ភ្នំពេញ-តារាសម្តែងស៊ីស៊ី ពិតជាមានស្នាដៃគ្រាន់បើមែន សម្តែងជាតួអង្គអ្វីមិនសំខាន់ គឺជាចរិកធម្មជាតិរបស់នាង ដែលនាងធ្លាប់បានប្រាប់កន្លងមកហើយថា មិនសំខាន់ថាតួឯកឬតួរងឡើយ គឺសុទ្ធតែជាការងារដែលត្រូវបំពេញទាំងអស់។
ប៉ុន្តែ ស៊ីស៊ី រាសីចុងឆ្នាំនេះបានហក់ឡើងខ្ពស់តែម្តង គឺនាងបានតំណែងជាតួឯកនៅក្នុងភាពយន្តខ្នាតធំ ក្នុងរឿង “ម៉ាដាមអាប២០១៨” ដែលជាភាពយន្តស្នាដៃដំបូងរបស់នាង នៅចុងឆ្នាំនេះតែម្តងដែលនាងបានចុះកុងត្រានឹងក្រុងពាលីចាប់ផ្តើមដំណើរការថតនៅដើមខែវិច្ឆិកានេះហើយ។
កញ្ញាស៊ីស៊ី គេនៅចាំថា តារាស្រីរូបនេះ បានទទួលការងារច្រើនគួរសម បន្ទាប់ពីមានឈ្មោះបោះសំលេងជាកញ្ញាដែលមានដងខ្លួនសិចស៊ី។ ស៊ីស៊ី និយាយថា នាងមានការជាច្រើនកំពុងចាប់ផ្តើមយ៉ាងមមាញឹក មិនថាស្ពតពានិជ្ជកម្ម ឬថតខ្សែរភាពយន្តដែរ។ នាងបន្ថែមថា មានគេទាក់ទងឲ្យថតពីររឿងព្រមគ្នា ប៉ុន្តែនាងខ្លាចជាន់ម៉ោងការងារដូច្នេះហើយ នាងសុខចិត្តទទួលយកម្តងមួយជាជាងយកច្រើនហើយជាន់ម៉ោងគ្នា ដែលធ្វើឲ្យមានភាពល្អក់កករជាមួយនឹងក្រុមការងារ។
ងាកមករឿងថ្មី “ម៉ាដាមអាប២០១៨” កញ្ញាញញឹមស្រស់រូបនេះ ថាខ្លួនសប្បាយចិត្តណាស់ដែលបានតំណែងតួឯក ចំណែកប្លងរឿងថ្មីនេះ មានសភាពពិបាកប៉ុណ្ណាក៏នាងនឹងព្យាយាមសម្តែងឲ្យអស់ពីបេះដូងព្រោះទាំងនោះជាការងារដែលនាងពេញចិត្ត៕ ដោយ-គីម ស្រីរ័ត្ន