“តើត្រូវធ្វើម៉េច ទើបកូនពូកែភាសាអង់គ្លេស?”
“តើគួរឱ្យកូនចាប់ផ្តើមរៀនភាសាអង់គ្លេសតាំងពីអាយុប៉ុន្មាន ទើបល្អ?”
“ឪពុកម្តាយមិនពូកែភាសាអង់គ្លេស តើគួរបង្រៀនកូនយ៉ាងណាស្រួលទៅ?”
សំនួរទាំងអស់នេះ គឺជាសំនួរដ៏ប្រជាប្រិយ ដែលអាណាព្យាបាលទាំងឡាយ តែងតែសួរគ្នាទៅវិញទៅមក។ យើងមានអារម្មណ៍ត្រេកអរណាស់ ដែលទាំងអស់គ្នាផ្តល់ភាពសំខាន់ជាមួយភាសាអង់គ្លេស ដូច្នេះហើយទើបពេលនេះ យើងសូមនាំយករឿងនេះមកនិយាយគ្នា…
តើចាប់ផ្តើមនៅពេលណាល្អ?
សូមណែនាំថា ចាប់ផ្តើមរឹតឆាប់ រឹតតែល្អ តែកុំនឹកសង្ឃឹមថា នឹងបានឃើញលទ្ធផលឆាប់ៗ ភ្លាមៗអី ព្រោះកូនតូចកំពុងស្ថិតក្នុងអំឡុងពេលហាត់និយាយ។ ដូច្នេះការរំពឹងទុកថា កូននឹងនិយាយភាសាទី២ បានភ្លាមៗក្នុងពេលកំពុងរៀននោះ ប្រហែលជាមិនអាចទៅរួចឡើយ តែដែលចង់ឱ្យឆាប់ចាប់ផ្តើមនោះ គឺដោយសារតែយើងចង់ឃើញលទ្ធផល ក្នុងរយៈពេលវែង នៅថ្ងៃខាងមុខហ្នឹងឯង។
ចុះបើឪពុកម្តាយមិនពូកែភាសាអង់គ្លេស?
ចម្លើយគឺ ឪពុកម្តាយត្រូវតែហាត់និយាយ ហើយកូនតូចក្នុងវ័យ ១-៣ឆ្នាំ លោកឪពុកអ្នកម្តាយមិនទាន់ចាំបាច់បង្រៀនពីវេយ្យាករណ៍ ដែលលំបាកស្មុគស្មាញនោះទេ និងត្រូវដឹងថា តើចង់បង្ហាត់ពាក្យណាមួយដល់កូន និងត្រូវនិយាយគ្នាពីអ្វីខ្លះ ដូច្នេះឪពុកម្តាយគួរតែហាត់និយាយពាក្យនោះឱ្យបានច្រើន អានឱ្យច្រើន ទើបវាក្លាយជារឿងងាយ និងរឿងសំខាន់ដែលចង់បញ្ជាក់នោះគឺ ក្មេងៗក្នុងវ័យនេះ ការរៀនយល់ដឹងនឹងកើតមានឡើង នៅពេលដែលគេមានអារម្មណ៍ថាមានសុវត្ថិភាព មានសេចក្តីសុខ និងសប្បាយ ដូច្នេះបើគ្មានទាំងរឿង ៣យ៉ាងនេះទេ បង្រៀនទៅ ក៏មិនបានប្រយោជន៍អីដែរ។
គន្លឹះសប្បាយៗជាមួយភាសាអង់គ្លេស
ការពិតទៅមានវិធីផ្សេងៗជាច្រើន ដែលលោកឪពុកអ្នកម្តាយអាចបង្រៀនកូនបាន តែយើងសូមលើកយកឧទាហរណ៍ងាយៗខ្លះ មកជម្រាបជូនដូចតទៅ…
ជ្រើសរើសពេលវេលា ឬទីកន្លែង៖ ក្មេងៗត្រូវតែមានអារម្មណ៍ថាមានសុវត្ថិភាព ដូច្នេះនៅពេលជ្រើសរើសពេលវេលា ឬទីកន្លែងមកធ្វើជា English Time ឬ English Zone បានហើយ ចូរធ្វើបែបនោះជាប្រចាំ រហូតទាល់តែស៊ាំធ្លាប់ ដូចជាគ្រប់ពេលដែលងូតទឹកឱ្យកូន ចូរនាំគ្នានិយាយភាសាអង់គ្លេស រៀនពាក្យផ្សេងៗជាមួយរបស់លេងដែលលេងក្នុងអាងងូតទឹក