ភ្នំពេញ ៖ បទល្មើសជាច្រើនដែលកើតចេញពីការក្លែងឯកសណ្ឋានសមត្ថកិច្ចដែលទិញតាមទីផ្សារ សមត្ថកិច្ច និងអាជ្ញាធរ គួរតែចុះទៅទប់ស្កាត់ និងណែនាំក្នុងកម្រិតណាមួយ ទៅលើអ្នកលក់ដូរឯកសណ្ឋានកងកម្លាំង ប្រដាប់អាវុធ នៅផ្សារទឹកថ្លាតែម្ដង ជៀសវាងមានរឿងដដែលៗកើតឡើង។
បុរសម្នាក់ បានប្រើឯកសណ្ឋានកងរាជអាវុធហត្ថក្លែងក្លាយយកទៅស្លៀកពាក់ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកឡាយផ្ទាល់ ដើម្បីទារប្រាក់ពីអ្នកជំពាក់នោះ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកធ្វើការសួរនាំនៅ ទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ។
ជនសង្ស័យនេះ ឈ្មោះ ថា វណ្ណា អាយុ៣៤ឆ្នាំ មានមុខរបរអ្នកជាថតវីដេអូតាមពិធីមង្គលការ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ដែលមានគណនី Facebook ឈ្មោះ ព្រះអាទិត្យបំបែកភ្នំ។ ខណៈពេលនេះបុគ្គលឈ្មោះ ថា វណ្ណា ដែលបានស្លៀកពាក់ឯកសណ្ឋានកងរាជកងរាជអាវុធហត្ថ បានចូលសារភាពនៅកងរាជលើផ្ទៃប្រទេស ដើម្បីបំភ្លឺជូនសាធារណៈជនដើម្បីកុំឱ្យមានការភាន់ច្រឡំ។
បុគ្គលរូបនេះ បានទៅទិញសម្លៀកបំពាក់អាវុធហត្ថនៅផ្សារទឹកថ្លា ខណ្ឌសែនសុខ ហើយយកមកស្លៀកពាក់បង្ហោះលើ Facebook និងបានយកអាវអាវុធហត្ថ ទៅបំពាក់ពីក្រោយខ្នង ពេលខ្លួនកំពុងឡាយវីដេអូ ដើម្បីទារប្រាក់ពីអ្នកជំពាក់ គោលបំណងឲ្យគេខ្លាច។
ក្រោយទទួលបានព័ត៌មាននេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួនជនម្នាក់នេះ។ ជនសង្ស័យ ក៏ត្រូវបានរកឃើញ ហើយធ្វើការនាំខ្លួនមកសួរចម្លើយ នៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។
នៅចំពោះមុខមន្ដ្រីជំនាញ ជនសង្ស័យបានសារភាពថា ហេតុតែខ្លួនធ្វើដូច្នេះ ដោយសារតែមានចិត្តចង់តាំងពីតូច ចង់ក្លាយជាមន្ដ្រីអាវុធហត្ថ ប៉ុន្ដែមិនដឹងចូលតាមច្រកណា។
ក្រោយបញ្ចប់ការសួរនាំ និងអប់រំរួចមក ជនសង្ស័យត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។ មន្ត្រីអាវុធហត្ថ បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនកុំប្រព្រឹត្តនូវទង្វើខុសច្បាប់បែបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ក៏ដូចរងទុក្ខទោសដល់ខ្លួនឯង និងក្រុមគ្រួសារ៕ ដោយ៖បញ្ញាស័ក្តិ