បេក្ខភាពអាមេរិកខាងជើង (ដែលមានបីប្រទេស ៖អាមេរិក កាណដា និងម៉ិចស៊ិក) ឬបេក្ខភាព Unired ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បោះឆ្នោតជ្រើសតាំង នៅថ្ងៃពុធទី ១៣មិថុនា នៅក្រុងម៉ូស្គូ ឱ្យធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ពិភពលោក នៅឆ្នាំ២០២៦។ នេះជាលទ្ធផលដែលគ្មានបង្កប់ការភ្ញាក់ផ្អើលទេ ! ម៉ារ៉ុក ដែលបានដាក់បេក្ខភាពជាលើកទី៥ បានទទួលសំឡេងគាំទ្រតិចតួចណាស់។
នេះគឺជាលើកទីមួយហើយដែលសហព័ន្ធបាល់ទាត់ពិភពលោក ធ្វើការជ្រើសរើសបេក្ខជន តាមរយៈការបោះឆ្នោតសកល ដោយមានការចូលរួមពីសំណាក់សមាជិកសហព័ន្ធទាំងអស់ ចំនួន២០៧នាក់ ! មិនមែនត្រឹមតែជាង២០នាក់ ជាសមាជិកគណៈកម្មាធិការប្រតិបត្តិដូចមុនទេ។
ជាលទ្ធផល បេក្ខភាពអាមេរិកខាងជើង បានឈ្នះនាំមុខ តាំងពីជុំទីមួយ ដោយមានសំឡេងគាំទ្រដល់១៣៤សំឡេង (៦៧%) ទល់ ៦៥ (៣៣%) សំឡេងចំពោះបេក្ខភាពម៉ារ៉ុក និងមានតែសំឡេងអនុប្បវាទតែមួយ។