Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ តើត្រូវនិយាយជាមួយកូនយ៉ាងណាស្រួល រឿងកិច្ចការផ្ទះ…

នៅក្នុងបន្ទប់ទទួលភ្ញៀវ អ្នកម្តាយដើរចូលទៅរកកូនដោយទឹកមុខញញឹម តែពេលឃើញកូនប្រុសធ្វើមុខស្លេកស្លាំង ជាមួយនឹងគំនរសៀវភៅមេរៀន និងសៀវភៅកិច្ចការផ្ទះមុខវិជ្ជាគណិតវិទ្យា អ្នកម្តាយក៏ហាក់ដូចជានឹកសង្ស័យ ក៏អើតមុខចូលទៅជិត ហើយឆ្លៀតឱកាសបើកសៀវភៅកិច្ចការផ្ទះរបស់កូនមើលភ្លាម។ ក្នុងនោះអ្នកម្តាយឃើញមានសុទ្ធតែសញ្ញាខ្វែងដោយប៊ិចក្រហម ដែលជាសញ្ញាបញ្ជាក់ថា “ខុស” ពីអ្នកគ្រូ ពេញក្នុងសៀវភៅទាំងអស់ រួចហើយអ្នកម្តាយក៏កើតអាការទប់លែងជាប់ បញ្ចេញអារម្មណ៍ក្រេវក្រោធឡើងភ្លាមតែម្តង…

ប៉ាម៉ាក់យើង សាកល្បងគិតស្រមៃជាបន្តទៅមើល៍ថា បើជួបនឹងហេតុការណ៍បែបនេះ តើអ្នកម្តាយនឹងប្រើពាក្យសម្តីជាមួយកូនយ៉ាងណាខ្លះ?

១-កិច្ចការផ្ទះងាយៗប៉ុណ្ណឹង ក៏ធ្វើខុសដែរ ធំឡើង ធ្វើស្អីកើតទៅ!?
២-ម៉ាក់បង្រៀនលេខ ប៉ុន្មានដងហើយ! ហេតុអីបានមិនចេះចាំសោះអ៊ីចឹង? គ្មានឃើញពិបាកអីត្រង់ណាសោះ!
៣-ម៉ាក់ប្រាប់ហើយថា កុំឱ្យធ្វើបែបហ្នឹង កុំឱ្យគិតបែបហ្នឹង ថ្ងៃក្រោយហាមធ្វើខុសទៀតដាច់ខាត យល់ទេ?!
៤-ហ៊ឺ! ធ្វើខុសទៀតហើយ ឃើញទេ? ហេតុអីបានជាខួរក្បាលដូចអាចម៍រណាម្ល៉េះហ្ន៎ កូនមួយនេះ!
៥-ប្រាប់ប៉ុន្មានដងហើយថា កុំឱ្យគិតលេខបែបហ្នឹង កូនឯងនៅតែធ្វើខុសដដែលៗអ៊ីចឹងរហូត ធុញទ្រាន់មែនទែន!

តែ ហេតុការណ៍ដូចគ្នានេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ ឬនៅក្នុងកន្លែងណាមួយក្នុងផ្ទះ ដែលកូនតែងតែអង្គុយធ្វើកិច្ចការផ្ទះជាប្រចាំ អ្នកម្តាយដើរចូលទៅរកកូនប្រុសដោយទឹកមុខញញឹមញញែមដូចគ្នា តែពេលឃើញកូនធ្វើមុខស្លេកស្លាំង អ្នកម្តាយក៏បើកសៀវភៅកិច្ចការផ្ទះគណិតវិទ្យា ដោយសុំអនុញ្ញាតកូនជាមុនសិន មុននឹងបើកមើល។ ពេលអ្នកម្តាយឃើញមានសុទ្ធតែសញ្ញាខុសពេញនោះទាំងអស់ អ្នកម្តាយក៏ភ្ញាក់ផ្អើលដូចគ្នាដែរ តែអ្នកម្តាយទប់អារម្មណ៍បាន រម្ងាប់អារម្មណ៍ក្រេវក្រោធក្តៅក្រហាយទុកសិន ហើយនិយាយទៅរកកូន ដោយអារម្មណ៍ត្រជាក់ស្ងប់ភ្លាមថា…
១-បើធ្វើលេខខុសហើយ អាចធ្វើឡើងវិញបានតើកូន សាកល្បងគិតមើលឱ្យច្បាស់ៗម្ដងទៀតទៅមើល៍កូន
២-ញញឹមបន្តិចមើល៍កូន ម៉ស់! យើងសាកល្បងគិតលេខម្ដងទៀតមើល៍ ម៉េចដែរ? ម៉ាក់ជឿថា កូនអាចធ្វើបានណា៎
៣-ម៉ាក់ចង់ឃើញកូនចិត្តត្រជាក់ៗ តាំងសមាធិឱ្យល្អ ហើយសឹមធ្វើឡើងវិញ ម្តង១ចំណុចៗ ណា៎កូន
៤-មិនអីទេកូន ឯណា? ប្រាប់ម៉ាក់បានទេថា កូនមិនយល់ត្រង់ណាខ្លះ?
៥-ខំព្យាយាមអានចំណោទឱ្យយល់បន្តិចទៀត កូនច្បាស់ជាធ្វើបានមិនខាន ជឿម៉ាក់ចុះ!

“តាមរយៈហេតុការណ៍របស់អ្នកម្តាយទាំង២នេះ សូមសាកល្បងប្រៀបធៀបគ្នា និងអាចប្រាប់បានទេថា តើក្មេងៗគ្រប់គ្នា ចង់ស្តាប់ប្រយោគសម្តីបែបណាខ្លាំងជាង? យើងជឿថា អ្នកម្តាយជាច្រើនប្រហែលជាជ្រើសរើសយកហេតុការណ៍ទី២ ដែលជាប្រយោគការនិយាយ គួរឱ្យចង់ស្តាប់ខ្លាំងជាងមិនខាន ព្រោះថា កុមារនឹងក្លាយមនុស្សបរាជ័យ ឬជោគជ័យនៅពេលធំឡើង ឬក៏យ៉ាងណានោះ អាស្រ័យលើពាក្យសម្តី ដែលផ្ដល់កម្លាំងចិត្តរបស់ឪពុកម្តាយ ព្រោះពាក្យសម្តីរបស់ឪពុកម្តាយ ឬមនុស្សដែលកុមារស្រឡាញ់ នឹងត្រូវជ្រួតជ្រាបចូលទៅក្នុងសតិសម្បជញ្ញៈ ដែលនឹងចាក់ឬសយ៉ាងជ្រៅ ដែលអាចធ្វើឱ្យកុមារធំធាត់ឡើង ក្លាយជាមនុស្សល្អ មនុស្សមិនល្អ មនុស្សពូកែ មនុស្សមិនពូកែ មនុស្សជោគជ័យ មនុស្សដែលមិនជោគជ័យបាន។ ដូច្នេះមនុស្សដែលជាឪពុកម្តាយ គួរតែនាំគ្នាងាកមកប្រយ័ត្នប្រយែងពាក្យសម្តីជាមួយកូន ឱ្យបានល្អខ្លាំងឡើងហើយ”៕

mother scolds a child for poor schooling and homework at home
Mother Telling Daughter Off For Bad School Report With Daughter Covering Her Ears
Mother Catches Daughter Using Phone When Meant To Be Studying In Her Room
Bad marks. Unhappy pretty girl feeling upset while listening to her mother
6108-06167594 © Masterfile Royalty-Free Model Release: Yes Property Release: Yes Woman teaching her son at home
×