នេះពិតជារឿងដ៏រំជួលចិត្តមែន នៅពេលដែលបុរសឥណ្ឌាដ៏ក្រីក្រម្នាក់ មិនមានអ្វីសោះ បានទិញកង់ចាស់មួយ ធ្វើដំណើរពីប្រទេសឥណ្ឌា ដើម្បីទៅជួបជុំប្រពន្ធរបស់គាត់នៅក្នុងប្រទេសស៊ុយអ៊ែត បន្ទាប់ពីបែកគ្នាអស់រយៈពេលជាយូរ។ ការធ្វើដំណើរឆ្លងទ្វីបរបស់គាត់មានចំងាយជាង ១០.០០០គីឡូម៉ែត្រ។
តើស្នេហាពួកគេកើតឡើងយ៉ាងម៉េច?
លោក Pradyumna Kumar Mahanandia និងកញ្ញា Charlotte Von Schedvin បានជួបគ្នាជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា។
លោក Pradyumna កើតក្នុងគ្រួសារក្រីក្រ ហើយការរស់នៅក្នុងវ័យកុមារភាព និងយុវវ័យរបស់គាត់មានការលំបាកខ្លាំង។ ក្នុងកំឡុងពេលយុវវ័យ លោកបានប្រើប្រាស់ទេពកោសល្យរបស់គាត់គូរគំនូរនៅតាមដងផ្លូវ ក្នុងទីក្រុងដេលី ដើម្បីចិញ្ជឹមជីវិត។ ពេលនោះហើយ ដែលគាត់បានជួបកញ្ញា Charlotte ដែលជាអ្នកទេសចរមកពីប្រទេសស៊ុយអ៊ែត។
នៅពេលជួបកញ្ញាលើកដំបូង លោក Pradyumna បានសួរនាងពីនេះពីនោះយ៉ាងច្រើន។ សួរពីចំណង់ចំណូលចិត្ត សួរពីសញ្ញានៃឆ្នាំ និងអ្វីៗជាច្រើនទៀត ហើយលោក ក៏បាននិយាយប្រាប់នាងថា សញ្ញានៃឆ្នាំរបស់នាងគឺត្រូវគ្នាជាមួយគាត់ទាំងអស់ ដូច្នេះមានន័យថា អ្នកនឹងក្លាយជាប្រពន្ធរបស់ខ្ញុំ។
នៅពេលជួបគ្នាជាលើកទី ២ ពួកគេបានចាប់ចិត្តស្រឡាញ់គ្នា ហើយពួកគេក៏បានរៀបការតាមប្រពៃណីឥណ្ឌា នៅភូមិរបស់លោកតែម្តង។
ការបែកគ្នា
ក្រោយពេលរៀបការមិនបានប៉ុន្មាន ស្ត្រី Charlotte ត្រូវត្រឡប់ទៅប្រទេសនាងវិញ។ នាងស្ទាក់ស្ទើរនឹងចាកចេញទៅណាស់ ប៉ុន្តែប្តីនាងបានប្រាប់នាងថា គាត់នឹងទៅជួបនាងនៅទីនោះឆាប់ៗ។
អ្នកទាំងពីររស់នៅបែកពីគ្នាអស់រយៈពេល ១៦ខែ ហើយក្នុងកំឡុងពេលនោះ ពួកគេទាក់ទងគ្នាតាមរយៈសំបុត្រ។ លោក Pradyumna បានដឹងច្បាស់ខ្លួនឯងថា គាត់មិនអាចរស់នៅដោយគ្មានប្រពន្ធគាត់បានទេ និងមានគំរោងទៅជួបប្រពន្ធគាត់នៅស៊ុយអ៊ែត។
គាត់បានសម្រេចចិត្តលក់អ្វីៗទាំងអស់ដែលគាត់មាន ប៉ុន្តែគាត់នៅតែមិនមានលុយគ្រប់ដើម្បីទិញសំបុត្រយន្តហោះទៅប្រទេសស៊ុយអ៊ែតដដែល ប៉ុន្តែគាត់អាចទិញកង់ចាស់មួយតម្លៃ ៦០រូពី (០,៩១ដុល្លាអាមេរិច) ដើម្បីជិះទៅជួបប្រពន្ធគាត់។
ការធ្វើដំណើរដោយកង់
ការធ្វើដំណើររបស់គាត់បានចាប់ផ្តើម នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ១៩៧៧ ហើយការធ្វើដំណើរពីឥណ្ឌាទៅស៊ុយអ៊ែត នឹងត្រូវចំណាយពេល ៥ខែ។ ជារៀងរាល់ថ្ងៃ គាត់ជិះកង់ចំងាយ ៧២គីឡូម៉ែត្រ។ មុនពេលគាត់បានជួបជុំប្រពន្ធគាត់ គាត់បានធ្វើដំណើរអស់ចំងាយផ្លូវ ៩៦៥៦គីឡូម៉ែត្រ។
នៅពេលនោះ ប្រទេសជាច្រើនមិនតម្រូវឲ្យមានទិដ្ឋការ ដើម្បីចូលប្រទេសគេនោះទេ ប៉ុន្តែនៅពេលគាត់បានទៅដល់ ស៊ុយអ៊ែត មន្ត្រីអន្តោប្រវេសន៍មិនឲ្យគាត់ចូល ដោយសារអាជ្ញាធរនៅទីនោះមិនជឿលើរឿងរបស់គាត់។
តែសំណាងល្អ ប្រពន្ធរបស់គាត់បានបញ្ជាក់ប្រាប់អាជ្ញាធរ ហើយចុងក្រោយពួកគេបានឲ្យគាត់ចូល និងបានជួបជុំជាមួយប្រពន្ធជាទីស្រឡាញ់របស់គាត់។
លោក Pradyumna ក៏បានគេសួរថា តើយុវវ័យសម័យឥឡូវ អាចធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយដោយប្រើកង់បានដូចលោកទេ? លោកថ្លែងថា “ពិតណាស់ ប្រសិនជាអ្នកមានឆន្ទៈ អ្វីៗក៏អាចធ្វើបានដែរ។ ពិតណាស់ ការធ្វើដំណើរនោះពិតជាលំបាកណាស់ ប៉ុន្តែវានៅតែអាចទៅរួច។ ការភ័យខ្លាចគឺជាសត្រូវដ៏ធំរបស់ពួកយើង ហើយវាក៏អាចធ្វើឲ្យជីវិតយើងស្មុគស្មាញផងដែរ”៕ សុភ័ក្ត្រ