ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសហការគ្នាជាមួយ កម្លាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ រួចជាស្រេចហើយ សម្រាប់ធ្វើការទប់ស្កាត់ រាល់បុគ្គលណា ដែលមានចេតនា រារាំងប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោតជាតិ នាពេលខាងមុខនេះ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្នុងការដឹកនាំការអនុវត្តការងារនគរបាល និងសហគមន៍ ដំណាក់កាលដំបូល ត្រីមាសទី១ ឆ្នាំ២០១៨នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា គ្រប់ភាគីពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោត បានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ នូវរាល់ឧបាយកល របស់ជនអគតិមួយចំនួន ដែលរារាំង និងមិនឲ្យពលរដ្ឋ ទៅចូលរួមបោះឆ្នោតនាពេលខាងមុខ ។ ការបោះឆ្នោតសកលអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង និងប្រជាពលរដ្ឋសញ្ជាតិខ្មែរ មានឈ្មោះបោះឆ្នោតជាងប្រាំបីលាននាក់ ៕ ដោយ ៖ បញ្ញាស័ក្តិ