Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ចង់ចិញ្ចឹមកូនតូចឱ្យពូកែ ២ភាសា ឬច្រើនជាងហ្នឹង តើត្រូវធ្វើយ៉ាងណា?

ឪពុកម្ដាយមួយចំនួន ចង់ឱ្យកូនតូចៗពូកែភាសាអង់គ្លេស ឬភាសាផ្សេងបន្ថែម ១ទៀត តែក៏នឹកង្វល់បារម្ភថា តិចលោនិយាយអង់គ្លេសផង និយាយខ្មែរផង នឹងធ្វើឱ្យកូនវិលវល់យល់ច្រឡំ និងក្លាយជាការក្រចេះនិយាយ ឬមិនយល់ពីភាសា ជាដើម-ល- តែ ថ្ងៃនេះ យើងសូមឱ្យលោកឪពុកអ្នកម្ដាយទាំងអស់យល់ដឹងជាថ្មីឡើងវិញថា ទារកចាប់ពីពេលកើតដំបូង រហូតដល់អាយុ ៣ឆ្នាំ មានការសាងកោសិកាខួរក្បាល និងំានវិវឌ្ឍនាការខាងផ្នែកខួរក្បាលឆាប់រហ័សណាស់ ដូច្នេះបើយើងចង់បង្ហាត់កូន ក៏ត្រូវតែបង្ហាត់ក្នុងអំឡុងពេលនេះ ព្រោះនឹងងាយស្រួលបង្ហាត់ និងឆាប់មើលឃើញលទ្ធផលបំផុត។

តើកូនស្រី ប្រើប្រាស់ភាសាបានល្អជាងកូនប្រុសមែនឬ?
ជាទូទៅ បើមានវ័យប៉ុនៗគ្នា ក្មេងស្រីនឹងប្រើប្រាស់ភាសាបានល្អ និងចំណានជាងក្មេងប្រុស ដោយសារតែថា ខួរក្បាលផ្នែកឆ្វេង ដែលមានតួនាទីគ្រប់គ្រងលើការប្រើភាសារបស់ក្មេងស្រី នឹងចាប់ផ្ដើមធ្វើការបានលឿនជាងក្មេងប្រុស ធ្វើឱ្យកូនស្រីច្រើនតែនិយាយបានលឿនជាងកូនប្រុស តែទាំងអស់នេះមិនមែនមានន័យថា យើងនឹងមិនអាចចិញ្ចឹមកូនប្រុសឱ្យពូកែ ២ភាសា ឬច្រើនជាងហ្នឹងបាននោះឡើយ គ្រាន់តែឪពុកម្ដាយត្រូវយល់ដឹងលើផ្នែកនេះផងតែប៉ុណ្ណោះ។

ចិញ្ចឹមកូនឱ្យពូកែ ២ភាសា ឬច្រើនជាងហ្នឹង តើឪពុកម្ដាយត្រូវធ្វើយ៉ាងណា?
នៅពេលឪពុកម្ដាយតាំងចិត្តឱ្យកូនពូកែ ២ភាសា ឬច្រើនជាងនោះ គួរតែចាប់ផ្ដើមភ្លាមតែម្ដង ដោយចាប់ផ្ដើមតាំងពីអំឡុងពេលកើតដំបូង រហូតដល់អាយុ ៣ឆ្នាំ ដោយឪពុក និងម្ដាយគួរតែឯកភាពគ្នាជាមុនសិនថា នឹងឱ្យអ្នកណានិយាយភាសាមួយណា ដូចជាឪពុកនិយាយភាសាខ្មែរ ម្ដាយនិយាយភាសាអង់គ្លេសជាដើម ហើយពេលចិញ្ចឹមកូន ក៏គួរតែនិយាយជាមួយកូន តាមភាសាដែលខ្លួនឯងបានឯកភាពគ្នារួចហើយនោះផង។ បន្ទាប់ពីនោះ គួរត្រៀមវត្ថុផ្សេងៗដែលបង្ហាញពី ២ភាសា ដូចជាសៀវភៅដែលចង់អានឱ្យកូនស្ដាប់ របស់លេងផ្សេងៗដែលមានទាំងអក្សរខ្មែរ និងអង់គ្លេសជាដើម ហើយរឿងដែលសំខាន់បំផុតនោះគឺ ការជជែកនិយាយជាមួយកូនដោយភាសាដែលបានឯកភាពគ្នានោះ ឪពុកម្ដាយមិនគួរនឹកកង្វល់ថា តើកូននឹងយល់ពីអ្វីដែលខ្លួនឯងកំពុងទំនាក់ទំនងជាមួយកូនឬក៏អត់ឡើយ តែរឿងដែលគួរផ្ដល់ភាពសំខាន់នោះគឺ ភាពច្បាស់លាស់របស់ពាក្យ និងសំនៀងសូរស័ព្ទដែលនិយាយចេញទៅ ព្រោះកូននឹងចងចាំពីអ្វីដែលគេបានឮទាំងនោះ។

ការចង់ជំរុញឱ្យកូនមានជំនាញផ្នែកភាសា មិនមែនត្រឹមតែការចាក់បទចម្រៀង ឬខ្សែភាពយន្តភាសាអង់គ្លេសឱ្យកូនមើលនោះទេ តែអ្វីដែលបានផលល្អខ្លាំងជាងនោះគឺ ការជជែកនិយាយ និងការឆ្លើយឆ្លងគ្នាទៅមកផ្សេងៗ ព្រោះជាការទំនាក់ទំនងបែប ២ផ្លូវ ដោយសារក្មេងនឹងអាចរៀនយល់ដឹង និងអភិវឌ្ឍជំនាញផ្នែកភាសា បានលឿនជាងការទំនាក់ទំនងតែ ១ផ្លូវ ព្រោះការស្ដាប់បទចម្រៀង និងមើលកុន អាចរាប់បានថា ជាការទំនាក់ទំនងតែ ១ផ្លូវ។
ការចង់ចិញ្ចឹមកូនឱ្យពូកែច្រើនភាសា ឪពុកម្ដាយត្រូវមានភាពអត់ធ្មត់ខ្ពស់បន្តិច ព្រោះថា បើឪពុកម្ដាយមិនមែនជាម្ចាស់ភាសានោះពិតប្រាកដ ឬជាជនបរទេស ដូចជា ឪពុកម្ដាយជាជនជាតិខ្មែរទាំង ២នាក់ តែមានម្នាក់ត្រូវនិយាយភាសាបរទេសនោះ វាអាចជារឿងមួយ ដែលទាមទារឱ្យទាំង ២នាក់ត្រូវមានការអត់ធ្មត់ខ្លាំងគួរសមដែរ៕

Mother with baby boy reading a picture book before sleeping
Young mother working from home with daughter
×