ក្រុមជម្រើសជាតិអង់គ្លេសបានទៅដល់ប្រទេសរុស្ស៊ី ដើម្បីចូលរួម World Cup ២០១៨ ហើយត្រូវបានកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ការពារយ៉ាងប្រយ័ត្នប្រយែងបំផុត ដោយប្រើប្រាស់រថពាសដែកជាច្រើនគ្រឿង និងរាយរងបងដែកថែបព័ទ្ធជិតតែម្តង ។
ត្រូវបានពលទាហានចាត់បញ្ជូនទៅកាន់ Repino ដើម្បីការពារក្រុមជម្រើសជាតិអង់គ្លេស។
បណ្តាញសន្តិសុខនៅធ្វើជារបងការពារពីខាងក្រៅ ។
ប្រព័ន្ធសណ្ឋាគារ និងភោជនីយដ្ឋាន ForRest Mix នៅតំបន់ Repino មានចម្ងាយពី St Petersburg ប្រមាណ ៣០គីឡូម៉ែត្រ ដែលត្រូវបានក្រុមជម្រើសជាតិអង់គ្លេសជ្រើសរើសជាកន្លែងស្នាក់នៅក្នុងអំឡុងចូលរួមជុំផ្តាច់ព្រ័ត្រ World Cup នៅឆ្នាំនេះ ។
រដ្ឋាភិបាលរុស្ស៊ីបានចាត់កម្លាំងចម្រុះប្រមាណ ១ វរៈសេនាធំ ព្រមទាំងរថពាសដែកដើម្បីធ្វើការល្បាតការពារធានាសុវត្ថិភាព ១០០% ចំពោះបណ្តាសមាជិកនៃក្រុមជម្រើសជាតិអង់គ្លេស ។
រថពាសដែកមានវត្តមាននៅជុំវិញផ្ទាំងតំបន់ហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេស ។
សមត្ថកិច្ចរុស្ស៊ីពុំបានបញ្ជាក់ឲ្យដឹងពីមូលហេតុដែលមានការបង្កើនកិច្ចការពារពិសេសចាប់ពីពេលក្រុមអង់គ្លេស ចុះពីយន្តហោះមកម្លេះ ។ គេគ្រាន់តែដឹងថា ប្រតិភូដឹកនាំរបស់អង់គ្លេស បានសំណូមពរឲ្យសង់របងដែលមានកម្ពស់ដល់ទៅ ៣,៩ម៉ែត្រ ដើម្បីទប់ស្កាត់ការបែកធ្លាយយុទ្ធវិធីនៃការប្រកួតរបស់ក្រុមជម្រើសជាតិនេះ ៕ សូយន