តាកែវ ៖ ក្រុមបាល់ទាត់មន្ទីរបរិស្ថានខេត្តតាកែវ ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើងឯកមហាជនថ្នាក់ខេត្ត ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨ នេះ ដោយបានធ្វើការប្រកួតវគ្គជម្រុះយ៉ាងស្វីតស្វាញរវាងក្រុមបាល់ទាត់ចំនួន ១៧ក្រុម ដែលមកពីបណ្តាល ស្រុកទាំង១០ និងមន្ទីរអង្គភាពជុំវិញខេត្ត ។
សូមបញ្ជាក់ផងដែរថាការឈានមកដល់ការប្រកួតនូវវគ្គផ្តាច់ព្រ័ត្តក្នុងថ្ងៃបិទវគ្គនេះដែរ គឺមានក្រុមចំនួន ពីរ បានឡើងមកដល់វគ្គចុងក្រោយគឺ ប្រកួតយកលេខ ០១ លេខ ០២ រវាងក្រុមមន្ទីរបិរស្ថានខេត្ត ប្រកួតជាមួយនិងក្រុមមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ដោយក្នុងការប្រកួតនោះក្នុងតង់ទី ០១ រយៈពេល ៤៥នាទី គឺទទួលបានលទ្ធផល ០២ ទល់ ០២ រហូតឈានមកដល់តង់ទី ២ ក្រុមទាំងពីរនៅតែធ្វើការសម្រុករកគ្រប់បាល់ទៅវិញទៅមករហូត តែចប់ការប្រកួតនៅតង់ទីពីរ គឺលទ្ធផល នៅតែ ២ស្មើដដែល ទើបអាជ្ញាកណ្តាលសម្រេចដាក់អោយពេលណាំងទីចំនួន ៥គ្រាប់បន្ថែមទៀត ក្នុងមួយក្រុមៗ ក្រោយបញ្ចប់ការស៊ុតពេលណាំងទី ៥គ្រប់នេះ រួចក្រុមបាល់ទាល់របស់មន្ទីរបរិស្ថានខេត្តតាកែវ បានយកឈ្នះលើក្រុមបាល់ទាត់មន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ក្នុងលទ្ធផល ០៧ ទល់និង ០៦ ។
លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានមានប្រសាសន៏នៅក្នុងកម្មវិធីបិទការប្រកួតកីឡាមហាជនទូរទាំងខេត្តថា ក្រុមបាល់ទាត់ទាំងអស់ ដែលចូលរួមប្រកួតមានចំនួន ១៧ក្រុម ហើយក្រុមដែលជាប់ចំណាត់ថ្នាក់រួមមាន ៖
-លេខ ១ បានទៅលើក្រុមបាល់ទាត់ មន្ទីរបរិស្ថានខេត្តតាកែវ
-លេខ ២ បានទៅលើក្រុមមកពីមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត
-លេខ ៣ បានទៅលើក្រុមបាល់ទាត់ការិយាល័យអប់រំយុវជននិងកីឡាស្រុកបាទី ។ ចំពោះលទ្ធផលវិញ្ញាសាបាល់ទះវិញចំណាត់ថ្នាក់លេខ ១បានទៅលើស្រុកគីរីវង់ ចំណាត់ថ្នាក់លេខ២ បានទៅលើស្រុកទ្រាំង ។
លោកបានបន្តទៀតថា ជារៀងរាល់ឆ្នាំមន្ទីរអប់រំតែងតែរៀបចំការប្រកួតកីឡាមហាជនលើគ្រប់វិញ្ញាសារទាំងអស់ឡើងដើម្បីលើកកម្ពស់វិស័យកីឡាឲ្យមានសកម្មភាពរស់រវើក ជាប្រយោជន៏ដើម្បីអោយយុវជនជៀសឆ្ងាយពីគ្រឿងញៀន ងាកមកលេងកីឡាដើម្បីមិត្តភាព និងសុខភាពវិញ ។
ក្នុងនោះដែរលោក ឆយ ម៉ុមលី ប្រធានមន្ទីរបរិស្ថានខេត្តាកែវ បាននិយាយថា ការបង្កើតអោយមានក្រុមយុវជនអោយចូលរួមប្រកួតកីឡានេះគឺជាគោលបំណងសំខាន់ដែលចង់អោយ ការលេងកីឡានៅក្នុងខេត្តតាកែវមានការផុលផុសនិងរីកចំរើនដូចនៅប្រទេសគេដ៏ទៃ ជាពិសេសចង់អោយយុវជនបានលេង កីឡាដើម្បីសុខភាព និងមិត្តភាព និងជៀសឆ្ងាយពីការសេពគ្រឿងញៀន ៕ តាកែវ