្រយោជន៍ច្រើនបំផុត
ចំពោរឿងនេះ វេជ្ជបណ្ឌិតជំនាញបានឱ្យចម្លើយថា ការពិតទៅ អាចទទួលទាននៅពេលណាក៏បានដែរ តែណែនាំថា កុំទទួលទានពេលពោះទំនេរ មិនទាន់បានញ៉ាំអី និងបើចង់ឱ្យល្អបំផុត គួរញ៉ាំដំណាលគ្នាជាមួយអាហារ ឬក្រោយពេលបាយ ព្រោះអាហារ ជាអ្នកជួយឱ្យរាងកាយបឺតជ្រាបវីតាមីនC ទៅប្រើប្រាស់បាន និងជាការការពារក្រពះ មិនឱ្យឈឺផ្សារបានទៀតផង។
ទាំងអស់នេះ យើងអាចបែងចែកការទទួលទានវីតាមីនC តាមពេលញ៉ាំអាហារក៏បានដែរ ដូចជា ១ថ្ងៃ ២ពេល ក្រោយពេលបាយ ឬ ១ថ្ងៃ ៣ពេល ក្រោយពេលបាយក៏បាន ព្រោះវានឹងធ្វើឱ្យរាងកាយអាចបឺតជ្រាបវីតាមីនC បានល្អជាងការទទួលទានទាំងអស់ក្នុងពេលតែមួយ។
-វីតាមីនC ញ៉ាំច្រើនពេក ក៏មិនល្អដែរ
អាហារគ្រប់យ៉ាង ញ៉ាំតិចពេកក៏មិនបាន ញ៉ាំច្រើនពេកក៏មិនល្អ រួមទាំងវីតាមីនC ផងដែរ ព្រោះបើរាងកាយបានទទួលតិចជ្រុលពេក នឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធការពារជំងឺ ធ្វើឱ្យងាយកើតជំងឺផ្តាសាយ ឈាមចេញតាមជើងធ្មេញ សាច់ស្បែកមើលទៅមិនស្រស់ថ្លា ព្រោះវីតាមីនC មានសាធាតុ អ៊ែនទីអុកស៊ីឌែន ជួយពន្យារភាពចាស់ជរា និងជំរុញការសាងខលឡាជេនទៀតផង។
តែបើទទួលទានច្រើនជ្រុលពេក ដូចជា ញ៉ាំលើសពី ១ ០០០-២ ០០០មីល្លីក្រាមក្នុង ១ថ្ងៃជាប់ៗគ្នាយូរទៅ ក៏អាចកើតមានផលប៉ះពាល់ដូចគ្នាដែរ ដូចជា មិនស្រួលក្នុងពោះ ឈឺរមួលពោះ រាកធ្ងន់ធ្ងរ កើតដំបៅក្នុងក្រពះ កើតរោគលោហិតស្លេក ជាដើម តែក៏មិនចាំបាច់ទៅព្រួយបារម្ភអីដែរ ព្រោះអាការទាំងអស់នេះ មិនងាយនឹងកើតឡើងទេ ដោយសារតែវីតាមីនC ជាវីតាមីនដែលរលាយក្នុងទឹក ទើបអាចបញ្ចេញចោលតាមទឹកមូត្របាន។ ដូច្នេះបើនរណាចាំបាច់ត្រូវទទួលទានវីតាមីនC ក្នុងបរិមាណខ្ពស់ជាងការកំណត់នោះ គួរតែទទួលទានដំណាល ឬក្រោយបាយ និងញ៉ាំទឹកឱ្យបានច្រើនផង។
វីតាមីនC បន្ថែម គ្រាន់តែជាជំនួយបន្ថែមមួយប៉ុណ្ណោះ តែការពិតវិញ ស៊ូវីតាមីនC ដែលយើងទទួលបានពីធម្មជាតិមិនបានទេ ដូច្នេះហើយគួរឧស្សាហ៍ទទួលទានបន្លែផ្លែឈើឱ្យបានច្រើន ជាពិសេស ផ្លែត្របែក ក្រូច ល្ហុង ក្រូចឆ្មារ ស្វាយ ប៉េងប៉ោះ ដំឡូងបារាំង គីវី ស្ត្រប៊ើរី និងបន្លែស្លឹកបៃតង ព្រោះអាហារទាំងអស់នេះសម្បូរហូរហៀរទៅដោយវីតាមីនC ដែលនឹងជួយការពាររាងកាយយើង ឱ្យគេចផុត និងជាសះស្បើយពីរោគាបានដោយមិនចាំបាច់អស់លុយអស់កាក់ ទិញអាហារបន្ថែមមកទទួលទានឡើយ៕