Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ លែងលះគ្នាហើយ ឱ្យចប់ទៅប្រសើរជាង កុំធ្វើរឿងបែបនេះអី…

សេចក្ដីស្នេហា ធ្វើឱ្យពិភពរបស់មនុស្ស ២នាក់ មានពណ៌ផ្កាឈូក តែនៅពេលដែលទៅមុខលែងរួច ក៏ត្រូវតែលែងលះគ្នា ហើយពិភពពណ៌ផ្កាឈូក ក៏ក្លាយជាពណ៌ប្រផេះ ផ្កាសោកសៅ ក៏រីកក្នុងបេះដូង ជំនួសផ្កាកុលាប ព្រោះថា ក្នុងជីវិតរបស់មនុស្ស ២នាក់ដែលធ្លាប់ស្រឡាញ់គ្នា មិនថាច្រើន ឬតិចក៏ដោយ ម្នាក់ៗសុទ្ធតែមានការចងចាំអនុស្សាវរីយ៍៍រួមគ្នាពីមុនមកដូចគ្នា ចង់ឱ្យកាត់បានភ្លាមៗ មិនមែនជារឿងងាយឡើយ ហើយបើសិនជាកាត់មិនដាច់ផងនោះ ក៏នឹងរឹតតែធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅទៀត។ ដូច្នេះបើអ្នកចង់ឱ្យសេចក្ដីស្នេហា ដែលក្លាយជាអតីតកាលទៅហើយនោះ បញ្ចប់ទៅយ៉ាងស្អាត គ្មានអ្វីត្រូវមកឃ្លៀរ៍គ្នាទៀតនោះ តទៅនេះ គឺរឿង ៥យ៉ាងដែលអ្នកគួរ “កុំធ្វើ” ជាដាច់ខាត នៅពេលមានឈ្មោះថា ជាអតីតគូស្នេហ៍។

១-យករូបអតីតគូស្នេហ៍ មកផូស្តចំអកឡកឡាយនៅក្នុងបណ្ដាញសង្គម
បើលែងលះគ្នាហើយ ក៏ Unfollow នៅក្នុងបណ្ដាញសង្គមចោលទៅ ដើម្បីប្រកាសឱ្យពិភពលោកដឹង វាមិនមែនជារឿងប្លែកឡើយ តែបើលែងគ្នាហើយ បែរជានៅតែយកទង្វើរបស់អតីតគូស្នេហ៍ ទៅប្រកាសចំអកឡកឡាយនៅក្នុងពិភពបណ្ដាញសង្គមវិញនោះ សូម្បីតែគិត ក៏សូមប្រាប់ថា “កុំអី ឈប់ទៅ!” ព្រោះវាមិនបានធ្វើឱ្យអ្វីៗល្អប្រសើរឡើងទេ។ អ្នកខ្លួនឯង នឹងមានតែអាក្រក់ទៅ ព្រោះត្រូវមកចាំអង្គុយអានខមមិនត៍របស់អ្នកដទៃ ដែលមិនបានដឹងរឿងរបស់អ្នកទាំង២។ បើត្រូវការកម្លាំងចិត្ត ក៏ស្វែងរកមិត្តណាម្នាក់ដែលអ្នកទុកចិត្ត ហើយប្រាប់គេអំពីរឿងរ៉ាវដែលអ្នកជួបប្រទះមក បន្ទាប់ពីនោះ ក៏ដើរទៅមុខ និងរស់នៅតទៅទៀត។ វាឈឺ តែវានឹងបាត់នៅថ្ងៃណាមួយមិនខាន។

២-នៅតែរក្សាទុកអនុស្សាវរីយ៍ចាស់ៗរវាងអ្នក និងអតីតគូស្នេហ៍
បទចម្រៀងរបស់តារាចម្រៀងល្បីឈ្មោះម្នាក់ ធ្លាប់ច្រៀងថា “បើលែងគ្នាហើយ ក៏ឱ្យវាចប់ៗទៅ”…អ្នកត្រូវតែធ្វើបែបហ្នឹង ត្រូវតែចប់ឱ្យបាន មិនមែននៅតែមកអង្គុយស្ដាប់បទចម្រៀងដែលធ្លាប់ស្ដាប់ជាមួយគ្នា ទៅភោជនីយដ្ឋានដែលធ្លាប់ទៅញ៉ាំបាយជាមួយគ្នា បើសិននៅតែប្រទាញប្រទង់អារម្មណ៍ដែលធ្លាប់មានជាមួយអតីតគូស្នេហ៍ដល់ថ្នាក់ហ្នឹង ជីវិតអ្នកនឹងមិនបានដើរទៅមុខ ទៅណារួចឡើយ។ ដូច្នេះ ត្រូវងើបឡើង ស្វែងរកកន្លែងថ្មី ស្ដាប់បទចម្រៀងពីរោះៗថ្មីៗ រួចហើយជីវិតរបស់អ្នក នឹងល្អប្រសើរឡើងយ៉ាងមិនគួរឱ្យជឿជាមិនខាន។

