ការក្រោធខឹងនៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសិនការក្រោធខឹងនោះ វារលាយបាត់ទៅវិញជាមួយនឹងខ្យល់ដង្ហើម តែបើការក្រោធខឹងណាដែលបង្កឱ្យកើតអារម្មណ៍គ្រោតគ្រាត តានតឹង ប្រមូលសន្សំទុកនៅក្នុងគំនិតយ៉ាងមិនឈប់ឈរនោះ វានឹងបង្កឱ្យកើតបច្ច័យប្រឈមនឹងអាការឈឺក្បាលបាន។
តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការជនជាតិអាមេរិក ទៅលើមនុស្សពេញវ័យចំនួនជាង ៤ ២០០នាក់ បានរកឃើញថា ភាពខឹងក្រេវក្រោធ នឹងជំរុញឱ្យរាងកាយបញ្ចេញអ័រម៉ូននៃភាពថុញថប់តានតឹងចេញមកច្រើនជ្រុលពេក បេះដូងដើរកាន់តែលឿនឡើង សម្ពាធឈាមស្ទុះឡើងខ្ពស់ ហើយរាងកាយក៏នឹងមានប្រតិកម្មតបស្នង ដូចជាកើតអាការឈឺក្បាល និងញ័រទ្រូង ជាដើម ដូច្នេះហើយទើបលោកវេជ្ជបណ្ឌិត រ៉ូប៊ើត នីខូលសុន អ្នកជំនាញការផ្នែកចិត្តវិទ្យា និងសង្គម របស់មហាវិទ្យាល័យ សេនត៍ លុយស៍ មានដំបូន្មានក្នុងការការពារអាការឈឺក្បាលដោយសារការខឹងសម្បាដូចតទៅ…
រម្ងាប់កំហឹងភ្លាមៗ
ចូរដកដង្ហើមចូល-ចេញវែងៗ ៣ដង ព្រោះវានឹងជួយបំបាត់ភាពតានតឹងធុញថប់បាន
រម្ងាប់ភាពក្រេវក្រោធខឹងគុំគួន
ចូរផ្លាស់ប្តូរទីកន្លែង ឬចេញពីកន្លែងនោះដែលបង្កឱ្យយើងខឹងនោះភ្លាម បើអាចទៅរួច។ ចូរប្រើការគិតដោយការសាងការនឹកស្រមៃថា អ្នកកំពុងតែរត់ឡើងហត់ដង្ហក់
បើនិយាយមិនចេញ ឬមិនអាចតវ៉ាបាន (តឹងដើមទ្រូង)
ឧបមាថា យើងកំពុងតែខឹងលោកប្រធានរបស់យើង ហើយយើងមិនអាចនិយាយចេញមកតាមការគិតបាន តែយើងអាចនិយាយឱ្យអ្នកឯទៀតស្តាប់បាន ដូចជាសង្សារ ឬមិត្តជិតស្និទ្ធ ឬមនុស្សក្នុងគ្រួសារ ជាដើម ព្រោះវានឹងជួយរំលាយអារម្មណ៍អវិជ្ជមាននោះបាន
គិតត្រិះរិះ
ចូរសួរខ្លួនឯងថា ហេតុអីបានខឹង? អ្នកណាធ្វើឱ្យខឹង? ឬមានមូលហេតុមកពីស្ថានការណ៍ណាមួយ? ធ្វើដូច្នេះ គឺដោយសារតែការគិតសាចុះសាឡើងច្រើនដង នឹងជួយឱ្យខួរក្បាលភ្លឺថ្លាឡើងបាន។
កុំគិតតែរឿងដដែលៗ
កុំរវល់តែគិតវិលវល់ក្នុងរឿងចាស់ដដែលៗ ដែលអ្នកមិនអាចគ្រប់គ្រងវាបាន ហើយអ្វីដែលអាចធ្វើបាននោះគឺ អ្នកគួរផ្លាស់ប្តូរខ្លួនឯង មិនមែនផ្លាស់ប្ដូរអ្នកដទៃទេ និងគួរចៀសវាងពីការគិតដែលជាពណ៌ស ឬពណ៌ខ្មៅ ព្រោះរឿងមួយចំនួនវាអាចមានល្អ និងអាក្រក់លាយឡំចូលគ្នា រហូតក្លាយជាពណ៌ប្រផេះបាន។ ចូរអ្នកគិតដល់មនុស្ស និងរឿងដែលធ្វើឱ្យអ្នកសប្បាយចិត្ត និងមាន
សេចក្តីសុខ ព្រោះវាអាចជួយប្ដូរអារម្មណ៍របស់យើងបាន។
យកឈ្នះភាពគុំកួន
អ្នកគួររៀនយល់ដឹងពីការអត់ទោស ទោះជាវាពិបាកខ្លាំងក្លាប៉ុនណាក៏ដោយ តែវាជាវិធីមួយដែលល្អបំផុត ដើម្បីឱ្យអ្នកអាចយកឈ្នះការក្រេវក្រោធ ដែលនឹងកើតឡើងនៅពេលអនាគតបានដែរ៕