Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ តើយុវវ័យសម័យថ្មី ដឹងទេថា មុនសម្រេចចិត្តរៀបការ អ្នកគួរដឹងពីរឿងអ្វីខ្លះ?

សម្រាប់ការរៀបការ ឬការរួមរស់នៅជាមួយគ្នារវាងមនុស្ស ២នាក់ ដែលនឹងធ្វើដំណើរទៅមុខជាមួយគ្នា ក្រោយពីបានសេពគប់មើលចិត្តថ្លើមគ្នាអស់មួយរយៈហើយនោះ អាចហៅបានថា មិនមែនជារឿងងាយ ដូចដែលមនុស្សជាច្រើនគិតនោះទេ តែវាដូចពាក្យដែលគេនិយាយថា “ការរៀបការមិនមែនជាចំណុចបញ្ចប់របស់ជីវិតនោះទេ តែវាជាចំណុចចាប់ផ្តើមរបស់ជីវិត” ព្រោះអំឡុងជីវិតក្រោយការរៀបការនោះ គឺជារឿងពិតដែលយើងត្រូវប្រឈម។ ថ្ងៃនេះយើងនាំគ្នាមកដឹង ពីភាពត្រៀមខ្លួនរួចជាស្រេចមុនពេលរៀបការ ដើម្បីទុកជាគន្លងផ្លូវ ដែលយុវវ័យកំលោះក្រមុំយើង គួរដឹង និងត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការជួបប្រទះ និងប្រឈមមុខជាមួយភាពប្រែប្រួលទាំងអស់នោះ។

១-តើទស្សនៈ និងផ្នត់គំនិតយើងទាំង២ ត្រូវគ្នាឬទេ?
សិក្សាពីសេចក្តីនឹករំពឹងរបស់ខ្លួនឯង និងគូស្នេហ៍ថា តើមានផ្នត់គំនិតទៅក្នុងទិសដៅដូចគ្នាដែរឬទេ? និងតើម្នាក់ៗទទួលស្គាល់ភាពមិនត្រូវគ្នានោះ បានច្រើន-តិចប៉ុនណា? ដោយសារតែរឿងនេះអាចរាប់បានថា ជារឿងមួយសំខាន់ខ្លាំងណាស់ ដែលយើងចាំបាច់ត្រូវប្រឹក្សាគ្នាជាមួយគូស្នេហ៍របស់យើងថា តើមានគំនិតដូច ឬខុសគ្នាច្រើន-តិចប៉ុនណា? ព្រោះថា បើសិនខុសគ្នាច្រើន និងទទួលយកមិនបាននោះ វាច្រើនតែកើតមានបញ្ហាក្រោយពេលរៀបការជានិច្ច។

២-តើយើងទាំង២ ព្រមទទួលយកការផ្លាស់ប្តូរច្រើន-តិចប៉ុនណា?
ត្រូវរឭកដឹងថា តើអ្នកត្រៀមជាស្រេច ក្នុងការប្រឈមជាមួយការផ្លាស់ប្តូរបានច្រើន ឬតិចប៉ុនណា? មិនថាតែការផ្លាស់ប្តូរទីលំនៅ ឬអាចត្រូវប្តូរកន្លែងធ្វើការ និងស្ថានភាពជីវិត រួមទាំង បើសិនមានកូន តើនឹងត្រូវរស់នៅបែបណា? ទៀតផង។

៣-តើទទួលយក និងយល់ពីសម្ព័ន្ធភាពរវាងខ្លួនឯងជាមួយក្រុមគ្រួសាររបស់គូស្នេហ៍បានឬទេ?
ត្រូវនឹកដល់សម្ព័ន្ធភាពរវាងខ្លួនឯងនឹងក្រុមគ្រួសារគូស្នេហ៍ ព្រោះថា បើសិនជា ក្រុមគ្រួសារគេមិនចូលចិត្តយើង វាអាចនឹងក្លាយជាសង្រ្គាមក្តៅគគុក ឬកើតសភាវបង្ខំចិត្តឡើងបាន ដែលទាំងអស់នោះ អ្នកត្រូវស្គាល់ពីវិធីការសម្រុះសម្រួល និងទប់ទល់យ៉ាងមានសតិបញ្ញា ចេះគ្រប់គ្រងអារម្មណ៍ខឹងសម្បាឱ្យបានល្អ ព្រោះមិនដូច្នោះទេ អាចនឹងកើតការឈ្លោះតតាំង និងសាងក្តីលំបាកចិត្ត ដល់គូស្នេហ៍របស់អ្នកជាមិនខាន។