៣-ព្យាយាមចង់ប្រាប់ខ្លួនឯងថា យើងនៅអាចធ្វើជាមិត្តភក្តិនឹងគ្នាបាន
សូមប្រាប់ឱ្យបានច្បាស់ៗនៅត្រង់នេះតែម្ដងថា យើងមិនអាចធ្វើជាមិត្តភក្តិជាមួយអតីតគូស្នេហ៍បានទេ ព្រោះមនុស្សដែលធ្លាប់មានអារម្មណ៍លើសពីមិត្តភក្តិទៅហើយ ធ្លាប់មានសម្ព័ន្ធភាពស៊ីជម្រៅទៅហើយ វាមិនអាចត្រឡប់មកឈរនៅក្នុងចំណុច ដែលធ្វើត្រឹមតែជាមិត្តភក្តិបានឡើយ។ កុំធ្វើខ្លួនជាតួឯកកម្សត់ ឬតារាទឹកភ្នែកឱ្យសោះ ព្រោះអ្នកគ្មានផ្លូវហាមចិត្តខ្លួនឯងបានឡើយ ហើយវានឹងរឹតតែឈឺចាប់ទៅទៀត បើសិនអ្នកឃើញគេ ឬនាងកៀកកើយជាមួយគូស្នេហ៍ថ្មី ខណៈដែលគូស្នេហ៍ចាស់ដូចរូបអ្នក ត្រឹមតែជាមិត្តភក្តិ។

៤-គិតតែពីបន្ទោសថា ជាកំហុសរបស់អតីតគូស្នេហ៍
ជាវិធីដែលក្លាសស៊ិករបស់មនុស្សយើង ដែលបានលែងលះជាមួយគូស្នេហ៍ ព្រោះការបន្ទោសអតីតគូស្នេហ៍ ថាជាអ្នកដែលធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍ទៅមុខលែងរួច ហើយរូបអ្នក គឺជាអ្នករងគ្រោះនេះ គឺជាវិធីដែលមនុស្សជាច្រើនបានធ្វើ ដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ល្អឡើងវិញ តែដល់មែនទែនទៅ វាមិនបានល្អឡើងវិញទេ ព្រោះអ្នកមិនព្រមទទួលយកកំហុសឆ្គង ដែលខ្លួនឯង ក៏មានចំណែកធ្វើឱ្យសម្ព័ន្ធភាពនោះអាក្រក់ទៅដែរនោះឡើយ។

៥-លង់កប់នៅជាមួយភាពឈឺចាប់
លែងគ្នា គ្មានអ្នកណាមិនឈឺចាប់ទេ តែអ្នកដែលងើបឡើងវិញបានលឿនជាង ច្បាស់ជាដើរតទៅទៀតបានល្អ ជាងអ្នកដែលលង់កប់នៅជាមួយសម្ព័ន្ធភាពដែលចប់ទៅហើយនោះមិនខាន។ យើងដឹងថា អ្នកសោកសង្រេងចំពោះការបាត់បង់គូស្នេហ៍ទៅឱ្យអ្នកផ្សេង ឬមនុស្សដែលអ្នកស្រឡាញ់ គេឈប់ស្រឡាញ់អ្នក តែបើអ្នករវល់តែលង់កប់នៅជាមួយស្នាមរបួសក្នុងអតីតកាលនេះ ស្នាមរបួសនោះ ក៏គ្មានថ្ងៃបានទទួលការព្យាបាលដែរ ព្រោះអ្នកនៅតែស្ថិតនៅក្នុងស្នាមរបួសចាស់នោះរាល់ថ្ងៃ។ ដូច្នេះ បើមិនចង់ឱ្យខ្លួនឯង ត្រូវក្លាយជាមនុស្សមានអតីតកាលកប់ក្នុងចិត្តខ្លាំងជ្រុលពេកនោះ ចូរក្រោកឡើង ងើបចេញពីគំនរទឹកភ្នែក ជូតទឹកភ្នែក ហើយដើរទៅមុខបន្តទៀត៕

deutschland,business,office,work,mann
Upset woman crying, seeing her boyfriend with other girl in park
Dating, Sofa, outdoor, India, Arguing
×