សង្គមបច្ចុប្បន្នពិតជាមិនខ្វះមនុស្សដូចបុរសមាយាទអន់ម្នាក់នេះ ដោយយកការឈឺចាប់របស់ជនរងគ្រោះកំពុងនរនៀលលើផ្លូវដែក មកធ្វើជា background សម្រាប់រូបភាពរបស់ខ្លួន ។
ករណីគ្រោះថ្នាក់នៅថ្ងៃទី ៦ ខែឧសភា កន្លងមក ។
ហេតុការណ៍ដែលធ្វើឲ្យគេផ្ទុះកំហឹង និងស្វែងរកមុខយុវជនម្នាក់នេះ កើតឡើងនៅស្ថានីយ៍រថភ្លើង Piacenza ប្រទេសអ៊ីតាលី ។ បុរសម្នាក់ស្លៀកពាក់អាវស ខោ ស ដៃម្ខាងលើកជាម្រាមដៃជាអក្សរ V មានអត្ថន័យថា ជោគជ័យ គ្រាដែលស្ត្រីម្នាក់កំពុងដេកដួលលើផ្លូវរថភ្លើង កំពុងត្រូវបានគេជួយសង្គ្រោះ ។ ជនរងគ្រោះគឺជាពលរដ្ឋកាណាដាម្នាក់ បានធ្លាក់ពីលើកន្លែងរង់ចាំចុះមកថ្នល់រថភ្លើង ។ ក្រោយគ្រោះថ្នាក់នេះ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម តែក្រោយមកត្រូវកាត់ចោលជើងម្ខាង ដោយសារគ្រោះថ្នាក់ជាយថាហេតុនេះ ។
មិនយូរប៉ុន្មានក្រោយមកគេឃើញរូបភាពរបស់យុវជនមាយាទអន់ខាងលើបង្ហោះលើបណ្តាញសង្គម ។ វាត្រូវបានអ្នកកាសែតឈ្មោះ Giorgio Lambri និយាយត្រង់ៗថា ៖ រូបភាពនេះ ស្រាយបញ្ជាក់ឲ្យឃើញនូវពពួកមនុស្សបាត់បង់មនសិការ និងសីលធម៌ទាំងស្រុង ។
អ្នកពិធីករទូរទស្សន៍ Nicola Savino និយាយថា “ស្ត្រីម្នាក់នេះ ទើបរងគ្រោះថ្នាក់ដោយសារការបះទង្គិចនឹងខ្សែរថយន្តភ្លើង ។ នាងបានបាត់អស់ជើងម្ខាង ប៉ុន្តែនៅមានអាមនុស្សភ្លីភ្លើម្នាក់បែរជានៅអាចថតរូបសែលហ្វីនេះទៀត ៕ ចន្ទ្រា