មន្ត្រីក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ ខណៈកម្ពុជា មានភ្លៀងធ្លាក់ច្រើន ដែលអាចកកើតមូសខ្លាច្រើន ជាភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម។
មន្ត្រីក្រសួងសុខាភិបាលបាន ណែនាំឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ក្នុងការសំអាតលំនៅដ្ឋានទាំងក្នុង ខាងក្រៅផ្ទះ និងទីធ្លាជុំវិញ ផ្ទះធ្វើយ៉ាងណាឲ្យមានពន្លឺចេញចូលផ្ទះ បានគ្រប់គ្រាន់ ពិសេសកុំទុកក្មេងតូចៗនៅកន្លែងទីងងឹង ហើយត្រូវគេងនៅក្នុងមុង ព្រោះមានមុសខ្លាបានកើតឡើង ច្រើននៅក្នុងរដូវវស្សានេះ។ ជាមួយគ្នានេះ ត្រូវប្រមូលសំបកកំប៉ុង សំបកកង់ឡាន ម៉ូតូដែលមិនប្រើប្រាស់ ឬវត្ថុដែលដក់ទឹកយកទៅកប់ចោល ព្រោះវាជាជំរកមូលខ្លា។ ដូច្នេះការអនុវត្តនេះនឹងជួយកាត់បន្ថយ កុំឲ្យកកើតមូសខ្លាកាន់តែច្រើនទៀត។
លោក លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជម្ងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជម្ងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល បានថ្លែងប្រាប់កាលពីព្រឹកមិញនៅថ្ងៃទី០៧ មិថុនាថា ដើម្បីដោះស្រាយបញ្ហាជម្ងឺគ្រុនឈាម នៅក្នុងរដូវវស្សានេះ ក្រសួងសុខាភិបាល បានណែនាំ ដល់ថ្នាក់ក្រោមជាតិឲ្យពង្រឹង ក្នុងការអប់រំសុខភាពតាមសហគមន៍ ក៏ដូចជាធ្វើការបែងចែកថ្នាំអាប៊ែតនៅកន្លែងណាដែលប្រឈមខ្ពស់ ហើយកន្លែងណាភូមិណាដែលមានអ្នកជម្ងឺច្រើន ឈានដល់ការបាញ់ថ្នាំទៀតផង។
លោកបន្តថា សម្រាប់ឆ្នាំនេះ ក្រសួងសុខាភិបាល បានត្រៀមសេរ៉ូមរហូតដល់ជិត៤ម៉ឺនប្លោក សម្រាប់ព្យាបាលជម្ងឺគ្រុនឈាមនៅតាមមន្ទីរពេទ្យរដ្ឋ ហើយថ្នាំអាប៊ែតមានរហូតដល់២៥០តោន ដើម្បីបែងចែកទៅដល់លំនៅដ្ឋាននានានៅទូទាំងប្រទេស។
សូមបញ្ជាក់ថា៖ ចាប់ពីដើមឆ្នាំ២០១៨ រហូតមកដល់ពេលនេះ កម្ពុជាមានករណីគ្រុនឈាមកើតឡើងរហូតដល់ជាង២០០០ករណី ក្នុងនោះកុមារចំនួន៥នាក់បានស្លាប់ ដោយទៅព្យាបាលមិនទាន់ពេលវេលា៕ ដោយ ៖ បញ្ញាស័ក្តិ