៤-ស្គាល់ និងយល់ពីអារម្មណ៍គូស្នេហ៍យ៉ាងស៊ីជម្រៅ ច្បាស់ហើយឬនៅ?
ត្រូវស្គាល់ពីអារម្មណ៍របស់គូស្នេហ៍ឱ្យបានច្បាស់ មុននឹងសម្រេចចិត្តរៀបការ ព្រោះបើឈ្លោះគ្នា ហើយដល់ថ្នាក់ប្រើកម្លាំងបាយវាយតប់ផងនោះ អ្នកគួរតែត្រឡប់មករិះគិតឡើងវិញឱ្យបានច្បាស់ម្ដងទៀតសិន មុននឹងសម្រេចចិត្តយល់ព្រម ឬយ៉ាងណា។
៥-រៀបផែនការទប់ទល់ជាមួយបញ្ហាហិរញ្ញវត្ថុ ដែលអាចនឹងកើតឡើង ក្រោយការរៀបការច្បាស់លាស់ហើយឬនៅ?
ពិនិត្យមើលស្ថានភាពខាងហិរញ្ញវត្ថុរបស់គូស្នេហ៍ ព្រោះរឿងនេះ ក៏អាចរាប់បានថាជាបច្ច័យមួយដែលត្រូវតែគិតដល់យ៉ាងខ្លាំងដែរ ព្រោះពាក្យថា សុខចិត្តហូបអំបិលប្រហុកជាមួយគ្នាក៏បានដែរនោះ វាប្រើលែងបានហើយក្នុងសង្គមបច្ចុប្បន្ននេះ។ ក្រោយរៀបការ បើសិនកើតមានបញ្ហាផ្នែកហិរញ្ញវត្ថុនៅពេលណាមួយហើយនោះ បញ្ហាផ្សេងៗក៏នឹងតាមមកជាច្រើនទៀតមិនខាន។ ដូច្នេះទើបត្រូវមានការពិភាក្សាគ្នា ឬរៀបផែនការផ្នែកហិរញ្ញវត្ថុនេះ ឱ្យបានច្បាស់លាស់ជាមុនសិន។

ដូច្នេះ យើងសង្កេតឃើញថា រឿងរបស់ការរៀបការនេះ គឺជារឿងសំខាន់ ដែលកំលោះក្រមុំយើងម្នាក់ៗ ចាំបាច់ត្រូវតែគិត និងសម្រេចចិត្តឱ្យបានច្បាស់ជាមុនសិន មុននឹងយល់ព្រម ព្រោះថា ជីវិតគូមិនមែនប្រើប្រាស់ត្រឹមតែសេចក្តីស្រឡាញ់រវាងគូស្នេហ៍តែម្យ៉ាងប៉ុណ្ណោះទេ តែនៅត្រូវនឹកដល់បច្ច័យជុំវិញខ្លួនផ្សេងៗទៀតជាច្រើន ដែលបើសិនជាមិនបានរិះគិតឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តទេនោះ អាពាហ៍ពិពាហ៍អាចនឹងត្រូវបញ្ចប់ដោយការលែងលះ ឬខូចចិត្តសោកស្តាយនៅពេលក្រោយជាមិនខាន តែបើសិនជាទទួលស្គាល់ពីភាពផ្លាស់ប្តូរ ដែលនឹងកើតឡើងនៅពេលក្រោយបាននោះ អ្នកទាំង២ ច្បាស់ជាអាចរួមរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីទុក្ខតិចៗ តែមានសេចក្តីសុខច្រើនៗ និងយូរអង្វែងបានមិនខាន៕

Warm toned portrait of modern young couple talking to each other sincerely while sitting on floor in cozy home interior, copy space
Furious couple fighting while having problems in their relationship.
Young woman under pressure
Teenage boy consoling his depressive girlfriend
I’m not happy at all
×