ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលបានពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន១០នាក់ (ស្រី១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ និងស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត។
នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនជាតិវៀតណាម ឆ្លងដែន និងធ្វើការខុសច្បាប់នៅសិប្បកម្មដបទឹកបរិសុទ្ធ និងសិប្បកម្មឈើ ស្ថិតនៅភូមិតាង៉ៅ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ ដោយ៖បញ្ញាស័ក្តិ