ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃទី ៧ ខែមិថុនា បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ ឲ្យដឹងថា ៖ បណ្តាបទបញ្ជាហាមឃាត់រាល់សកម្មភាពនយោបាយនឹងបន្តរក្សាទុកដដែល ទោះបីជាបណ្តាខុសច្បាប់ទាក់ទងដល់ការបោះឆ្នោត ត្រូវបានតុលាការធម្មនុញ្ញអនុម័តក្តី ។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ
ឧត្តមសេនីយ៍ប្រាយុទ្ធ អះអាងសារជាថ្មីថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែ កុម្ភៈ ២០១៩ ហើយពលរដ្ឋថៃនឹងមានសិទ្ធិសម្រេចពីអនាគតប្រទេសជាតិ ។
ប៉ុន្តែមេដឹកនាំរដ្ឋការយោធានេះ ក៏សង្កត់ធ្ងន់ថា ខ្លួនលោកផ្ទាល់នឹងពិនិត្យករណីនីមួយៗ អំពីបណ្តាសកម្មភាពពាក់ព័ន្ធបោះឆ្នោតក្នុងមានយុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់បណ្តាគណបក្សនយោបាយ ដើម្បីសម្រេចថា គួរអនុញ្ញាតឲ្យដែរឬទេ ។ លោកប្រាយុទ្ធ និយាយខ្លាំងៗថា ៖ “ប្រសិនបើបទបញ្ជាហាមឃាត់ត្រូវបានលុបចោលទាំងស្រុងនោះ តើអ្នកណាហ៊ានធានាថា ពុំមានបញ្ហាអ្វីកើតឡើង? ប្រសិនបើពួកគេនាំគ្នាដង្ហែរក្បួនបាតុកម្ម ពេញផ្លូវ សួរថាអ្នកទាំងអស់គ្នាអាចទទួលយករឿងបែបនេះបានដែរឬទេ? ” ។
មេដឹកនាំរដ្ឋការយោធា ក៏បានសម្តែងនូវកង្វល់អំពីបណ្តាសកម្មភាព និងការថ្លែងយោបល់ថ្មីៗកន្លងមកនេះរបស់ឥស្សរជននយោបាយជាច្រើននាក់ ។
លោកពោលថា គ្រប់ភាគីត្រូវតែបង្ហាញពីបំណងកសាងសង្គមមួយដែលស្រុះស្រួល ពុំមែននាំគ្នាសាបព្រួសពន្លកនៃការបាក់បែកឡើយ ។ ហើយលោកសង្កត់ធ្ងន់បន្ថែមទៀតថា ៖ ប្រទេសជាតិចាំបាច់ត្រូវមានវិន័យ និងគោរពច្បាប់ ៕ សូយន