នាំគ្នាអានសៀវភៅបណ្តែតទឹកភាសាអង់គ្លេសជាដើម ឬក៏រៀងរាល់ថ្ងៃ ពេលរសៀលម៉ោង ៣-៤ល្ងាច យើងនឹងនាំគ្នានិយាយភាសាអង់គ្លេស ឬចំពោះតែថ្ងៃណាមួយក៏បានដែរ ស្រេចតែពេលវេលាអំណោយផល ព្រោះអ្នកម្តាយត្រូវតែរីករាយ មិនតានតឹងធុញថប់ពេលបង្រៀនកូន និងជ្រើសរើសធ្វើតាមការចូលចិត្តរបស់កូនជាគោល។
ច្រៀង រាំ ក៏ជួយបានដែរ៖ ការរៀនភាសាអង់គ្លេសតាមរយៈការច្រៀង មានប្រយោជន៍ខ្លាំងណាស់ ព្រោះធ្វើឱ្យសប្បាយ និងថែមទាំងជួយក្នុងការបញ្ចេញសំនៀងបានត្រឹមត្រូវល្អទៀតផង តែត្រូវធ្វើតាមរយៈការស្តាប់ចម្រៀងណា៎ មិនមែនមើលទូរទស្សន៍ ឬលេងធេប្ល៊ែតទេ ព្រោះកូនតូចអាចនឹងចាប់អារម្មណ៍តែលើរូបភាព រហូតដល់ភ្លេចស្តាប់ ក៏អាចថាបានដែរ។
អាន អាន និងអាន៖ អានសៀវភៅឱ្យកូនស្តាប់ក្នុងការរៀនភាសាកំណើត ល្អយ៉ាងណា ការរៀនភាសាទី២ ក៏ដូចគ្នាដែរ។ អានឱ្យកូនស្ដាប់រាល់ថ្ងៃ ពេលណាក៏បានដែរ និងដូចដែលបានប្រាប់រួចហើយថា គឺត្រូវមានសេចក្តីសុខ និងសប្បាយជាមួយគ្នា។
រៀនតាមរយៈការលេង គឺល្អបំផុត៖ សំណួរបន្តមកទៀត ដែលច្រើនតែត្រូវបានសួរនោះគឺ “តើលេងអីបានខ្លះ?” សូមឆ្លើយថា លេងបានគ្រប់យ៉ាង ឧទាហរណ៍ដូចជា…
-លេង ABC៖ ធ្វើរូបតួអក្សរ ABC ធំៗ ដាក់តម្រៀបគ្នានៅលើឥដ្ឋ ហើយបើកចម្រៀង ឬច្រៀងបទ ABC រួចនាំគ្នាលោតទៅជាន់តាមតួអក្សរក្នុងបទចម្រៀង។ វិធីនេះនឹងធ្វើឱ្យកូនតូចសប្បាយ និងឆាប់ចងចាំបានល្អទៀតផង។
-លេង Snack Time៖ សូម្បីតែពេលញ៉ាំនំ ដូចជានំ Biscuit ផ្សេងៗ ក៏អាចបង្រៀនភាសាអង់គ្លេសដល់កូនតូចបានដែរ ដូចជាឱ្យកូនតម្រៀបនំបន្តគ្នា ហើយរាប់ ១ដល់១០ ជាភាសាអង់គ្លេស ឬដាក់តាមចំនួនដែលអ្នកម្តាយប្រាប់ បើដាក់ត្រូវ និងរាប់ត្រូវ នឹងបានញ៉ាំនំ។ វិធីនេះនឹងធ្វើឱ្យកូនសប្បាយរីករាយសប្បាយ និងថែមទាំងបានឆ្ងាញ់មាត់ទៀតផង។
សាកល្បងនាំគ្នាយកវិធីទាំងអស់នេះ ទៅកែសម្រួលបង្ហាត់បង្រៀនកូនតូច តាមការនិយមចូលចិត្តរបស់គ្រួសារនីមួយៗលមើល តែអ្វីដែលសំខាន់នោះ គឺត្រូវធ្វើឱ្យកូនតូចមានអារម្មណ៍ថា មានសុវត្ថិភាព សប្បាយ និងមានសេចក្តីសុខ ហាមធុញថប់តានតឹង ឬស្តីបន្ទោសកូន ព្រោះនឹងធ្វើឱ្យកូនតូចមានអារម្មណ៍ភ័យខ្លាច រហូតដល់ភ្លេចអស់ និងលែងចង់រៀនតែម្តង ក៏អាចថាបានដែរ៕