ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥៦២គ្រួសាររស់នៅអមសងខាងប្រឡាយស្ទឹងមានជ័យ បានស្ម័ក្រចិត្តចាប់ឆ្នោតទទួលយកដីកម្មសិទ្ធិហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាក់ដីបំពេញរួចក្នុងជំហានទី១នេះ។
ពិធីចាប់ឆ្នោតនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ មិថុនានេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ។
គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ។ លើគម្រោងនេះ យើងបានបែងចែកជា៤តំណាក់កាល ដោយតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងតំណាក់កាលទី១នេះ ក្រុមការងារបានសម្រុចការងាររបស់ខ្លួនបាន៩៥ភាគរយហើយ ។ ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយក្រុមការងារបានចាក់បំពេញបានមួយរយហើយ។ ចំណែកការកាយភក់ចេញពីបាតប្រឡាយគឺយើងអនុវត្តការងារសម្រេចបាន១០០ភាគរយហើយដែរ។
គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្ចើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕ ដោយ៖បញ្ញាស័ក្តិ