ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យូស៊ីហ៊ីសា កៃនូម៉ា ( Yoshihisa Kainums ) អគ្គនាយកក្រុមហ៊ុនមីនេបៀមីតហ្ស៊ូមី ( Minebea Mitsumi Inc ) ស្ដីពីគម្រោងបំពាក់អំពូលវៃឆ្លាតនៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ។ លោកអភិបាល បានឯកភាព និងទទួលយកបទបង្ហាញរបស់តំណាងក្រុមហ៊ុន យកមកសិក្សាអនុវត្តផ្ទាល់តែម្ដង ដោយយកមហាវិថីចំនួន៣សាកល្បងបំពាក់អំពូលវៃឆ្លាតLEDដំណាក់កាលដំបូងក្នុងឆ្នាំនេះ។
លោកយូស៊ី ហីសាកៃនូម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនជប៉ុនដ៏ធំដែលកំពុងវិនិយោគនៅកម្ពុជា បានប្រាប់ឲ្យដឹងពីគោលបំណងរបស់ក្រុមហ៊ុនមីនីបៀ លើការនាំយកអំពូលភ្លើង LED សម្រាប់ដាក់បំភ្លឺផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។ គម្រោងនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា។
អំពូលម៉ាកមីនីបៀ Mitsumi Smart ដែលជាអំពូលភ្លើងឆ្លាត ទំនើបទាន់សម័យ តាមបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនសន្សំសំចៃឋាមពលបានច្រើន កាត់បន្ថយកំលាំងពលកម្ម អាចបិទបើកឬតំឡើង និងបន្ថយពន្លឺតាមការចង់បាន និងអាចបញ្ជាតាមរយះទូរបញ្ជាពីចំងាយទៅតាមចំណុចដែលត្រូវបានដាក់អំពូលថែមទៀតផង។
ក្នុងឱកាសនោះលោកឃួង ស្រេង បានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុនមីនីបៀ ដែលចង់នាំយកនូវអំពូលភ្លើងឆ្លាតLEDសម្រាប់បំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញ។លោកអភិបាលក៏បានណែនាំឲ្យមានការសិក្សាបន្ថែមលើផ្នែកបច្ចេកទេស និងតំលៃនៃការដាក់អំពូលភ្លើងថ្មីនេះដែលអាចជំនួសអំពូលភ្លើងចាស់បានកំរិតណា។ក្នុងជំនួបនោះអភិបាលបានឯកភាពចំពោះការដាក់សាកល្បងនូវអំពូលភ្លើងទំនើបនេះនៅតាមវិថីសំខាន់ៗចំនួន៣ខ្សែក្នុងរាជធានីភ្នំពេញគឺមហាវិថីសហពន្ធ័រុស្ស៊ី,មហាវិថីព្រះនរោត្តម និងវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ត្រ។
ក្រោយចប់ជំនួបនោះនាពេលនេះដែរ ក្រុមហ៊ុនមីនីបៀ កំពុងរៀបចំឲ្ យShowroom មួយកន្លែងនៅសាលពិព៍រណ៍កោះពេជ្រ ដើម្បីបង្ហាញអំពូលប្រភេទថ្មីនេះផងដែរ៕ ដោយ៖បញ្ញាស័ក្តិ